ខេត្តសៀមរាប៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅល្ងាចថ្ងៃសៅរ៍ទី១៦ ខែមីនា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីបើកពិធីបុណ្យទន្លេលើកទី៨ នៅក្នុងខេត្តសៀមរាប។
ពិធីបើកបុណ្យទន្លេរសៀលនេះ ក៏មានការអញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា សមាជិករាជរដ្ឋាភិបាល គណៈកម្មការអន្តរក្រសួង ឯកអគ្គរាជទូត-រដ្ឋទូតមេគង្គ និងមេគង្គបូក១ គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការក្រសួងទេសចរណ៍ និងខេត្តសៀមរាប អង្គការជាតិ និងអន្តរជាតិ និងផ្នែកឯកជនសរុបប្រមាណ ២,០០០នាក់។
ពិធីបុណ្យទន្លេ បានក្លាយជាព្រឹត្តិការណ៍ទេសចរណ៍ដ៏សំខាន់មួយសម្រាប់កម្ពុជា ដែលមិនត្រឹមតែចូលរួមចំណែកក្នុងការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ នៃខេត្តជាប់ដងទន្លេរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមគាំទ្រនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការយកចិត្តទុកដាក់អភិវឌ្ឍតំបន់ តាមដងទន្លេប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ។ ព្រឹត្តិការណ៍បុណ្យទន្លេ ក៏ជាឱកាសមួយដើម្បីពង្រឹងគុណភាពសេវាកម្ម និងការបង្កើតនិងអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗ ប្រកបដោយការច្នៃប្រឌិតខ្ពស់ ជាពិសេសទេសចរណ៍តាមនាវា (River-Cruise) និងសហគមន៍ទេសចរណ៍តាមដងទន្លេជាដើម។
ពិធីបុណ្យទន្លេ ត្រូវបានប្រារព្ធឡើងលើកទី១ ឆ្នាំ២០១៥ នៅខេត្តក្រចេះ, លើកទី២ ឆ្នាំ២០១៦ នៅខេត្តកំពង់ចាម-ត្បូងឃ្មុំ, លើកទី៣ ឆ្នាំ២០១៧ នៅខេត្តស្ទឹងត្រែង, លើកទី៤ ឆ្នាំ២០១៨ នៅខេត្តកណ្ដាល, លើកទី៥ ឆ្នាំ២០១៩ នៅខេត្តកំពង់ឆ្នាំង និងលើកទី៦ ឆ្នាំ២០២០ នៅខេត្តបាត់ដំបង, លើកទី៧ ឆ្នាំ២០២៣ នៅខេត្តកំពង់ធំ និងលើកទី៨ ឆ្នាំ២០២៤នេះ នៅក្នុងខេត្តសៀមរាប។
ពិធីបុណ្យទន្លេលើកទី៨ ក្នុងខេត្តសៀមរាប រៀបចំឡើងក្រោមប្រធានបទ «ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ» មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ទី១៧ ខែមីនា ឆ្នាំ២០២៤។
ខេត្តសៀមរាប ជាខេត្តទេសចរណ៍ដ៏ល្បាញល្បី និងប្រកបដោយសក្តានុពលបំផុតរបស់កម្ពុជា។ មិនត្រឹមទស្សនាប្រាង្គប្រាសាទដែលជារតនៈសម្បត្តិរបស់កម្ពុជាមិនអាចកាត់ថ្លៃបាននោះទេ តែខេត្តសៀមរាប មានកន្លែងសម្រាប់ទេសចរណ៍បែបធម្មជាតិ ដូចជានៅសហគមន៍ទេសចរណ៍កំពង់ភ្លុក ទស្សនាភូមិឋានប្រជាពលរដ្ឋ ទស្សនាផលិតផលប្រចាំតំបន់ និងការលេងកម្សាន្តនៅតាមរមណីយដ្ឋានទេសចរច្នៃប្រឌិតជាច្រើនទៀត។
បន្ទាប់ពីជួបស្ថានភាពដ៏លំបាកនៃការរាតត្បាតជំងឺកូវីដ១៩ រាជរដ្ឋាភិបាលកំពុងដាក់ចេញវិធានការជាច្រើន ដើម្បីលើកកម្ពស់សកម្មភាពទេសចរណ៍ក្នុងខេត្តសៀមរាបឡើងវិញ។ ក្នុងនោះសម្តេចធិបតី ហ៊ុន ម៉ាណែត បានកំណត់យកឆ្នាំ២០២៤ ជាឆ្នាំទស្សនាខេត្តសៀមរាប ដែលជាកម្មវិធីមួយជំរុញសកម្មភាពទេសចរណ៍ក្នុងខេត្តសៀមរាបឡើងវិញ។
ពិធីបុណ្យទន្លេក្នុងខេត្តសៀមរាបឆ្នាំនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ គាំទ្រដល់សកម្មភាពទស្សនាចរខេត្តសៀមរាបក្នុងឆ្នាំ២០២៤។ ដើម្បទាក់ទាញអ្នកទេសចរ ក្នុងពិធីបុណ្យទន្លេបានរៀបចំព្រឹត្តិការណ៍ជាច្រើន ជាមួយការបញ្ចេញកញ្ចប់ថវិការហូតដល់ទៅប្រមាណ ៤៥០លានរៀល។
ពិធីបុណ្យទន្លេនៅខេត្តសៀមរាប មានរៀបចំកម្មវិធីជាច្រើន សម្រាប់ការកម្សាន្តរបស់អ្នកទេសចរមានដូចជា៖
* ការសម្ដែងសិល្បៈ ការប្រគំតន្ត្រី និងការបាញ់កាំជ្រួចអបអរសាទរ
* មហោស្រពម្ហូបអាហារមេគង្គ និងមេគង្គបូក១
* ការតាំងពិព័រណ៍សមិទ្ធផល និងគម្រោងអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប
* ការតាំងពិព័រណ៍ផលិតផលទេសចរណ៍ និងផលិតផលទូទៅរបស់ខ្មែរ
* ការតាំងពិព័រណ៍រូបភាពសត្វស្លាប និងគូរគំនូរ
* យុទ្ធនាការសំអាតបរិស្ថានតាមក្រុង ស្រុកជាប់ទន្លេក្នុងខេត្តសៀមរាប
* សិក្ខាសាលា ពង្រឹងគុណភាពផលិតផល និងសេវាកម្មក្នុងឧស្សាហកម្ម ទេសចរណ៍ខេត្តសៀមរាប ពិធីលែងកូន ត្រី និងជិះទូករាជហង្សមេគង្គ និងមេគង្គបូក១
* សកម្មភាពកីឡា, រួមមាន៖ ការជិះកង់កម្សាន្តលក្ខណៈមហាជនជុំវិញបរិវេណអង្គរវត្ត, ការប្រកួត វាយកូនហ្គោល, ការជិះទូកកម្សាន្តលក្ខណៈមហាជន, កីឡាបាញ់ធ្នូមហាជន
មានការរៀបចំយុទ្ធនាការសំអាតបរិស្ថានតាមក្រុង ស្រុកជាប់ទន្លេក្នុងខេត្តសៀមរាប និងការប្រឡង ប្រជែងអានអត្ថបទ និងស្មូតកំណាព្យ ក្រោមប្រធានបទ «ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ»
* ពិធីប្រលែងកូនត្រី និងជិះទូករាជហង្សកម្សាន្ត ជាមួយឯកអគ្គរដ្ឋទូតនៃប្រទេសមេគង្គ មេគង្គ បូកមួយ និងបវរកញ្ញាពិភពលោក ព្រមទាំងពិធីបណ្តែតកន្ទោងអបអរសាទរ ពិធីបុណ្យទន្លេជា ដើម។
ក្នុងពិធីបុណ្យទន្លេក្នុងខេត្តសៀមរាប រំពឹងទទួលបានអ្នកទេសចរប្រមាណ ៥០ម៉ឺននាក់៕
ដោយ៖ តារា