ភ្នំពេញ ៖ គិតចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ នគរបាលជាតិក្រសួងមហាផ្ទៃចេញប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងខុសច្បាប់បានចំនួន២៣ទីតាំង និងឃាត់ខ្លួនអ្នកពាក់ព័ន្ធបានចំនួន៨៥នាក់ យកមកចាត់ការទាំងជំនាញនិងច្បាប់។ នេះបើផ្អែកតាមការបញ្ជាក់របស់លោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។
អ្នកនាំពាក្យរងរូបនេះពន្យល់ថា ការបង្ក្រាបចំនួន១៤ទីតាំងដែលមានករណីល្បែងភ្នាល់តាមអ៉ីនធើណេតចំនួន១០ទីតាំង ត្រូវនគរបាលអនុវត្តវិធានការច្បាប់ ពោលគឺកសាងសំណុំរឿងទៅតុលាការ។ ក្នុងនោះ ក៏មានអ្នកពាក់ព័ន្ធចំនួន៥៩នាក់ផងដែរដែលត្រូវទុកជូនតុលាការចាត់នីតិវិធី។ លោកបន្តថា ក្នុងចំណោម១៤ទីតាំងនេះ នគរបាលបង្ក្រាបក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ខេត្តព្រះវិហារ កំពត ឧត្តរមានជ័យ និងខេត្តកំពង់ចាម។
លោក ទូច សុឃៈ (សុខៈ) ថ្លែងទៀតថា ចំនួន៩ទីតាំង ក្នុងភូមិសាស្ត្រ ខេត្តបាត់ដំបង ពោធិសាត់ កំពត និងខេត្តស្វាយរៀង ដែលនគរបាលបង្ក្រាបបាន ពុំកសាងសំណុំរឿងបញ្ជូនទៅតុលាការទេ គឺគ្រាន់តែចាត់វិធានការរដ្ឋបាល ដោយអប់រំណែនាំនិងធ្វើកិច្ចសន្យាបញ្ឈប់ការប្រព្រឹត្តចំនួន២៦នាក់។
ការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ជាប្រចាំថ្ងៃនេះ គឺជាទិសដៅអាទិភាពមួយក្នុងចំណោមទិសដៅអាទិភាពទាំង៦ ដែលឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់ចេញតាំងពីដ្ឋាភិបាលអាណត្តិទី៧ យោងលើគោលការណ៍«សម្អាតផ្ទះយើង» របស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី និងជាការអនុវត្តតាមគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពផងដែរ៕
ដោយ : អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ