ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ផឹកស្រាស្រវឹង​បើកម៉ូតូសណ្ដោងរុឺម៉កបុកគល់ស្ពានអាកាសស្ទឹងមានជ័យក្រឡាប់ផ្ងារជេីង​ រងរបួសធ្ងន់

ចែករំលែក៖

​     ភ្នំពេញ​ ៖​ បុរសម្នាក់បានរងរបួសធ្ងន់ធ្ងរសន្លប់បាត់បង់ស្មារតី​ បន្ទាប់ពីស្រវឹងស្រាបើកម៉ូតូសណ្ដោងរុឺម៉កជ្រុលទៅបុកគល់ស្ពានអាកាសស្ទឹងមានជ័យ កាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃសៅរ៍ទី១៦ ខែ មីនា ឆ្នាំ២០២៤​ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២១៧ ត្រង់ចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យ​ ផ្នែកខាងត្បូងជិតផ្សារសុវណ្ណា ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេង​កង​ រាជធានីភ្នំពេញ​ ។ 

​     តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា​ មុនពេលកើតហេតុគេឃើញបុរសម្នាក់មានស្ថានភាពស្រវឹងស្រាបើកម៉ូតូសណ្ដោងរុឺម៉ក​ ពណ៌ក្រហម​ ពាក់ផ្លាកលេខភ្នំពេញ1FC-3844 ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង ហេីយបេីកឡើងស្ពានអាកាសស្ទឹងមានជ័យ​ ខណះមកដល់ចំណុចកើតហេតុខាងលើបានបុកក្បាលស្ពានពេញទំហឹងបណ្ដាលឱ្យម៉ូតូសណ្ដោងរុឺម៉កក្រឡាប់ផ្ងារជើងម្ខាង​ រីឯម្ចាស់ធ្លាក់មកលើស្ពានរងរបួសសន្លប់ស្ដូកស្ដឹង ។  

​     ក្រោយកេីតហេតុភ្លាមៗ​ កម្លាំងសមត្ថកិច្ចគោលដៅចរាចរណ៍ក្រុងនៅខាងក្រោមស្ពានបានចុះមកចំណុចកើតហេតុ​ ហេីយបានទាក់ទងទៅរថយន្តសាមុយមន្ទីរពេទ្យរុស្សីដឹកជនរងគ្រោះយកទៅសង្គ្រោះ​អាយុជីវិត​ ។ ដោយឡែកសមត្ថកិច្ចមូលដ្ឋានបានយកម៉ូតូសណ្ដោងរុឺម៉ករបស់ជនរងគ្រោះទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាល​ទំនប់ទឹក​ រង់ចាំសាច់ញ្ញាតិ​ឬជនរងគ្រោះចេញពីមន្ទីរពេទ្យ​ យកឯកសារមកផ្ទៀងផ្ទាត់នឹងប្រគល់ជូនវិញ​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖