ព័ត៌មានទាន់ហេតុការណ៍៖

ក្លឹបអ្នកកាសែតកម្ពុជា៖​ ដឹកនាំអ្នកសារព័ត៌មានខ្មែរ ចិននិងវៀតណាម ផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍​ទ្រង់ទ្រាយធំ​នៅខេត្តសៀមរាប

ចែករំលែក៖

ភ្នំពេញ​៖​ ក្លឹបអ្នកកាសែតកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤នេះ បានដឹកនាំ អ្នកសារព័ត៌មាន​ចំនួន២៨ ស្ថាប័នឆ្ពោះទៅកាន់ខេត្តសៀមរាប ដើម្បីចូលរួម «បេសកកម្មព័ត៌មាន ដើម្បី ផ្សព្វ​ផ្សាយ​ទ្រង់ទ្រាញធំពី​សក្ដានុពល ទេសចរណ៍ខេត្តសៀមរាប»។​ ក្នុងបេសកម្មនេះមានរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ​២០២៤​ ដែលមាន​អ្នក​សារព័ត៌មាន ២៨ស្ថាប័ន មានអ្នកសារព័ត៌មានខ្មែរ ចិន និងវៀតណាម នឹងចុះ​តាម​មូលដ្ឋាន​គោល​ដៅទេ​ចរណ៍នានា ទីតាំងសិប្បកម្ម ដែលកែច្នៃដោយផ្ទាល់ដៃរបស់ប្រជាពលរដ្ឋ។

តាមគម្រោង​ទីតាំងប្រហែល២០នៅក្នុងទឹកដីខេត្តសៀមរាប រួមមាន ទាំងដំណើរ​ទេសចរណ៍​តាម​ឡាន​ Jeep, អាកាសយានដ្ឋានថ្មី, សួនត្រី, ដំណើរទេសចរណ៍ ដោយជិះ​កន្រ្តក់​វិល និង​រទេះគោ​ក្នុង​តំបន់អង្គរ, ភូមិផលិតស្ករត្នោត នំបញ្ចុក នំក្រឡាន និងភូមិបណ្តែតទឹកកំពង់ភ្លុក នឹង ត្រូវបាន​សម្រឹត​សម្រាំង​យកមកផ្សព្វផ្សាយ តាមបណ្ដាញព័ត៌មានជាតិ និងអន្តរជាតិ ដែលត្រូវបាន​អញ្ជើញ​ចូលរួមនៅក្នុង «បេសកកម្មព័ត៌មាន ដើម្បីផ្សព្វផ្សាយទ្រង់ទ្រាញធំពី សក្ដានុពល​ទេសចរណ៍ ខេត្តសៀមរាប»។ 

ជាមួយគ្នានេះ​ ក្លឹបអ្នកកាសែតកម្ពុជា រំពឹងថា បេសកកម្មលើកនេះ មិនគ្រាន់​តែ​ជា​យុទ្ធនាការ​ផ្សព្វ​ផ្សាយ​ដ៏​ទូលាយ​ ដែលមិនធ្លាប់មានពីមុនមកលើវិស័យទេសចរណ៍នោះទេ ប៉ុន្តែអ្វីដែល​ទទួល​បាន​នោះ​គឺ​សក្តានុពល​ទេសចរណ៍ប្លែកៗ និងថ្មីៗថែមទៀតនៅលើទឹកដីខេត្តសៀមរាប នឹងត្រូវបាន​រំលេច​នៅ​លើ​ទំព័រ​សារព័ត៌មានរាប់សិបស្ថាប័ន និងច្រើន​ភាសា ហើយ​នឹងចែកចាយយ៉ាង​ទូលាយ​ទាំង​ក្នុង​ និងក្រៅប្រទេសដែលអាចរួមចំណែកយ៉ាងសំខាន់ដល់ការស្រូបយកភ្ញៀវទេសចរជាតិ និង​អន្តរជាតិ​បន្ថែមទៀត៕

ដោយ៖ តារា


ចែករំលែក៖