ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងបរិស្ថាន បន្តចុះពិនិត្យស្ថានភាពនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ទំហំដីក្រោម ១០ហិកតា ស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ភូមិសាស្រ្តឃុំអូរសោម និងឃុំក្រពើពីរ ស្រុកវាលវែង

ចែករំលែក៖

ខេត្តពោធិ៍សាត់​៖​ ក្រសួង​បរិស្ថាន​ បានឱ្យដឹងនៅព្រឹក​ថ្ងៃអង្គារ​ទី​១៩​ ខែមីនា​ ឆ្នាំ​២០២៤នេះថា​ ដោយអនុវត្តន៍តាមសេចក្តីជូនដំណឹងលេខ ១១៦៦/០៣២៤ សជណ.បស្ថ ស្តីពីគោលការណ៍គ្រប់គ្រងគម្រោងអភិវឌ្ឍន៍នៅក្នុងតំបន់ការពារធម្មជាតិ ចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ របស់ក្រសួងបរិស្ថាន នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ ក្រុមការងារគ្រប់គ្រង និងអភិវឌ្ឍន៍គោលដៅលំហែបៃតងក្នុងតំបន់ការពារធម្មជាតិ រួមជាមួយក្រុមការងារមេធាវីនៃក្រសួងបរិស្ថាន បានបន្តចុះពិនិត្យស្ថានភាពនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ទំហំដីក្រោម ១០ហិកតា ស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ភូមិសាស្រ្ត ឃុំអូរសោម និងឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ 

ក្រសួង​បរិស្ថាន​ បានបន្តថា​ ជាក់ស្ដែង​ក្រុមការងារ បានចុះពិនិត្យដល់ទីតាំងជាក់ស្តែងក្នុងគម្រោងចំនួន ៤០ (សែសិប) និងបានផ្ទៀងផ្ទាត់សង្គតិភាពជាមួយឯកសារ និងលិខិតបទដ្ឋានគគតិយុត្ត ដូចជារបាយការណ៍បោះបង្គោលព្រំប្រទល់ ការចុះកិច្ចសន្យា ការរៀបចំប្លង់មេ និងកម្មវិធីអភិវឌ្ឍន៍។ ក្រុមការងារបានពិនិត្យឃើញថា មានគម្រោងចំនួន ៣៩ មិនទាន់បានធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ក្នុងទីតាំងគម្រោងនៅឡើយទេ មានតែគម្រោងចំនួន១ បានសាងសង់ហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ដូចជា ជណ្តើរចុះលេងទឹកធ្លាក់ រោងអង្គុយលំហែ និងបន្ទប់ទឹក។ 

ក្រុមការងារបានបន្តជំរុញការផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ម្ចាស់គម្រោង និងសាធារណជន នូវខ្លឹមសារសេចក្តីជូនដំណឹងខាងលើ និងបន្តចុះពិនិត្យស្ថានភាពគម្រោងពាក់ព័ន្ធទាំងអស់នៅក្នុងភូមិសាស្ត្រតាមបណ្តាខេត្តផ្សេងៗទៀត ដើម្បីធានាបានការអភិវឌ្ឍគម្រោង គោរពតាមលិខិតបទដ្ឋានគតិយុត្ត គោលការណ៍ណែនាំ ឆ្លើយតប ទៅនឹងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨ (ភាពស្អាត ភាពបៃតង និងចីរភាព)៕

ដោយ​៖ តារា​


ចែករំលែក៖