ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យម្នាក់ដើរចូលផ្ទះអ្នកភូមិហើយប្រើហិង្សាបណ្ដាលអោយម្ចាស់ផ្ទះរងរបួស

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសជាជនសង្ស័យម្នាក់ ទំនងមានសតិមិនល្អបានដើរចូលផ្ទះអ្នកភូមិ ហើយប្រើហិង្សាដោយយក កាំបិតមុខស្រូចឆូតបណ្ដាលអោយម្ចាស់ផ្ទះរងរបួស រួចហើយជនសង្ស័យរត់គេចខ្លួនបាត់។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១និង៤៥នាទីយប់ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅចំណុចភូមិធំឃុំត្នោត ស្រុកកំពង់រោទ៍។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថា បុរសរងគ្រោះមានឈ្មោះសេក គង់ ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរកសិករ រស់នៅភូមិធំ ឃុំត្នោត ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។

ចំណែកបុរសសង្ស័យមានឈ្មោះឡុង មករា អាយុ៤១ឆ្នាំ មុខរបរកសិករ រស់នៅភូមិធំ ឃុំត្នោត ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ។

ប្រភពបន្តថា មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសមួយបង្កឡើងដោយជនសង្ស័យ បានដើរចូលផ្ទះអ្នកភូមិទាំងកណ្ដាលយប់ ហើយបានយកកូនកាំបិតមុខស្រូចឆូតទៅលើបុរសរងគ្រោះបណ្តាលអោយរងរបួស លើស្មាផ្នែកខាងឆ្វេងនិងម្រាមមេដៃខាងឆ្វេង ។

ក្រោយពីធ្វើសកម្មភាពរួច  ជនសង្ស័យក៏បានរត់ចេញពីផ្ទះជនរងគ្រោះបាត់ទៅ បន្សល់ទុកវត្ថុតាងរួមមាន កូនកាំបិតមុខស្រូច០១ កាំភ្លើងច្នៃបាញ់ហ្គាស០១ដើមនិងស្បែកជើងស៊ក០១គូ។

បច្ចុប្បន្ន សមត្ថកិច្ចមូលដ្ឋានកំពុងធ្វើការស្រាវជ្រាវស្វែងរកជនសង្ស័យដើម្បីចាត់ការតាមច្បាប់៕

ដោយ៖ សុថាន

 


ចែករំលែក៖