ភ្នំពេញ៖ អគ្គលេខាធិការដ្ឋាននៃ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. បានពិនិត្យឃើញមានការផ្សព្វផ្សាយពាណិជ្ជកម្មអំពីល្បែងកាស៊ីណូអនឡាញ និងល្បែងភ្នាល់អនឡាញដែលជាល្បែងស៊ីសងខុសច្បាប់តាមទំព័រហ្វេសប៊ុក និងប្រព័ន្ធតេលេក្រាម ចំនួន ២៣ទំព័រ។
ជាក់ស្ដែងទំព័រហ្វេសប៊ុក និងប្រព័ន្ធតេលេក្រាមល្បែងភ្នាល់អនឡាញដែលជាល្បែងស៊ីសងខុសច្បាប់ ចំនួន ២៣ទំព័រ ដូចមានឈ្មោះ និងរូបភាពបង្ហាញខាងក្រោម៖ (១)AA sino (២)The Best Wandering Soul (៣)Slot Balance-998 (៤)Shop Leadership I (៥)សោ ភ័ណ្ឌ (៦)BJ88 (៧)KHM 777 (៨)Share News-VIP (៩)មាន់ជល់ហ្វីពិនបន្តផ្ទាល់ (១0)កំសាន្ត កាស៊ីណូ (១១)Dynasty Online (១២)Tribute Media (១៣)Go Go Fun (១៤)PlayCam VIP (១៥)AI2888kh (១៦)FAFABet789 (១៧)ក្លឹបកំសាន្ត96 (១៨)UFun Media (១៩)KH778 វេទិកាហ្គេមអនឡាញកំពូល (២០)QKA96online (២១)MAHA9 (២២)Go Camplay និង(២៣)Vava រហ័ស ដែលជាសកម្មភាពល្មើសនឹងច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម និងច្បាប់ស្ដីពីការបង្រ្កាបល្បែងស៊ីសង។
ជាមួយគ្នានេះ អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. បានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ម្សិលមិញនេះថា ការផ្សព្វផ្សាយនេះ បានបង្កឱ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខ សណ្តាប់ធ្នាប់ សីលធម៌សង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ករណីនេះ អាជ្ញាធរមានសមត្ថកិច្ចបាននិងកំពុងតាមដាន ស្រាវជ្រាវ និងចាត់វិធានការបង្ក្រាបលើបុគ្គលផ្សព្វផ្សាយល្បែង អ្នកដំណើរការ អ្នកលេង និងអ្នកពាក់ព័ន្ធទៅនឹងល្បែងស៊ីសងខុសច្បាប់។
អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់ជ្រាបជាព័ត៌មាន និងជៀសវាងការចូលរួមរាល់សកម្មភាពល្បែងស៊ីសងខុសច្បាប់ទាំងនេះ៕
ដោយ៖ តារា