ភ្នំពេញ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យលោកវរសេនីយ៍ឯក Eddie Maskell-Pedersen នាយការិយាល័យសេនានុព័ន្ធចក្រភពអង់គ្លេសប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅប្រទេសសឹង្ហបុរី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅអគ្គបញ្ជាការដ្ឋាន។
នៅក្នុងឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន បានសម្ដែងនូវសេចក្តីរីករាយ និងស្វាគមន៍ដល់ លោកវរសេនីយ៍ឯក Eddie Maskell-Pedersen ដោយចាត់ទុកជំនួបនៅពេលនេះ ថា នឹងបង្កើនទំនាក់ទំនងល្អថែមទៀត រវាងព្រះរាជាណាចក្រកម្ពុជា និងចក្រភពអង់គ្លេស ដែលកំពុងមានការរីកចម្រើនលើវិស័យជាច្រើន។
ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានថ្លែងអំណរគុណដល់ចក្រភពអង់គ្លេសដែលបានផ្តល់ជំនួយដ៏មានសារៈប្រយោជន៍ដល់កម្ពុជា រួមមាន៖ ការផ្តល់ថវិកាថែរក្សាធនធានធម្មជាតិ ការផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ ការបោសសម្អាតមីន ការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា និងការរួមចំណែកប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជាដើម។
ឯកឧត្តម អគ្គមេបញ្ជាការ បានសំណូមពរដល់ភាគីអង់គ្លេស បន្តជួយបណ្ដុះបណ្ដាលធនធានមនុស្សក្នុងកងយោធពលខេមរភូមិន្ទ សំខាន់គឺការចូលរៀននៅសាលារាជបណ្ឌិត្យសភាយោធាអង់គ្លេស ព្រមទាំងការផ្លាស់ប្ដូរទស្សនកិច្ចទៅវិញទៅមកគ្រប់ប្រភេទទ័ព និងលទ្ធភាពក្នុងការជួយឧបត្ថម្ភជាសម្ភារៈ មធ្យោបាយផ្សេងៗ។
ជាកិច្ចឆ្លើយតប លោកវរសេនីយ៍ឯក Eddie Maskell-Pedersen បានសម្ដែងនូវសេចក្តីសោមនស្សរីករាយដែលបានមកបំពេញការងារនៅកម្ពុជាសារជាថ្មី និងថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍ដ៏កក់ក្តីពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ។
លោកវរសេនីយ៍ឯក បញ្ជាក់ថា ពីមួយឆ្នាំទៅមួយឆ្នាំការផ្ដល់ជំនួយគាំទ្រគ្នាមានការកើនឡើងគួរឲ្យកត់សម្គាល់ ហើយអង់គ្លេសពិតជាមានសេចក្តីសោមនស្សរីករាយក្នុងការជួយកម្ពុជាលើបញ្ហាប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩កន្លងមក និងជាប្រវត្តិសាស្ត្រថ្មីដែលរយៈពេល ៦៥ឆ្នាំ នាវាអង់គ្លេសបានចូលចតនៅកំពង់ផែខេត្តព្រះសីហនុ។
លោកវរសេនីយ៍ឯក បន្តថា អង់គ្លេសរីករាយនឹងបន្តផ្ដល់ជំនួយដល់កម្ពុជា ពាក់ព័ន្ធអំពីការដោះមីននៅតាមតែបន្ទាត់ព្រំដែន ដើម្បីធ្វើយ៉ាងណាឲ្យជំនួយនេះស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងចក្ខុវិស័យកម្ពុជាអស់មីនឆ្នាំ២០២៥។
លោកវរសេនីយ៍ឯក បានសម្ដែងនូវសេចក្តីសោមនស្សរីករាយផងដែរចំពោះការទទួលស្វាគមន៍ឯកឧត្តមនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ នៅទីក្រុងឡុងដ៏ ជាពិសេសការទទួលនៅសាលារាជបណ្ឌិត្យសភាយោធា Sandhurst ហើយនេះគឺជាការចាប់ផ្ដើមដ៏ល្អ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។
ទាក់ទងដល់ការស្នើសុំជួយបណ្ដុះបណ្ដាលធនធានមនុស្សក្នុងកងយោធពលខេមរភូមិន្ទ លោកវរសេនីយ៍ឯក Eddie Maskell-Pedersen បានបញ្ជាក់ថា បច្ចុប្បន្នខាងភាគីអង់គ្លេសកំពុងពិនិត្យលើសំណើនេះ ហើយសន្យាថានឹងខិតខំធ្វើយ៉ាងណាឲ្យកម្ពុជាស្ថិតក្នុងចំណោមអាទិភាព៕
ដោយ ៖ សិលា