ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីជូនដំណឹងផ្អាកការធ្វើចរាចរណ៍ជាបណ្តោះអាសន្ន និងការរៀបចំទីតាំងចំណតយានយន្ដគ្រប់ប្រភេទ អំឡុងពេលពិធីបុណ្យទន្លេលើកទី៨ នៅខេត្តសៀមរាប ចាប់ពីថ្ងៃទី១៥-១៧ ខែមីនា ឆ្នាំ២០២៤

ចែករំលែក៖

ខេត្ត​សៀមរាប​៖​ រដ្ឋបាលខេត្ត​សៀមរាប​ នៅថ្ងៃទី​១៥​ ខែមីនា​ ឆ្នាំ​២០២៤នេះ​ បានចេញសេចក្តីជូនដំណឹងស្តីពីការផ្អាកការធ្វើចរាចរណ៍ជាបណ្តោះអាសន្ន និងការរៀបចំទីតាំងចំណតយានយន្ដគ្រប់ប្រភេទ អំឡុងពេលពិធីបុណ្យទន្លេលើកទី៨ ក្រោមប្រធានបទ​ “ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ” នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប ចាប់ពីថ្ងៃទី១៥-១៧ ខែមីនា ឆ្នាំ២០២៤។ 

ជាក់ស្ដែងរដ្ឋបាលខេត្តសៀមរាប មានកិត្តិយសសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជន មេត្តាជ្រាបថា៖ ក្រសួងទេសចរណ៍ សហការជាមួយក្រសួង ស្ថាប័ន សហភាពសហព័ន្ធយុវជនកម្ពុជា រដ្ឋបាលខេត្តសៀមរាប រដ្ឋបាលក្រុងសៀមរាប មន្ទីរ-អង្គភាព និង វិស័យឯកជន នឹងរៀបចំពិធីបុណ្យទន្លេលើកទី៨ ក្រោមប្រធានបទ “ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ” ចាប់ពីថ្ងៃទី១៥-១៧ ខែមីនា ឆ្នាំ២០២៤ នៅសួនព្រះរាជដំណាក់ (មាត់ស្ទឹងសៀមរាប) រហូតដល់ផ្សារចាស់ (តំបន់ផាប់ស្វីត) ។ ពិធីបុណ្យនេះ ក្នុងគោលបំណងបំផុសចលនាមហាជនឱ្យចូលរួមក្នុងការអភិវឌ្ឍ និងអភិរក្សធនធានទន្លេប្រកបដោយនិរន្តរភាព និងចូលរួមសម្រេចយុទ្ធនាការពិពិធកម្មទេសចរណ៍ តាមរយៈ ការបង្កើតព្រឹត្តិការណ៍ទេសចរណ៍ថ្មីៗសម្រាប់ខេត្តតាមដងទន្លេ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងការ ទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ឱ្យមកចូលរួមទស្សនាកម្សាន្តក្នុងខេត្តសៀមរាបកាន់តែច្រើនកុះករ។ ជាមួយគ្នានោះដែរ ក៏មានកម្មវិធីប្រគំតន្ត្រី ការសម្តែងសិល្បៈ ការតាំងពិព័រណ៍ ការបាញ់កាំជ្រួច កម្មវិធីជិះទូក បណ្តែតទឹក កម្មវិធីកីឡាបាញ់ធ្នូ និងកម្មវិធីជិះកង់…។ល។ និងមានកម្មវិធីផ្សេងៗជាច្រើនទៀតដូចមាន នៅក្នុងប្លង់ផែនទីភ្ជាប់ជាមួយ។

ក្នុងន័យនេះ ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ និងធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈឱ្យបានល្អប្រសើរនៅក្នុងពិធីបុណ្យខាងលើនេះ រដ្ឋបាលខេត្ត សៀមរាបនឹងធ្វើការផ្អាកការធ្វើចរាចរណ៍ជាបណ្តោះអាសន្ន និងការរៀបចំទីតាំងចំណតយានយន្ត គ្រប់ប្រភេទនៅលើកំណាត់ផ្លូវមួយចំនួនដូចខាងក្រោម៖

១.​ កំណាត់ផ្លូវរុក្ខវិថីព្រះសីហនុ ចាប់ពីស្ពានថ្មព្រះរាជដំណាក់ ដល់ស្តុបសារៈមន្ទីរជាតិអង្គរ កំណាត់ផ្លូវមុខទីតាំងមហាសណ្ឋាគារអង្គរ កំណាត់ផ្លូវតំបន់សួនព្រះរាជដំណាក់និង, កំណាត់ផ្លូវមួយចំនួនទៀតតាមស្ថានភាពចរាចរណ៍ជាក់ស្តែង 

២.​ កំណាត់ផ្លូវពោធិ៍កំបោរ (ផ្លូវប៉ែកខាងលិចស្ទឹង) ចាប់ពីចំណុចស្ពានថ្មព្រះរាជដំណាក់ ដល់ស្ពានវត្តដំណាក់ និងផ្លូវច្រកចូលមកមាត់ស្ទឹង

៣.​ កំណាត់ផ្លូវអាចារ្យស្វា (ផ្លូវប៉ែកខាងកើតស្ទឹង) ចាប់ពីចំណុចរង្វង់មូលវត្តដំណាក់ ដល់ចំណុចខាងជើងស្ពានអតីតមន្ទីរទេសចរណ៍ខេត្ត និងផ្លូវច្រកចូលមកមាត់ស្ទឹង

៤.​ កំណាត់ផ្លូវជាតិលេខ៦ ចាប់ពីសណ្ឋាគារ J7 ដល់ចំណុចស្តុបកោះកេរ្តិ៍

៥. ផ្លូវតំបន់ផាប់ស្ទើត និងកំណាត់ផ្លូវមួយចំនួនទៀតតាមស្ថានភាពចរាចរណ៍ជាក់ស្តែង

៦.​ ទីតាំងចំណតយានយន្តគ្រប់ប្រភេទ សម្រាប់គណៈអធិបតី ភ្ញៀវកិត្តិយស និងសាធារណជន ទូទៅ ដូចមានការបង្ហាញក្នុងប្លង់ផែនទីភ្ជាប់ជាមួយ។

អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ-អន្តរជាតិ ម្ចាស់អាជីវកម្មដ្ឋានគ្រប់ប្រភេទដែលនៅតាមតំបន់រៀបចំកម្មវិធីខាងលើ និងសាធារណជន មេត្តាជ្រាបជា ព័ត៌មាន និងចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ និងយោគយល់អធ្យាស្រ័យតាមការគួរ៕

ដោយ៖ តារា


ចែករំលែក៖