ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជេីញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុង ពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហពន្ធ័យុវជនកម្ពុជា

ចែករំលែក៖

ភ្នំពេញ​៖​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា​ នៅព្រឹកថ្ងៃព្រហស្បន៍ ៥កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៤​ ខែមីនា ឆ្នាំ២០២៤​ បានអញ្ជេីញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុង ពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហពន្ធ័យុវជនកម្ពុជា​ នៅសណ្ឋាគារ​សុខាភ្នំពេញ​ រាជធានីភ្នំពេញ​។ 

សហភាពសហព័ន្ធយុវជនកម្ពុជា គឺជាអង្គការយុវជន បម្រើកិច្ចការមហាជនធំជាងគេនៅកម្ពុជា ដែលបានរួមចំណែកបំពេញបេសកកម្ម និងភារកិច្ចរបស់ខ្លួនលើកិច្ចការសង្គម មនុស្សធម៌ និងដើម្បីបុព្វហេតុជាតិ មាតុភូមិ តាមរយៈការងារស្ម័គ្រចិត្ត ដោយមិនប្រកាន់និន្នាការនយោបាយ វណ្ណៈ សាសនា នោះឡើយ ។

សហភាពសហព័ន្ធយុវជនកម្ពុជា ហៅកាត់ថា “ស.ស.យ.ក.” បានរៀបចំកិច្ចប្រជុំគណៈកម្មាធិការកណ្តាលរបស់ខ្លួន ដោយឈរលើលក្ខន្តិកៈនិងបទបញ្ជាផ្ទៃក្នុង ពិសេសធ្វើការបូកសរុបលទ្ធផលការងារសម្រេចបាន និងដាក់ទិសដៅអនុវត្តភារកិច្ចបន្ត ដើម្បីចូលរួមកាន់តែសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយដល់ជាតិ និងប្រជាជនកម្ពុជា ។

ជាមួយគ្នានោះ កិច្ចប្រជុំក៏បានធ្វើការបោះឆ្នោតជ្រើសរើស សមាជិក គណៈកម្មាធិការកណ្តាលថ្មីចំនួន ១១៣ រូប (សរុបសមាជិកគណៈកម្មាធិការកណ្តាលចំនួន ៤៨៧រូប) បោះឆ្នោតបំពេញបន្ថែមសមាជិកគណៈអចិន្ត្រៃយ៍ចំនួន ៥ (សរុបសមាជិកគណៈអចិន្ត្រៃយ៍ចំនួន ៥២រូប) និងបោះឆ្នោតជ្រើសរើសអនុប្រធានចំនួន ១រូប (សរុបអនុប្រធានចំនួន ៨រូប) ។ 

គួរជម្រាបជូនថា​ ស.ស.យ.ក ដែលជាគណៈចលនាមហាជនដ៏ធំមួយនៅកម្ពុជា បានបើកកិច្ចប្រជុំគណៈកម្មាធិការកណ្តាល របស់ ខ្លួនកាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពរបស់លោក ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក.។ តាមរយៈកិច្ចប្រជុំនេះ អង្គប្រជុំបានធ្វើរបាយការណ៍សង្ខេបនៃសកម្មភាព ស.ស.យ.ក. ដែលសម្រេច បាននាពេលកន្លងមក និងមានបទអន្តរាគមន៍យ៉ាងផុសផុលពីសំណាក់សមាជិក សមាជិកានៃអង្គប្រជុំ រួម ទាំងភាពជោគជ័យនៃដំណើរការបោះឆ្នោតជ្រើសតាំងសមាសភាពបំពេញបន្ថែមសមាជិកសមាជិកគណៈកម្មាធិការកណ្តាល គណៈអចិន្ត្រៃយ៍ និងអនុប្រធាន ស.ស.យ.ក. ផងដែរ។

ក្នុងកិច្ចប្រជុំនោះ លោក ហ៊ុន ម៉ានី បានផ្ដាំផ្ញើដល់លោក លោកស្រី ដែលត្រូវបានតែងតាំងថ្មី ក៏ដូចជាថ្នាក់ ដឹកនាំ ស.ស.យ.ក. គ្រប់ជាន់ថ្នាក់ឱ្យយកចិត្តទុកដាក់អនុវត្តការងារស្របតាមបេសកកម្មរបស់ ស.ស.យ.ក. និងស្របតាមការវិវត្តថ្មីៗ ដើម្បីបម្រើជាឧត្តមប្រយោជន៍ដល់សង្គម។

គួរបញ្ជាក់ថា ក្នុងកិច្ចប្រជុំនេះដែរ​ លោក កើត រិទ្ធ សមា ជិក គណៈអចិន្ត្រៃយ៍ ស.ស.យ.ក. ត្រូវបានគណៈកម្មាធិការ កណ្តាល ស.ស.យ.ក. បោះឆ្នោតជ្រើសតាំងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាផងដែរ៕

ដោយ​៖ តារា​


ចែករំលែក៖