ព័ត៌មានទាន់ហេតុការណ៍៖

តំណាងអយ្យការចោទប្រកាន់ជនសង្ស័យឈ្មោះ ឡេង ចាន់ណា និងបក្ខពួក ៣ បទល្មើស ១- ឆបោកមានស្ថានទម្ងន់ទោស (ប្រព្រឹត្តដោយក្រុមមានការចាត់តាំង) ២-មិនបំពេញកាតព្វកិច្ចឧបករណ៍ដែលអាចជួញដូរបាន និង ៣-សម្អាតប្រាក់

ចែករំលែក៖

ខេត្តសៀមរាប ៖ តំណាងអយ្យការ អមសាលាដំបូងខេត្តសៀមរាប  បានធ្វើការចោទប្រកាន់ជាផ្លូវការ លើជនសង្ស័យឈ្មោះ ឡេង ចាន់ណា និងបក្ខពួក ចំនួន ៣ បទល្មើស ។ នេះបើយោងសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តសៀមរាប នៅល្ងាចថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ។ 

សូមបញ្ជាក់ថា ៖ ជនសង្ស័យឈ្មោះ​ ឡេង ចាន់ណា និងបក្ខពួកត្រូវបានសាលាដំបូងខេត្តសៀមរាបចោទប្រកាន់ចំនួន ៣ ករណី៖ ១-ឆបោកមានស្ថានទម្ងន់ទោស (ប្រព្រឹត្តដោយក្រុមមានការចាត់តាំង) ២-មិនបំពេញកាតព្វកិច្ចឧបករណ៍ដែលអាចជួញដូរបាន និង ៣-សម្អាតប្រាក់។ ចំណាត់ការផ្លូវច្បាប់នេះ បង្ហាញថា អ្នកណាប្រព្រឹត្តខុស គឺ ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់!

អ្នកនាំពាក្យអយ្យការអមដំបូងខេត្តសៀមរាប

ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ការចោទប្រកាន់ជនសង្ស័យឈ្មោះ ឡេង ចាន់ណា និងបក្ខពួក ។ 

អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តសៀមរាប មានកិត្តិយសសូមជម្រាបជូនបណ្តាញសារ ព័ត៌មាន និងសាធារណជនឱ្យបានជ្រាបថា៖ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ សមត្ថកិច្ចនៃស្នងការដ្ឋាន នគរបាលខេត្តសៀមរាប បានឃាត់ខ្លួនឈ្មោះ ឡេង ចាន់ណា អគ្គនាយិកាក្រុមហ៊ុន ទ្រីលានស៊ីធី វើលដ៍ ឯ.ក និងបក្ខពួក តាមដីកាបញ្ជាឱ្យចូលខ្លួនរបស់អយ្យការអមសាលាដំបូងខេត្តសៀមរាប ក្នុង សំណុំរឿងព្រហ្មទណ្ឌលេខ ១២៣៦ ចុះថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ និងសំណុំរឿងព្រហ្មទណ្ឌលេខ ២៣១ ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ របស់អយ្យការអមសាលាដំបូងខេត្តសៀមរាប ។

បន្ទាប់ពីបានធ្វើការស្តាប់ចម្លើយ ពិនិត្យភស្តុតាង និងឯកសារពាក់ព័ន្ធនានានៅក្នុងសំណុំរឿង តំណាងអយ្យការ បានសម្រេចធ្វើការចោទប្រកាន់ទៅលើជនសង្ស័យ រួមមាន ៖

១.ឈ្មោះ ឡេង ចាន់ណា ភេទស្រី អាយុ៣៦ឆ្នាំ ជាអគ្គនាយិកា

២.ឈ្មោះ ចាន់ ឃីន ភេទប្រុស អាយុ៣០ឆ្នាំ ជាអគ្គនាយករង

៣.ឈ្មោះ ជុន សាមាន ភេទប្រុស អាយុ៣១ឆ្នាំ ជាអគ្គនាយករង

៤. បក្ខពួក

ពីបទ៖ ១.ឆបោកមានស្ថានទម្ងន់ទោស (ប្រព្រឹត្តដោយក្រុមមានការចាត់តាំង) តាមបញ្ញត្តិមាត្រា ៣៧៧ និងមាត្រា ៣៨០ នៃក្រមព្រហ្មទណ្ឌ។

២. មិនបំពេញកាតព្វកិច្ច ឧបករណ៍ដែលអាចជួញដូរបាន (ចេញមូលប្បទានប័ត្រគ្មានសាច់ប្រាក់)តាមបញ្ញត្តិមាត្រា ២៣១ នៃច្បាប់ស្តីពី ឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់ ។

៣.សម្អាតប្រាក់ តាមបញ្ញត្តិមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិញ្ញប្បទាន ភេរវកម្ម។

តំណាងអយ្យការ បានបញ្ជូនសំណុំរឿងទៅចៅក្រមស៊ើបសួរ ដើម្បីចាត់ការបន្តតាមនីតិវិធី។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបណ្តាញសារព័ត៌មាន និងសាធារណជនទាំងអស់មេត្តាជ្រាប ជាព័ត៌មាន ៕

ដោយ ៖ សិលា


ចែករំលែក៖