ព័ត៌មានទាន់ហេតុការណ៍៖

ព្រឹកនេះ! កងកម្លាំងប្រដាប់អាវុធថ្នាក់ជាតិប្រមាណ៥០០នាក់ដែលចំណាយថវិកា២០០លានរៀលនិងប្រេង២០.០០០លីត្រ ដើម្បីបង្រ្កាបបទល្មើសធនធានធម្មជាតិ

ចែករំលែក៖

    ខេត្តពោធិ៍សាត់ ៖ កងកម្លាំងប្រដាប់ដោយអាវុធមានកងរាជអាវុធហត្ថលើផ្ទៃប្រទេស កងកម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ និងមានការចូលរួមពីសំណាក់កងកម្លាំងប្រដាប់អាវុធមូលដ្ឋានជាច្រើននាក់ទៀតបានចុះស្រាវជ្រាវ ទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិដែលគ្របដណ្ដប់ដោយតំបន់ការពារធម្មជាតិចំនួន០៣ គឺ ឧឡានជាតិជួរភ្នំក្រវាញ ដែនជម្រកសត្វព្រៃភ្នំសំកុស និងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ក្រោមការឧបត្ថម្ភថវិកា និងប្រេងពីនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោករដ្ឋមន្ត្រីក្រសួងបរិស្ថាន បណ្ឌិត អ៊ាង សុផល្លែត។

    ប្រតិបត្តិការរបស់កងកម្លាំងប្រដាប់អាវុធពិសេសៗខាងលើនេះ នាព្រឹកថ្ងៃពុធ ៤កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ បានចុះដល់គោលដៅរៀងៗខ្លួនហើយសម្រាប់ឃុំទាំង០៥ នៃស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

    មន្ត្រីសាលាខេត្តពោធិ៍សាត់បានបញ្ជាក់ថា កងកម្លាំងថ្នាក់ជាតិចុះមកនេះ រួមមាន កងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសចំនួន២៥០នាក់ និងកងកម្លាំងអគ្គស្នងការនគរបាលជាតិចំនួន២៥០នាក់ ថ្នាក់ដឹកនាំខេត្តរួមទាំងមន្រ្តីមន្ទីរជំនាញពាក់ព័ន្ធ បានទទួលស្វាគមន៍យ៉ាងយកចិត្តបំផុត ក្នុងនោះក៏មានការចូលរួមសហការពីកងកម្លាំងកងរាជអាវុធហត្ថខេត្ត និងកងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់រាប់រយនាក់ទៀតផងដែរ ដើម្បីចុះសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន(ស្រុកវាលវែង)។ ក្នុងកិច្ចប្រតិបត្តិការនេះ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក បណ្ឌិត អ៊ាង សុផល្លែត ឧបត្ថម្ភថវិកាចំនួន១០០លានរៀល និងប្រេងចំនួន១០.០០០លីត្រ ចំណែកនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឧបត្ថម្ភថវិកាចំនួន១០០លានរៀល និងប្រេងចំនួន១០.០០០លីត្របន្ថែមទៀត ដូច្នេះសរុប ថវិកាចំនួន(២០០លានរៀល ប្រេងចំនួន២០.០០០លីត្រ)។

    ប្រភពព័ត៌មានពីមន្រ្តីសាលាខេត្តឲ្យដឹងទៀតថា កន្លងមកសមត្ថកិច្ចយើងធ្វើការទប់ស្កាត់និងបង្រ្កាបការរុករានទន្រ្ទានឈូសឆាយដីព្រៃនេះជាប្រចាំផងដែរ ដោយបញ្ជូនសំណុំរឿងទៅសាលាដំបូងខេត្តពោធិ៍សាត់ចំនួន៣៣៦ករណី ហើយមនុស្សចំនួន១២៣នាក់បានបញ្ជូនទៅដាក់ពន្ធនាគារខេត្តពោធិ៍សាត់ ។ ប៉ុន្តែដោយសារការរុករានទន្រ្ទានដីព្រៃឈើមានការកើនឡើងខ្លាំងហួសពីសមត្ថភាពថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ ទើបបានស្នើសុំការជួយអន្តរាគមន៍ពីថ្នាក់ជាតិទាំងកម្លាំង និងសម្ភារៈ។ លុះនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ លោក បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងជាប្រធានគណៈកម្មការជាតិ ដើម្បីបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ  រួមនឹងក្រុមការងារបានចុះមកបើកកិច្ចប្រជុំពិភាក្សាការងារនៅខេត្តពោធិ៍សាត់ ទើបសម្រេចបញ្ជូនកងកម្លាំងមកបែបនេះ ។

   មន្ទីរបរិស្ថានរាយការណ៍ថា ក្នុងខេត្តពោធិ៍សាត់គ្របដណ្ដប់ដោយតំបន់ការពារធម្មជាតិចំនួន៣ គឺឧឡានជាតិជួរភ្នំក្រវាញ ដែនជម្រកសត្វព្រៃភ្នំសំកុស និងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ហើយមានគម្រោងរេដបូកចំនួន២ គឺ គម្រោងរេដបូកសំកុស និងគម្រោងរេដបូកក្រវាញកណ្តាល ឃុំទាំង០៥នៃស្រុកវាលវែង រយៈពេល៥ឆ្នាំ គឺ ចាប់ពីឆ្នាំ២០១៩ ដល់បច្ចុប្បន្ន ឆ្នាំ២០២៤ ការកាប់រុករាន ទន្រ្ទាន និងឈូសឆាយដីព្រៃដល់ទៅចំនួន១២៣៨៣ហិកតា ។ ក្នុងឱកាសនោះ មន្ត្រីក្រសួងបរិស្ថាន រំលឹកថា កន្លងមកបានដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់បំផុត បញ្ហាបទល្មើសធនធានធម្មជាតិ ត្រូវអនុវត្តច្បាប់ឲ្យបាន១០០% មិនមានការលើកលែងជាដាច់ខាត និងបញ្ចប់នូវវប្បធម៌ធ្វើកិច្ចសន្យា រួចដោះលែង ត្រូវតែពង្រឹងកិច្ចសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាល រាជធានី ខេត្ត ដែលជាម្ចាស់មូលដ្ឋាន(អាជ្ញាធរ)ជំរុញការដាំស្ដារព្រៃឈើឡើងវិញ ឲ្យបានច្រើនជាងការកាប់ បង្កើនគម្របព្រៃឈើឲ្យបាន៦០% ត្រឹមឆ្នាំ២០៥០ ៕

ដោយ៖ ប៉ឹម ពិន


ចែករំលែក៖