ភ្នំពេញ ៖ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤នេះ តបតាមការអញ្ជើញរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។ លោកស្រី ផែតុងតាន ស៊ីណាវ៉ាត្រា (ហៅអ៊ុង អ៉ីង) ប្រធានគណបក្សភឿថៃ ដែលជាកូនស្រីរបស់ លោក ថាក់ ស៊ីន បាន និងកំពុងបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា ។
សូមបញ្ជាក់ថា ៖ នៅក្នុងដំណើរទស្សនកិច្ចនេះ លោកស្រី ផែតុងតាន ស៊ីណាវ៉ាត្រា ហៅ អ៊ុង អ៉ីង មានកម្មវិធីជួបពិភាក្សាទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជួបសម្តែងការគួរសមជាមួយ ប្រធានព្រឹទ្ធសភា, ប្រធានរដ្ឋសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាផងដែរ។
ទស្សនកិច្ចនេះ ធ្វើឡើងតបតាមការអញ្ជើរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន អំឡុងទៅសួរសុខទុក្ខ លោក ថាក់ ស៊ីន អតីតនាយករដ្ឋមន្រ្តីថៃ ដែលជាបងធម៌របស់សម្តេច កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញ លោកស្រី អ៊ុង អ៉ីង ប្រធានគណបក្សដឹកនាំរដ្ឋាភិបាលថៃ មកបំពេញទស្សនកិច្ច ដើម្បីរឹតចំណងមិត្តភាពរវាងគណបក្សនយោបាយទាំងពីរ ហើយលោកស្រី ក៏បានយល់ព្រមភ្លាមៗផងដែរ។
ការផ្លាស់ប្តូរទស្សនកិច្ចជាន់ខ្ពស់រវាង គណបក្សទាំងពីរនេះ គឺក្នុងគោលបំណងផ្លាស់ប្តូរយោបល់លើកិច្ចសហប្រតិបត្តិការនៃប្រទេសជាប់ភូមិផងរបងគ្នា ដើម្បីបម្រើផលប្រយោជន៍រួមរបស់ប្រជាជន និងគណបក្សទាំងពីរ ដោយផ្អែកលើចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជិតស្និតរវាងគណបក្សទាំងពីរ។
សូមជម្រាបជូនថា ៖ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង១១:០០ នាទីព្រឹក សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបលោកស្រី ផែតុងតាន ស៊ីណាវ៉ាត្រា អនុប្រធាន គណៈកម្មការជាតិទទួលបន្ទុកជំរុញ Soft Power នៃព្រះរាជាណាចក្រថៃឡង់ដ៍ និងជាប្រធានគណបក្សភឿថៃ នៅវិមានព្រឹទ្ធសភា។
សម្តេចប្រមុខរដ្ឋស្តីទីបានចាត់ទុកទស្សនកិច្ចរបស់លោកស្រី ផែតុងតាន ស៊ីណាវ៉ាត្រា នៅកម្ពុជានាឱកាសនេះ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ពង្រឹងពង្រីកទំនាក់ទំនងថែរក្សាពូនជ្រំចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជាប្រពៃណីដ៏ល្អដែលមានស្រាប់រវាងប្រជាជន និងប្រទេសទាំងពីរ កាន់តែរឹងមាំស៊ីជម្រៅជាងទៀត នាំមកនូវផលប្រយោជន៍ដ៏ធំធេងទៅវិញទៅមកទាំងពេលបច្ចុប្បន្ន និងពេលអនាគត។
ក្នុងឱកាសនោះ ភាគីទាំងពីរបានបង្ហាញអំពីសេចក្តីពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ត្រូវបានពង្រឹងនិងពង្រីកឥតឈប់ឈរ និងត្រូវបានដំឡើងកម្រិតទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រ”៕
ដោយ ៖ សិលា