ខេត្តព្រៃវែង៖ លោកអភិសន្តិបណ្ឌិត ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងលោកស្រី កែ សួនសុភី ស សុខា ជាតំណាងលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីពិធីពិនិត្យ និងព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ចំនួន ១ ៥០០នាក់ នៅឃុំឫស្សីស្រុក ក្នុងស្រុកពាមជរ។
កម្មវិធីពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃនេះ រៀបចំដោយក្រុមគ្រូពេទ្យសប្បុរសធម៌ ប៉ាយសួយឡាយយិនកម្ពុជា សហការជាមួយក្រុមការងារចុះជួយ ស.ស.យ.ក. ស្រុកពាមជរ ស.ស.យ.ក. ស្រុក និងរដ្ឋបាលស្រុកពាមជរ ខេត្តព្រៃវែង។
គួររម្លឹកថា កាលពីដេីមខែមីនានេះ លោកអភិសន្ដិបណ្ឌិត ស សុខា ចូលរួមជាអធិបតីកម្មវិធីពិនិត្យ និងព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នៅស្រុកព្រះស្តេច របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា នៅវិទ្យាល័យ ហ៊ុន សែន តាគោក ស្ថិតក្នុងឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែងផងដែរ៕
ដោយ៖ តារា