ព័ត៌មានទាន់ហេតុការណ៍៖

វគ្គបណ្តុះបណ្តាលស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងការរត់គេចពន្ធឆ្លងកាត់ព្រំដែន ជូនមន្ត្រីគយមកពីរដ្ឋបាលគយកម្ពុជា និងរដ្ឋបាលគយឡាវ

ចែករំលែក៖

ភ្នំពេញ​៖​ នៅសាលាជាតិគយ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) បានសហការជាមួយវិទ្យាស្ថានគាំទ្រផ្នែកច្បាប់និងជំនួយបច្ចេកទេសប្រចាំប្រទេសឡាវ (ILSTA Lao Office) រៀបចំ “វគ្គបណ្តុះបណ្តាលស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងការរត់គេចពន្ធឆ្លងកាត់ព្រំដែន” ជូនមន្ត្រីគយមកពីរដ្ឋបាលគយកម្ពុជា និងរដ្ឋបាលគយឡាវ សរុបចំនួន ៣០រូប។ វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ដើម្បីលើកកម្ពស់ការយល់ដឹង និងសមត្ថភាពជំនាញរបស់មន្ត្រីគយនៃប្រទេសទាំងពីរ ជាពិសេសការចែករំលែកបទពិសោធន៍ការងារបង្ក្រាបបទល្មើសរត់គេចពន្ធសាច់ប្រាក់ឆ្លងកាត់ព្រំដែន និងការងារប្រឆាំងការសម្អាតប្រាក់របស់រដ្ឋបាលគយកម្ពុជា ជូនរដ្ឋបាលគយឡាវ។

មានមតិក្នុងនាម លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋាន គយនិងរដ្ឋាករកម្ពុជា, លោក ផា អេងវ៉េង អគ្គនាយករងនៃ អគរ បានគូសបញ្ជាក់អំពីភាពចាំបាច់និងសារសំខាន់ក្នុងការបណ្តុះបណ្តាលជាប្រចាំដល់មន្ត្រីគយ ដើម្បីអាចឆ្លើយតបដោយប្រសិទ្ធភាពចំពោះសកម្មភាពរត់គេចពន្ធឆ្លងកាត់ព្រំដែន និងការសម្អាតប្រាក់។ ទោះបីកម្ពុជាត្រូវបានដកចេញពីបញ្ជីប្រផេះនៃប្រទេសស្ថិតក្រោមការតាមដានលើការងារប្រឆាំងការសម្អាតប្រាក់ កម្ពុជាក៏ដូចជាបណ្តាប្រទេសក្នុងសាកលលោក នៅបន្តប្រឈមការគំរាមកំហែងផ្សេងៗគ្នា ដូច្នេះការប្រឆាំងឧក្រិដ្ឋកម្មនេះត្រូវតែបន្តធ្វើជានិច្ចនិរន្តន៍។ ជាក់ស្តែង វគ្គបណ្តុះបណ្តាលនេះបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់ អគរ ចំពោះការងារប្រឆាំងការសម្អាតប្រាក់ពាក់ព័ន្ធនឹងការរត់គេចពន្ធសាច់ប្រាក់ឆ្លងកាត់ព្រំដែន ដែលស្ថិតក្រោមសមត្ថកិច្ចទទួលខុសត្រូវរបស់ខ្លួន។ ក្នុងឱកាសនោះ លោកអគ្គនាយករងបានលើកទឹកចិត្តឱ្យមន្ត្រីគយចូលរួមទាំងអស់ រក្សាការប្រាស្រ័យទាក់ទង គាំទ្រគ្នាទៅវិញទៅមក និងសូមយកចំណេះដឹងនិងជំនាញដែលទទួលបាន ទៅប្រើប្រាស់ក្នុងការងារជាក់ស្តែង ដើម្បីឆ្ពោះទៅសម្រេចគោលដៅការពារប្រព័ន្ធហិរញ្ញវត្ថុនៃប្រទេសទាំងពីរ។

វគ្គបណ្តុះបណ្តាលរយៈពេល ៥ថ្ងៃនេះ គ្របដណ្តប់លើប្រធានបទសំខាន់ៗដូចជា ក្របខ័ណ្ឌច្បាប់ប្រឆាំងការសម្អាតប្រាក់, ការជួញដូរមនុស្សនិងការសម្អាតប្រាក់, ការរត់គេចពន្ធសាច់ប្រាក់ឆ្លងកាត់ព្រំដែន, ការស៊ើបអង្កេតសម្អាងបទល្មើសនិងការសម្អាតប្រាក់, និងករណីសិក្សានៃបទល្មើសបង្ក្រាបបានកន្លងមក ដោយមានការសម្របសម្រួល និងការធ្វើឧទ្ទេសរបស់អ្នកជំនាញការនៃ ILSTA Lao Office រួមមាន លោក Mike Dyson លោក Mike Brocklehurst និងលោក Alistair Brand។ ទន្ទឹមនឹងការចូលរួមវគ្គបណ្តុះបណ្តាលនៅសាលាជាតិគយ មន្ត្រីគយនៃរដ្ឋបាលគយឡាវ បានធ្វើទស្សនកិច្ចសិក្សានៅការិយាល័យគយនិងរដ្ឋាករផែស្ងួតហុងឡេងហួរ ដើម្បីស្វែងយល់អំពីនីតិវិធីនិងលក្ខខណ្ឌនៃការបង្កើតផែស្ងួត កិច្ចដំណើរការផែស្ងួត និងការបំពេញបែបបទបញ្ចេញទំនិញពីគយនៅផែស្ងួត។

ក្នុងនាមរដ្ឋបាលគយឡាវ លោកអគ្គនាយករង Bounkeuth Souvannasenh បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំនិងសមិទ្ធផលរបស់ អគរ ក្នុងការចូលរួមដំណើរការដកកម្ពុជាចេញពីបញ្ជីប្រផេះ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន អគរ ដែលបានសហការរៀបចំវគ្គបណ្តុះបណ្តាលដ៏មានសារសំខាន់នេះ ក៏ដូចជាបានចែករំលែកបទពិសោធន៍ល្អៗ សម្រាប់ជាមូលដ្ឋានក្នុងការដកស្រង់យកទៅបំពេញបន្ថែមនៅក្នុងរដ្ឋបាលគយឡាវ៕

ដោយ​៖ តារា​


ចែករំលែក៖