សារព័ត៌មាន AFP នាថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នាំ២០២៤ បានផ្សាយថា រដ្ឋមន្រ្តីការបរទេសចិន លោក Wang Yi នាថ្ងៃចន្ទនេះ បានចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចកម្រមួយនៅនូវែលសេឡង់ ហើយលោកបានសង្កត់ធ្ងន់អំពីភាពចាំបាច់ក្នុងការធ្វើការជាមួយប្រទេសជាមិត្ត នៅចំពោះមុខស្ថានការណ៍អន្តរជាតិដែលកំពុងប្រែប្រួលមិននឹងន។
ទស្សនកិច្ចខាងលើត្រូវគេរំពឹងថា នឹងផ្តោតជាចម្បងលើពាណិជ្ជកម្ម ប៉ុន្តែថ្លែងនៅទីក្រុងវែលីងតោន មុនជំនួបជាមួយសមភាគីនូវែលសេឡង់ លោក Wang បាននិយាយថា វត្តមានរបស់លោកនាពេលនោះ ក៏នឹងបម្រើជាឱកាសមួយផងដែរ ដើម្បីស្តារទំនាក់ទំនងការទូតឡើងវិញ ក្រោយជួបភាពធ្លាក់ចុះ ស្របពេលទីក្រុងប៉េកាំង បានប្រកាន់ជំហរកាន់តែរឹងមាំឡើងលើបញ្ហាដូចជាតៃវ៉ាន់និងសមុទ្រចិនខាងត្បូងជាដើម។
លោកប្រមុខការទូតចិនបានលើកឡើងដូច្នេះថា «នៅចំពោះមុខស្ថានការណ៍អន្តរជាតិ ដែលប្រែប្រួលមិននឹងននាពេលបច្ចុប្បន្ន យើងមានឆន្ទៈពង្រឹងការទាក់ទងគ្នាជាយុទ្ធសាស្រ្ត ជាមួយមិត្តរបស់យើងនៅនូវែលសេឡង់ ពាក់ព័ន្ធទៅនឹងបញ្ហាអន្តរជាតិនិងក្នុងតំបន់ ដែលជាក្តីកង្វល់រួម។ បន្ថែមពីនេះ ពួកយើងនឹងធ្វើការរួមគ្នា ដើម្បីរក្សាសុខសន្តិភាពនិងស្ថិរភាព នៅក្នុងតំបន់ក៏ដូចជាទូទាំងពិភពលោក»។
គួរបញ្ជាក់ថា ប្រទេសនូវែលសេឡង់ ស្ថិតក្នុងសម្ព័ន្ធភាពចែករំលែកព័ត៌មានសម្ងាត់មួយ ហៅថា Five Eyes ជាមួយសហរដ្ឋអាមេរិក កាណាដា ចក្រភពអង់គ្លេស និងអូស្រ្តាលី។ យ៉ាងណាមិញ ទីក្រុងវែលីងតោនបានរងការរិះគន់ ដោយសារតែប្រកាន់ជំហរមិនសូវរឹងមាំចំពោះចិន ដោយផ្តល់អាទិភាពលើទំនាក់ទំនងពាណិជ្ជកម្មរបស់ខ្លួន ខ្ពស់ជាងក្តីបារម្ភអំពីបញ្ហាសន្តិសុខ របស់សម្ព័ន្ធមិត្ត។ ចិនគឺជាប្រទេសដៃគូពាណិជ្ជកម្មធំបំផុតរបស់នូវែលសេឡង់។
ដោយឡែក ក្នុងសប្តាហ៍នេះ លោក Wang ក៏នឹងត្រូវជួបរដ្ឋមន្រ្តីការបរទេសអូស្រ្តាលី លោកស្រី Penny Wong ផងដែរ នៅទីក្រុងកង់បេរ៉ា។ ចិននិងអូស្រ្តាលី នាពេលកន្លងទៅនេះ ដោះស្រាយបានជាច្រើន នូវបញ្ហាវិវាទផ្នែកពាណិជ្ជកម្មរវាងគ្នា ដែលបានមើលឃើញ ទីក្រុងប៉េកាំងដំឡើងពន្ធ និងដាក់រនាំងពាណិជ្ជកម្ម លើទំនិញនាំចេញសំខាន់ៗរបស់អូស្រ្តាលី កាលពីឆ្នាំ២០២០ ខណៈវាគឺជាសកម្មភាពសងសឹក ក្រោយទីក្រុងកង់បេរ៉ា បានដាក់បម្រាមលើក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei និងបានអំពាវនាវឱ្យមានការស៉ើបអង្កេតលើ ប្រភពដើមនៃជំងឺឆ្លងរាតត្បាតសកលកូវីដ១៩៕ ដោយ៖ ធីរីណា
រូបថត៖ CIR ONLINE