ភ្នំពេញ ៖ ថ្នាក់ដឹកនាំប្រកបដោយគុណធម៌ ! ថវិកាចំនួន ២៥,០០០ដុល្លារ ត្រូវបាន ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ចែងប្រគល់ជូនដល់ ឧត្តមសេនីយ៍ត្រី គង់ គីនី ដែលសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យជាបន្តបន្ទាប់!
សូមបញ្ជាក់ថា ៖ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ឲ្យក្រុមការងារ នាំយកថវិកាដែលបានមកពីការចូលរួមរបស់ លោក យឹម លក្ខណ៍ និងភរិយា ចំនួន ៥,០០០ដុល្លារ បន្ថែមទៀត យកទៅប្រគល់ជូន លោកឧត្តមសេនីយ៍ត្រី គង់ គីនី មេបញ្ជាការរង នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលបានធ្លាក់ខ្លួនឈឺធ្ងន់ ត្រូវការព្យាបាលរយៈពេលយូរ និងត្រូវការថវិកាជាចាំបាច់។
នេះជាលើកទី៤ហើយ ដែលលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ព្រមទាំង នាយ-នាយរង នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានយកចិត្តទុកដាក់ចុះសួរសុខទុក្ខ និងបាននាំយកថវិកាដែលបានមកពីការចូលរួមរបស់ នាយ-នាយរង នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញក្នុងស្មារតីសាមគ្គីភាព ប្រគល់ជូនលោកឧត្តមសេនីយ៍ត្រី គង់ គីនី ជាបន្តបន្ទាប់ ដើម្បីជួយសម្រាលបន្ទុកក្នុងការព្យាបាល ៕
ដោយ ៖ សិលា