ខេត្តរតនគិរី៖ កសិករប្រកបរបរកសិកម្មដាំស្វាយចន្ទីរអ៊ូររទាំត្អូញត្អែរថា ឆ្នាំនេះទីផ្សារធ្លាក់ចុះខុសពីការរំពឹងទុក តម្លៃគ្រាប់ស្វាយចន្ទីនៅខេត្តរតនគិរី ត្រឹម៣០០០រៀលប៉ុណ្ណោះក្នុងមួយគីឡូក្រាម គឺចុះទាបជាងបណ្ដាឆ្នាំកន្លងទៅ៦ពាន់រៀលក្នុងមួយគីឡូក្រាម។
បើតាមការរៀបរាប់របស់អ្នកដាំដំណាំចន្ទីម្នាក់ក្នុងចំណោមច្រើននាក់ទៀតនៅភូមិ២ សង្កាត់កាចាញ ក្រុងបានលុង ក៏ដូចជាទូទាំងខេត្តរតនគិរី លោក ឌុច វណ្ណ: ថា: គាត់មានចម្ការស្វាយចន្ទីពូជM23ចំនួនជាង៤ហិកតា ហើយក្នុងមួយឆ្នាំគាត់ទទួលបានទឹនផល់ចំណូលពីការលក់គ្រាប់របស់វាដល់ទៅជាង៤០០០$(បួនពាន់ដុល្លារ )។
នៅឆ្នាំ២០២៣គ្រាប់ស្វាយចន្ទីមានតម្លៃខ្ពស់ដល់ទៅជាង៦ពាន់រៀលក្នុងមួយគីឡូក្រាម កាលណោះរូបលោកក៏ដូចជាអ្នកចម្ការដទៃទៀតដែរមានអារម្មណ៍សប្បាយរីករាយណាស់បានចំណាយប្រាក់ទិញជីទិញថ្នាំបាញ់និងកាត់ស្មៅក្នុងការថែទាំជាដើម។
ប៉ុន្ដែចូលមកដល់ឆ្នាំ២០២៤នេះស្រាប់តែតម្លៃគ្រាប់ស្វាយចន្ទីមិនទាន់ទាំងបានផ្តល់ផលពេញបន្ទុកផងគឺនៅដើមដៃនៅឡើយតម្លៃក៏ធ្លាក់ចុះយ៉ាងគំហុក នៅដើមខែប្រមូលផលដំបូងនេះ។
ក្រុមឈ្មួញគេប្រមូលទិញតែក្នុងតម្លៃ៣៥០០រៀលក្នុងមួយគីឡូក្រាមប៉ុណ្ណោះ ហើយនៅថ្ងៃបន្ទាប់ក៏បន្ដធ្លាក់ចុះពី១០០រៀលទៅ២០០រៀលទៀតផងដែរក្នុងមួយគីឡូក្រាម។
លោកបន្តទៀតថា មកដល់ពេលនេះបានចុះនៅត្រឹមតែ៣០០០រៀលប៉ុណ្ណោះក្នុងមួយគីឡូក្រាម ហើយអាចនិងបន្ដធ្លាក់ចុះតម្លៃទាបជាងនេះទៀតផងក៏ថាបាន។
ឯឈ្មួញកណ្ដាលម្នាក់ ហៅប៉ាអាមាន នៅស្រុកអូរជុំក៏បានប្រាប់ឱ្យដឹងដែរថា កាលពីថ្ងៃទី១១ខែមីនាឆ្នាំ២០២៤នេះគាត់ទិញគ្រាប់ស្វាយចន្ទីតូចធម្មតាក្នុង១គីឡូក្រាមតម្លៃ៣.៥០០រៀល ឯគ្រាប់ចន្ទីពូជM23 ទិញមួយគីឡូក្រាមតម្លៃ៣.៨០០រៀល។
ក្នុងមួយថ្ងៃគាត់ប្រមូលទិញគ្រាប់ស្វាយចន្ទីបានចំនួន២០តោន ហើយប្រាក់ចំណាយទិញគ្រាប់ចន្ទីទាំងនោះគឺខាងក្រុមហ៊ុនជាអ្នកផ្ដល់ឱ្យគាត់ គេគិតឱ្យសុីក្បាលកាក់ចំនួន៥មុឺនរៀលក្នុង១តោន។
លោកងាន់ គឹមឈាន ថៅកែឃ្លាំងចន្ទីដ៍ធំមួយ មានទីតាំងនៅភូមិជ័យជម្នះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី បានប្រាប់ឱ្យដឹងដែរថា តម្លៃគ្រាប់ស្វាយចន្ទីនៅខេត្តរតនគិរីពេលនេះបានធ្លាក់ចុះនៅត្រឹមតែជាង៣ពាន់រៀលប៉ុណ្ណោះ គឺខាងទីផ្សារវៀតណាមគេដាក់កំណត់ឱ្យទិញអ៊ីចឹង។
ក្នុងមួយថ្ងៃៗលោកបានធ្វើការដឹកគ្រាប់ស្វាយចន្ទីចំនួន៣០ទៅ៤០តោនយកទៅលក់ឱ្យវៀតណាមតាមច្រកទ្វារអន្ដរជាតិអូរយ៉ាដាវ ដោយបានប្រាក់កម្រៃតែ១០០រៀលទេក្នុងមួយគីឡូក្រាមនោះ។
លោកខៀវ សុីថា អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្តរតនគិរីបានប្រាប់ឲ្យដឹងដែរថា គ្រាប់ស្វាយចន្ទីចុះថ្លៃនោះគឺស្របពេលសេដ្ឋកិច្ចពិភពលោកក៏កំពុងធ្លាក់ចុះដែរ។
ដោយឡែកគ្រាប់ស្វាយចន្ទីនៅរតនគិរីចុះថោកគឺរួមផ្សំគុណភាពកំហាប់DCទាបជាងគ្រាប់ចន្ទីនៅខេត្ដផ្សេង។ ម្យ៉ាងទៀតកន្លងមកធ្លាប់មានជនខិលខូចមួយចំនួនបានប្រើល្បិចយកគ្រាប់ស្វាយចន្ទីគុណភាពអន់(គ្រាប់អណ្ដែតទឹក)ទៅលាយឆាចូលជាមួយគ្រាប់ចន្ទីដែលល្អ រួចយកទៅលក់នៅលើទីផ្សារ ហើយខាងឈ្មួញវៀតណាមគេក៏បានដឹងហើយក៏ទម្លាក់ថ្លៃធ្វើឱ្យខូចហាងឆេងចន្ទីនៅខេត្ដនេះតែម្ដង។
លោក ខៀវ សុីថា អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្តបានបញ្ជាក់ថា កន្លងមកលោកបានទំនាក់ទំនងជាមួយមិត្តចិនដើម្បីរកដៃគូកែច្នៃគ្រាប់ចន្ទីនៅខេត្តរតនគិរីនេះ ។
ថ្មីៗនេះដែរលោកបានជួបជាមួយចិនតៃវ៉ាន់មួយក្រុមខណ:ពួកគេចូលជួបអភិបាលខេត្ត លោកក៏បានឆ្លៀតពិភាក្សាពាក់ព័ន្ធវិស័យកសិកម្មរួមមានចន្ទីនិងទុរេនជាដើមផងដែរ។
លោកសយ សូណា ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តរតនគិរីបានឱ្យដឹងដែរថា ផ្ទៃដីដាំដុះដំណាំចន្ទីបច្ចុប្បន្នមានចំនួនសរុប១៣០.០៦៩ហិកតា បរិមាណប្រមូលផលគ្រាប់ស្វាយចន្ទី ឆ្នាំ២០២៣កន្លងមកសរុបបាន ចំនួន៣៥.១៨១តោន។
លោកបានបញ្ជាក់ថា តម្លៃគ្រាប់ចន្ទីនៅថ្ងៃ១១ខែមីនាឆ្នាំ២០២៤នេះ គ្រាប់ស្វាយពូជM23លក់បានចំនួន៣.៨០០រៀលក្នុងមួយគីឡូក្រាម ចំណែកគ្រាប់តូចលក់បាន៣.៥០០រៀលក្នុងមួយគីឡូក្រាម។
ទោះបីតម្លៃគ្រាប់ស្វាយចន្ទីនៅខេត្តរតនគិរីធ្លាក់ចុះដូចនេះក្ដី ក៏កសិករមួយចំនួនបានបន្ដដាំដុះជាបន្ដបន្ទាប់បន្ថែមទៀតព្រោះថាដំណាំចន្ទីនោះងាយស្រួលដាំដុះជាងគេ។
បើតាមប្រភពពីប្រជាកសិករបានឲ្យដឹងថារហូតមកដល់ថ្ងៃទី១៣ខែមិនាឆ្នាំ២០២៤នេះតម្លៃគ្រាប់ចន្ទីធ្លាក់មកនៅត្រឹម៣.៣០០រៀនិង៣០០០រៀលគត់ហើយអ្នកដែលម៉ៅចន្ទីគេនោះមានខ្លះរត់ចោលចម្ការហើយដោយសារមើលទៅខាតមិនរួចខ្លួន គឺគ្មានជំរើសឡើយ៕
ដោយ ៖ ជីវ៍ន្ត