ព័ត៌មានទាន់ហេតុការណ៍៖

លោក ដូណាល់ ត្រាំ៖ ប្រសិនបើលោកចាញ់ការបោះឆ្នោតខែវិច្ឆិកា លទ្ធិប្រជាធិបតេយ្យរបស់អាមេរិកនឹងឈានដល់ទីបញ្ចប់

ចែករំលែក៖

អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ប្រសិនបើលោកមិនឈ្នះក្នុងការបោះឆ្នោតប្រធានាធិបតីខែវិច្ឆិកា ឆ្នាំនេះទេ នោះវានឹងមានន័យថា លទ្ធិប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិកហាក់ឈានដល់ទីបញ្ចប់ហើយ។

នៅរដ្ឋ Ohio លោក ដូណាល់ ត្រាំ បានព្រមានដូចខាងលើ បន្ទាប់ពីនៅតែបន្តអះអាងម្តងហើយម្តងទៀតថា ភាពបរាជ័យរបស់លោក ក្នុងការបោះឆ្នោតកាលពីឆ្នាំ២០២០ ក្រោមដៃប្រធានាធិបតីអាមេរិកបច្ចុប្បន្ន លោក ចូ បៃដិន គឺដោយសារតែ​មានការបន្លំដំណើរការបោះឆ្នោត។ លោក ត្រាំ បាននិយាយយ៉ាងដូច្នេះថា «ប្រសិនបើយើងមិនឈ្នះការបោះឆ្នោតលើកនេះទេ ខ្ញុំពុំគិតថា យើងនឹងអាចមានការបោះឆ្នោតទៀតនៅក្នុងប្រទេសនេះឡើយ»។

លោក ត្រាំ ដែលកំពុងតែស្ថិតក្រោមការចោទប្រកាន់ព្រហ្មទណ្ឌនៅឯរដ្ឋ Georgia ពីបទព្យាយាមកែប្រែលទ្ធផលបោះឆ្នោតឆ្នាំ២០២០ នៅទីនោះ ក្នុងសប្តាហ៍នេះទើបតែឈ្នះបានសំឡេងគ្រប់គ្រាន់ ដើម្បីអាចក្លាយជាបេក្ខជនតំណាងឱ្យបក្សសាធារណរដ្ឋ ដើម្បីទៅប្រជែង​ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី៥ ខែវិច្ឆិកា។
លោក ដូណាល់ ត្រាំ បានជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកលើកដំបូង កាលពីឆ្នាំ២០១៦ ប៉ុន្តែកាន់តំណែងបានតែមួយអាណត្តិប៉ុណ្ណោះ ក្រោយចាញ់លោក បៃដិន ពេលព្យាយាមឈរឈ្មោះសម្រាប់អាណត្តិទី២ កាលពីឆ្នាំ២០២០។ សម្រាប់ការបោះឆ្នោតឆ្នាំ២០២៤នេះ គឺសឹងតែមួយរយភាគរយទៅហើយ ដែលលោក ត្រាំ នឹងត្រូវជួបតទល់ជាមួយ លោក បៃដិន សាជាថ្មីម្តងទៀត៕

ដោយ៖ ធីរីណា(រូប​ថត​៖ AP)


ចែករំលែក៖