ភ្នំពេញ ៖ នាព្រឹកថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង៩:០០នាទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Morecome Mumba ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋសំប៊ី ចូលជូនសារតាំង និងសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា។ នេះបើយោងតាមប្រភព៖ ពីនាយកដ្ឋានព័ត៌មាន ។
ក្នុងឱកាសនោះ លោក Morecome Mumba បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អនុញ្ញាតឱ្យឯកឧត្តមចូលជូនសារតាំង និងសម្តែងការគួរសមនាពេលនេះ។ ឯកឧត្ដមបានប្តេជ្ញាថា ឯកឧត្តមនឹងបន្តខិតខំពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរ ឱ្យកាន់តែល្អប្រសើរឡើងថែមទៀត ជាពិសេសខិតខំជំរុញឱ្យមានការវិនិយោគ និងលើកកម្ពស់ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរទៅលើវិស័យរ៉ែ និងវិស័យកសិកម្មឱ្យកាន់តែកើនឡើងថែមទៀត។
ក្នុងឱកាសដ៏ល្អប្រពៃនោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ។
សម្តេចមានជំនឿជឿជាក់ ក្នុងឋានៈឯកឧត្តមជាឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសំប៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា លោកនឹងបន្តខិតខំពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរឡើងថែមទៀត។
សម្តេចប្រមុខរដ្ឋស្តីទីបានគូសបញ្ជាក់ថា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង ស្ថាប័នជាតិនៃព្រះរាជាណាចក្រកម្ពុជាត្រៀមខ្លួនជានិច្ច ដើម្បីធ្វើកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយឯកឧត្តមឯកអគ្គរដ្ឋទូត និងរដ្ឋាភិបាលនៃសាធារណរដ្ឋសំប៊ី ដើម្បីលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ នាំមកនូវផលប្រយោជន៍ដ៏ធំធេងទៅវិញទៅមកសម្រាប់ប្រជាជន និងប្រទេសទាំងពីរ៕
ដោយ ៖ សិលា