ព័ត៌មានទាន់ហេតុការណ៍៖

ព្រឹត្តិការណ៍កីឡារត់ប្រណាំង មកពីបណ្តាប្រទេសនិយាយភាសារបារាំង ចំនួន២៧៦នាក់​ ជួយផ្សព្វផ្សាយពីរូបភាពដ៏ស្រស់ត្រកាលនៃកម្ពុជា ជាពិសេសខេត្តសៀមរាប ដែលមានប្រាង្គប្រាសាទដ៏មហិមា​ សម្បូរទៅដោយសម្បត្តិវប្បធម៌ដ៏រុងរឿងជាច្រើន

ចែករំលែក៖

ខេត្តសៀមរាប៖​ ក្រសួង​ទេសចរណ៍​ នៅរសៀល​ថ្ងៃ​ទី​១៥​ ខែមីនា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ លោក នី ប៉ាលី រដ្ឋលេខាធិការ ក្រសួងទេសចរណ៍តំណាងលោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោក យុន លីនណេ អភិបាលរងខេត្ត តំណាលោក ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងតំណាងសហព័ន្ធកីឡា កាលពីម្សិលមិញនេះ​ បានជួបសំណេះសំណាលជាមួយក្រុមកីឡារត់ប្រណាំង (Raid Amazones)លើកទី៤ មកពីបណ្តាប្រទេសនិយាយភាសារបារាំង ចំនួន២៧៦នាក់ នៅសណ្ឋាគារសុខាល័យ អង្គរ ខេត្តសៀមរាប ។ 

មានប្រសាសន៍នោះលោក, Debanne ប្រធាន ក្រុមហ៊ុនZBO បានលើកពីគោលបំណងនៃកីឡារត់ប្រណាំង (Raid Amazones) ក្នុងការលើកកម្ពស់សិទ្ធិអំណាចរបស់ស្ត្រីតាមរយៈកីឡា Raid Amazones និង ផ្តល់ឲ្យស្ត្រីពីមជ្ឈដ្ឋានចម្រុះនូវឱកាសមួយ ដើម្បីជម្រុញដែនកំណត់របស់ពួកគេនៅក្នុងទីតាំងកម្រ និង អសកម្មនៅទូទាំងពិភពលោក ។

ការប្រកួតកីឡានេះ គឺជាសកម្មភាពដែលបានផ្សព្វផ្សាយ លើកកម្ពស់ និង គាំទ្រស្ត្រី ឲ្យពួកគាត់កាន់តែរឹងមាំ និងហ៊ានបញ្ចេញពីសមត្ថភាព ភាពក្លាហានដែលខ្លួនមានដូចជាបុរស ។ មិនតែប៉ុណ្ណោះ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ក៏បានលើកស្ទួយ និងឆ្លុះបញ្ចាំងពីវប្បធម៌ អរិយធម៌ ប្រវត្តិសាស្ត្រ និងប្រពៃណីរបស់ព្រះរាជាណាចក្រកម្ពុជា តាមរយៈសកម្មភាពប្រកួតប្រជែងលើវិញ្ញាសាមួយចំនួនដូចជា ការសិក្សា ស្រាវជ្រាវមុននឹងចូលរួមប្រកួត ការអនុវត្តផ្ទាល់លើវិញ្ញាសាផ្សេងៗ ដំណើរស្វែងរកការពិតពីប្រវត្តិសាស្រ្តដែលបុព្វបុរសខ្មែរ បានបន្សល់ទុកដល់សព្វថ្ងៃ និងសកម្មភាពសប្បុរសធម៌នានា ។ 

លោកអភិបាលរងខេត្ត បន្តទៀតថា ព្រឹត្តិការណ៍កីឡាដ៏អស្ចារ្យ នេះ បានជួយផ្សព្វផ្សាយពីរូបភាពដ៏ស្រស់ត្រកាលនៃ ព្រះរាជាណាចក្រកម្ពុជា ជាពិសេសខេត្តសៀមរាប ដែលមានភាពល្បីល្បាញនៃប្រាង្គប្រាសាទដ៏មហិមា ដែលសម្បូរទៅដោយសម្បត្តិវប្បធម៌ដ៏រុងរឿងជាច្រើនទៀតផង ។ 

ស្ថិតក្នុងឱកាសដ៏ថ្លៃថ្លា នៃព្រឹត្តិការណ៍កីឡារត់ប្រណាំងឆ្លងកាត់ឧបសគ្គ (Raid Amazones)នេះ កីឡា និង ការផ្សងព្រេងឆ្លងផុតព្រំដែនយេនឌ័រ ជាការបោះជំហានឆ្ពោះទៅរកការអភិវឌ្ឍផ្ទាល់ខ្លួន និងការស្វែងរកខ្លួនឯង ៕

ដោយ​៖ តារា​


ចែករំលែក៖