ព័ត៌មានទាន់ហេតុការណ៍៖

តោះ​! ទៅ​មើលទិដ្ឋភាពបងប្អូនប្រជាពលរដ្ឋបានដេីរលេងកំសាន្តយ៉ាងសប្បាយរីករាយថ្ងៃពិធីបុណ្យទន្លេ​ ទស្សនាស្តង់ពិព័រណ៌​ ភ្លកម្ហូបអាហារ​ រីករាយនៃការជួបជុំ​

ចែករំលែក៖

ខេត្ត​សៀមរាប​៖​ សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ នៅព្រឹក​ថ្ងៃ​អាទិត្យ​ទី​១៧​ ខែមីនា​ ឆ្នាំ​២០២៤នេះ​ បានបង្ហាញពី​ទិដ្ឋភាពបងប្អូនប្រជាពលរដ្ឋបានដេីរលេងកំសាន្តយ៉ាងសប្បាយរីករាយថ្ងៃពិធីបុណ្យទន្លេ​ ទស្សនាស្តង់ពិព័រណ៌​ ភ្លកម្ហូបអាហារ​ រីករាយនៃការជួបជុំ​ និងជាមួយផ្ទាំងទស្សនីយភាពជាច្រេីនទៀតទាំងតាមដងស្ទឹង​ តំបន់កំសាន្តផ្សេងៗផងដែរ។ 

សូមជម្រាបជូនថា​ បើយោងតាមប្រភពព័ត៌មានពីប្រធានមន្ទីរទេសចរណ៍ស្តីទីខេត្តសៀមរាប​ បានឱ្យដឹងកាលពីម្សិ់លមិញនេះថា៖​ នាឱកាស​ពិធីបុណ្យទន្លេលើកទី៨ នៅខេត្តសៀមរាប នៅថ្ងៃទី១ គឺថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ មានភ្ញៀវទេសចរដែលមកទស្សនាកម្សាន្តបុណ្យទន្លេ លើកទី៨នៅខេត្តសៀមរាបសរុបប្រមាណ ១៦១.២៧២ នាក់ ក្នុងនោះ ទេសចរជាតិ ចំនួន ១៥០.០០០ នាក់ក្នុងនោះបងប្អូនប្រជាពលរដ្ឋសរុបក្នុងខេត្តសៀមរាប ចំនួន ៦៥.០០០ នាក់ទេសចរបរទេស ចំនួន ១១.២៧២ នាក់។​

ដោយឡែក​បេីតាមការបញ្ជាក់ពីលោក សុខ សូកេន រដ្ឋមន្រ្ដីក្រសួងទេសចរណ៍ អះអាងថា ក្នុង១ថ្ងៃ មានភ្ញៀវទេសចរប្រមាណ ៥០០០នាក់ បានមកទស្សនារមណីយដ្ឋានអង្គរ។ លោកបានបន្ថែមថា ជាមធ្យម ភ្ញៀវទេសចរបរទេស ចំណាយថវិកាប្រហែលជាង ៦៥០ដុល្លារ ក្នុងរយៈពេល ៦ថ្ងៃ ក្នុងការទស្សនាប្រទេសកម្ពុជា។

គួរបញ្ជាក់ថា​ សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ បានថ្លែង​ថា​ គោលបំណងនៃពិធីបុណ្យទន្លេ គឺដើម្បីជំរុញលើកតម្លៃ និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តនានា តាមដងទន្លេ ជាពិសេស លើកទឹកចិត្តដល់ប្រជាជន នៅតាមបណ្តាខេត្តទាំងនោះ ឱ្យចូលរួមយ៉ាងសកម្ម ក្នុងការអភិវឌ្ឍទីក្រុងជាប់ដងទន្លេ និងការងារអភិវឌ្ឍទេសចរណ៍សហគមន៍។ បុណ្យទន្លេមានតួនាទីយ៉ាសំខាន់ ដើម្បីបំផុសចលនាមហាជនឱ្យចូលរួមក្នុងការអភិរក្ស និងអភិវឌ្ឍន៍ធនធានទន្លេប្រកបដោយនិរន្តរភាព និងចូលរួមសម្រេចយុទ្ធសាស្រ្តពិពិធកម្មទេសចរណ៍ឱ្យកាន់តែសំបូរបែប ទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាកម្ពុជា ឱ្យបានកាន់តែច្រើនថែមទៀត។

ក្នុងនោះផងដែរ រាជរដ្ឋាភិបាលក៏បានកំណត់យកខេត្តសៀមរាប ជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់ដែលមានលក្ខណៈពហុវិស័យ ក្នុងចំណោមប៉ូលទាំង៥ សម្រាប់ទ្រទ្រង់សេដ្ឋកិច្ចទៅក្នុងសៀមរាប និងខេត្តដទៃទៀត ជាពិសេស វិស័យទេសចរណ៍ តាមរយៈការទាក់ទាញពីសក្តានុពលពីខេត្តសៀមរាប តភ្ជាប់ទៅកាន់សក្តានុពល និងគោលដៅទេសចរណ៍សំខាន់ៗដទៃទូទាំងប្រទេស ដែលតម្រូវឱ្យដាក់ចេញនូវវិធានការណ៍ពិសេស និងគន្លឹះក្នុងការទាក់ទាញក្នុងឆ្នាំ២០២៤ សម្រាប់កម្ពុជា ដោយកម្ពុជាបានដាក់ចេញនូវយុទ្ធនាការ “ទស្សនាសៀមរាប ឆ្នាំ២០២៤” និងត្រូវបានប្រកាស កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងវេទិការដ្ឋាភិបាល-ឯកជន លើកទី១៩ នៅវិមានសន្តិភាព ដោយមានវិធានការចំនួន ៨ ក្នុងការស្តារវិស័យទេសចរណ៍ខេត្តសៀមរាបរួមមាន៖

១. ការរៀបចំឡើងវិញក្រុមប្រឹក្សាទេសចរណ៍

២. ការរៀបចំ និងដាក់ចេញផែនការសកម្មភាពជាក់លាក់ “ទស្សនាសៀមរាប ឆ្នាំ២០២៤”

៣. រៀបចំបដិសណ្ឋារកិច្ចតាមច្រកព្រំដែន

៤. ការពង្រីកវិសាលភាពបណ្ណព្រំដែន

៥. ការផ្ដល់ហិរញ្ញប្បទានដល់ប្រតិបត្តិករទេសចរណ៍នៅខេត្តសៀមរាប

៦. ការលើកទឹកចិត្តផ្នែកពន្ធដារ

៧. លើកលែងការពិន័យអន្តរការណ៍ជាប្រាក់ចំពោះការហួសសុពលភាពអាជ្ញាបណ្ណមគ្គុទ្ទេសក៏ទេសចរណ៍ និងអ្នកបកប្រែភាសាបន្តពីមគ្គុទ្ទេសក៏ទេសចរណ៍

៨. ការតភ្ជាប់ជើងហោះហើរដោយត្រង់ពីគោលដៅទេសចរណ៍ល្បីមកសៀមរាប៕

ដោយ​៖ សិលា


ចែករំលែក៖