ព័ត៌មានទាន់ហេតុការណ៍៖

វគ្គ៨ក្រុមចុងក្រោយ Europa League ៖ Liverpool ជួប Atalanta ខណៈ West Ham ប៉ះ Bayer Leverkusen

ចែករំលែក៖

ក្រុមហង្សក្រហម Liverpool នឹង​ប្រកួត​ជាមួយក្រុមមកពីអ៊ីតាលី Atalanta ក្នុង​វគ្គ​៨​ក្រុម​ចុង​ក្រោយ​នៃ​ក្រប​ខ័ណ្ឌ Europa League ខណៈក្រុមញញួរធំ ​​West Ham ត្រូវ​ប៉ះ Bayer Leverkusen។ ហង្ស​ក្រហម​នៅ​តែ​មាន​សក្ដានុពល​ក្នុង​ការ​ដណ្តើម​យក​ពាន​ចំនួន៤​ក្នុង​រដូវ​កាល​ចុង​ក្រោយ​របស់​លោក Jurgen Klopp ដែល​ទទួល​បន្ទុក។

គូប្រជែងអ៊ីតាលី AC Milan និង Roma ជួបគ្នាសម្រាប់កន្លែងមួយនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈក្លិបព័រទុយហ្គាល់ Benfica ប៉ះក្រុម Marseille នៅ Ligue 1។ ការប្រកួតជើង​ទី១​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី១១ ខែ​មេសា ហើយ​ជើង​ទី​ពីរ​នៅ​ថ្ងៃ​ទី១៨ ខែ​មេសា។

ប្រសិនបើ Liverpool ឆ្លងកាត់ការប្រកួតរបស់ពួកគេ ពួកគេនឹងប្រឈមមុខនឹងក្រុម Benfica ឬ Marseille ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយក្រុម West Ham ជួប AC Milan ឬ Roma ប្រសិនបើពួកគេស្វែងរកផ្លូវឆ្លងកាត់ក្រុមកំពូលតារាង Leverkusen នៅ Bundesliga។

ការ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី២ ខែ​ឧសភា និង​ថ្ងៃ​ទី៩ខែ​ឧសភា។ កីឡដ្ឋាន Dublin Arena ក្នុង​សាធារណរដ្ឋ​អៀរឡង់​ត្រូវធ្វើ​ជា​ម្ចាស់​ផ្ទះប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​រដូវ​កាល​នេះ​នៅ​ថ្ងៃ​ពុធ ទី២២ ខែ​ឧសភា។

ការចាប់ឆ្នោតវគ្គ៨ក្រុមចុងក្រោយគឺ៖

AC Milan ប៉ះ Roma

Liverpool ប៉ះ Atalanta

Bayer Leverkusen ប៉ះ West Ham

Benfica ប៉ះ Marseille

ការចាប់ឆ្នោតពាក់កណ្តាលផ្តាច់ព្រ័ត្រ៖

Benfica ឬ Marseille ជួប Liverpool ឬ Atalanta

AC Milan ឬ Roma ប៉ះ Bayer Leverkusen ឬ West Ham

ក្រុម Liverpool បានយកឈ្នះក្លិប Sparta Prague របស់ឆេកក្នុងលទ្ធផលសរុប ១១–២ នៅវគ្គ១៦ក្រុមចុងក្រោយ ដោយឈ្នះ ៦–១ ក្នុងការប្រកួតជើងទី២នៅ Anfield កាលពីថ្ងៃព្រហស្បតិ៍។

Atalanta និង Liverpool បានជួបគ្នាពីរលើកមុន ដោយហង្សក្រហមឈ្នះ ៥–០ នៅប្រទេសអ៊ីតាលី និងចាញ់ ២–០ នៅផ្ទះក្នុងវគ្គចែកពូលនៃ Champions League កាលពីឆ្នាំ២០២០–២០២១។ ក្លិប​អ៊ីតាលី​មួយ​នេះ​ស្ថិត​នៅ​លេខ​៦​ក្នុង​ក្របខណ្ឌ Serie A ហើយ​មិន​ទាន់​ចាញ់​នៅ Europa League រដូវ​កាល​នេះ​ទេ ដោយ​ឈ្នះ​៥ និង​ស្មើ​៣។

ក្រុម West Ham ដែលបានឈ្នះពានរង្វាន់ Europa Conference League កាលពីរដូវកាលមុន ឡើងទៅជួបក្រុម Bayer Leverkusen ជាលើកដំបូង។ក្រុមញញួរធំបានយកឈ្នះលើក្រុមប្រឆាំងរបស់អាល្លឺម៉ង់ក្នុងវគ្គ១៦ក្រុមចុងក្រោយ ដោយបានយកឈ្នះលើ Freiburg ៥–១ ដោយចាញ់ ១–០ ក្នុងជើងទី១ យកឈ្នះវិញ ៥–០ នៅកីឡដ្ឋាន London។ ពួកគេ​មាន​កំណត់ត្រា​ឈ្នះ​៦ ចាញ់​៦ និង​ស្មើ​មួយ​ដង ពេល​ជួប​ក្រុម​អាល្លឺម៉ង់​នៅ​អឺរ៉ុប។ Leverkusen មាន១០ពិន្ទុដាច់ពីក្រុមលេខ២ Bayern Munich ក្នុង Bundesliga ហើយមិនចាញ់ការប្រកួតទាំងអស់ក្នុងរដូវកាលនេះដោយឈ្នះ៣២ និងស្មើ៥ ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖