ព័ត៌មានទាន់ហេតុការណ៍៖

ទើបចេញពីពន្ធនាគារមិនបានប៉ុន្មានផង បែកគំនិតលួចម៉ូតូ តែពេលជិះម៉ូតូបុករថយន្តដួលត្រូវសមត្ថកិច្ចចាប់ឃាត់បានទៀត

ចែករំលែក៖

ខេត្តកោះកុង ៖ ក្រុមចោរ២នាក់ ត្រូវសមត្ថកិច្ចក្រុងខេមរ ភូមិន្ទឃាត់ខ្លួនភ្លាមៗ ក្រោយពួកគេបានធ្វើសកម្មភាពលួចម៉ូតូ១គ្រឿងរបស់ឈ្មោះ លី សុវណ្ណារិទ្ធ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរលក់ដូរនៅចំណុចដីឡូត៍សំវីរៈចេញ ពីចំណុចក្បែរអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទស្ថិតក្នុងភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ កាលពីវេលាម៉ោងប្រមាណជាង៤ នាល្ងាចថ្ងៃទី១៤ ខែ មីនា ឆ្នាំ ២០២៤  រួចបើករត់គេច តែត្រូវបានម្ចាស់ម៉ូតូឃើញ និងបានបើកម៉ូតូ១គ្រឿងទៀតតាមពីក្រោយ ហើយស្រែកសុំ ការអន្តរាគមន៍ ពីពលរដ្ឋនានានៅតាមដងផ្លូវ ធ្វើឲ្យក្រុមចោរនោះស្លន់ស្លោរ រហូតជិះម៉ូតូទៅបុកជាមួយរថយន្ត ១គ្រឿងដែលចតនៅក្បែរផ្លូវម្តុំរង្វង់មូលយាយរែកផ្លែឈើ ធ្វើអោយដួលម៉ូតូរងរបួស ទើបម្ចាស់ម៉ូតូ និងពលរដ្ឋរួមទាំងសមត្ថកិច្ខចាប់ឃាត់បាននៅនឹងកន្លែងតែម្តង 

តាមការបញ្ជាក់ពីពលរដ្ឋ ដែលបានឃើញហេតុការណ៍ផ្ទាល់បានបញ្ជាក់ថា ពួកគាត់បានឃើញម៉ូតូ២,៣គ្រឿងបើកកៀកគ្នា រួចស្រែកលឺៗថា ចោរៗ ចោរលួចម៉ូតូ ជួយចាប់ចោរ ខណៈពួកគាត់ក៏បានឃើញម៉ូតូ១គ្រឿងនោះបុករថយន្តដែលចតនៅក្បែរផ្លូវធ្វើឲ្យម៉ូតូដួលនិងមនុស្ស ម្នាក់ ក្នុងចំណោមនោះ បានរងរបួសហូរឈាមដេកស្ដូក និង មានមនុស្សជាច្រើនបានចោមរោមជិត ។

បើតាមការបញ្ជាក់ពីអធិការក្រុងខេមរភូមិន្ទ លោក យស់ ចាន់វិចិត្រ បានឲ្យដឹងថាជនសង្ស័យឈ្មោះ រិន ធារ៉ា ភេទ ប្រុស អាយុ ៣៦ឆ្នាំ មុខរបរនេសាទ រស់នៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង (ទើបចេញពីពន្ធនាគារ) បានចេញពីផ្ទះក្នុងគោលបំណងទិញទឹកសុទ្ធ តែក៏បានប្រទះឃើញម៉ូតូ១គ្រឿងចតចោលក្បែរផ្លូវ ដោយមានកូនសោរជាប់នៅម៉ូតូស្រាប់ ជនសង្សយ័ក៏បានធ្វើសកម្មភាពលួចម៉ូតូហើយជិះទៅឌុបដៃគូរម្នាក់ទៀត ឈ្មោះ ព្រឿង សុភ័ក្រ ភេទប្រុស អាយុ៣៩ឆ្នាំ (ទើបចេញពីពន្ធនាគារ) មុខរបរនេសាទ បច្ចុប្បន្នរស់នៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា  ដែលបានដើរទៅមុន ក្នុងគោលបំណងយកទៅកាន់ស្រុកមណ្ឌលសីមា តែត្រូវបានម្ចាស់ម៉ូតូ រួមទាំងពលរដ្ឋនិងកងកម្លាំងសមត្ថកិច្ចដេញតាមពីក្រោយ រហូតចាប់ឃាត់បានតែម្តង ។

ក្រោយឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ចនគរបាលក្រុងខេមរភូមិន្ទ បានដកហូតបានវត្ថុតាងមួយម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០០៧ ពណ៌ខ្មៅ គ្មានស្លាកលេខ ។

បច្ចុប្បន្នកម្លាំងជំនាញបាននិងកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យកណ្តាលនៃស្នងការដ្ឋាននគរបាលខេត្តកោះកុង ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

ដោយ៖ សូរិយា


ចែករំលែក៖