ភ្នំពេញ ៖ បុរសម្នាក់បានបេីករថយន្តក្រឡុកសុីម៉ងត៍មួយគ្រឿងបានទាក់ដៃចង្កូតម៉ូតូមួយគ្រឿងដែលជិះដោយស្ត្រីម្នាក់បណ្ដាលឲ្យដួលព្រមទាំងកិនចំក្បាលបែកខួរស្លាប់មួយរំពេច បង្កការភ្ញាក់ផ្អេីលដល់អ្នកដំណេីរនិងសមត្ថកិច្ចចុះអន្តរាគមន៍ជួយសម្រួលចរាចរណ៍ កាលពីវេលាម៉ោង៥ និង៣០នាទីល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ នៅចំណុចស្តុបផ្សារច្បាអំពៅ តាមបណ្តោយផ្លូវជាតិលេខ១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា សពស្ត្រីរងគ្រោះមានឈ្មោះ តាំង ប៉ឡេង អាយុ៤៩ឆ្នាំ មានទីលំនៅផ្ទះលេខ១៥០កាអឺ០ផ្លូវ២១៥ ភូមិ៨ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ មានស្រុកកំណើតឃុំ បង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តក្រឡុកស៊ីម៉ងត៍មួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 5A-3202បើកដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ ទិសដៅពីកើតមកលិច ក្នុងល្បឿនលឿនមធ្យម ខណៈពេលបើកមកដល់ចំណុចកើតហេតុខាងលើបានឈប់រង់ចាំស្តុបក្រហម ពេលនោះដែរ ស្រាប់តែគេឃើញស្រ្តីរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់សេ១២៥ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ 1CE-2520 ជិះមកពីក្រោយស្របទិសគ្នាពីកើតមកលិចហើយក៏បានឈប់រង់ចាំស្តុបក្រហមដូចគ្នា ខណៈពេលដែលភ្លើងលោតពណ៌ខៀវក៏ធ្វើដំណើរទៅមុខស្របគ្នាពេលនោះដែរម៉ូតូស្រ្តីរងគ្រោះបានទាក់ដៃចង្កូតនិងរថយន្តបណ្តាលឲ្យដួលចូលក្បាលចំកង់ក្រោយកិនបែកខួរស្លាប់ភ្លាមៗ ចំណែកតៃកុងព្យាយាមបើកទ្វាររត់គេចខ្លួនតែត្រូវសមត្ថកិច្ចតាមឃាត់បាននាំយកទៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដេីម្បីអនុវត្តន៍បន្តតាមនីតិវិធី ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងជំនាញចរាចរណ៍ខណ្ឌច្បារអំពៅ ដេីម្បីសម្រួលចរាចរណ៍និងទាក់ទងទៅជំនាញចរាចរណ៍រាជធានីភ្នំពេញ ឲ្យមកធ្វេីការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សារទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ ។
ដោយឡែកសពស្ត្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ ៖ ភារ៉ា ដង្កោ