ព័ត៌មានទាន់ហេតុការណ៍៖

អគាររោងចក្រស្បែកជើង៣ល្វែងត្រូវអគ្គិភ័យលេបត្របាក់អស់ទាំងស្រុងដោយសារឆ្លងចរន្តអគ្គិសនី

ចែករំលែក៖

    ខេត្តកណ្ដាល៖ ដោយសារឆ្លងចរន្តអគ្គិសនី រោងចក្រស្បែកជើងមួយកន្លែង ត្រូវបានអគ្គិភ័យលេបត្របាក់បណ្ដាលឱ្យអគារ៣ល្វែងខូចខាតទាំងស្រុង កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង១៦និង៣០នាទី នៅចំណុចរោងចក្រផលិតស្បែកជើង (ឈ្មោះ​អ.​ជី​ ហ្វូតវែរ​ ខេមបូឌា​ អ.ក) ស្ថិតនៅភូមិអណ្ដូង  ឃុំបែកចាន ស្រុកអង្គស្នួល​។

មន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលបានឱ្យដឹងថា រោងចក្រដែលត្រូវអគ្គិភ័យលេបត្របាក់ ជាកម្មសិទ្ធិរបស់ឈ្មោះ​ ប៉ុល រ៉ាមី​ សុីសុផុន​ អាយុ៤៥ឆ្នាំ មានអាសយដ្ឋានផ្ទះលេខ១៧​ ផ្លូវ​លេខ៦០០​ ភូមិ១០​ សង្កាត់បឹងកក់២​ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ​ ។ កម្មករធ្វេីការសរុប២២០០នាក់​ ស្រី១៥០០នាក់​ ។ អគារដែលរងការខូចខាតទាំងស្រុងមាន៣ល្វែង គឺអគារទំហំ​100mx200m ចំនួន០២ល្វែង និងអគារទំហំ​ 120mx200m  ចំនួន០១ល្វែង ។

ប្រភពដដែលបន្តទៀតថា ក្រោយពីទទួលដំណឹងនេះ រដ្ឋបាលខេត្ត  រដ្ឋបាលស្រុក កម្លាំងស្នងការដ្ឋាននគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត  សហការជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ  បានសហការពន្លត់អគ្គិភ័យដែលដឹកនាំដោយលោកនាយឧត្តមសេនីយ៍ គន់ គីម  ទេសរដ្ឋមន្រ្តី បេសកកម្មពិសេស និងជាអនុប្រធានអាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ជាតិ , លោក គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្ត , លោក ហាក់ សុខមករា អភិបាលរងខេត្ត , លោកណុប ដារា អភិបាលរងខេត្ត , លោក គ្រុយ ម៉ាឡែន អភិបាលរងខេត្ត ,លោក ខា ដែនណា ព្រះរាជអាជ្ញារងសាលាដំបូងខេត្ត ,លោក ជី សុីវុត្ថា នាយករដ្ឋបាលសាលាខេត្ត ,លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ,លោកស្នងការរងនគរបាលខេត្តកណ្តាល , លោក ធុល នាង ប្រធានមន្ទីរការងារ ,លោក ខុន សេរីរដ្ឋា អភិបាលស្រុកអង្គស្នួល ,លោកអភិបាលរងស្រុក ,លោកនាយករដ្ឋបាលស្រុក ,លោក អធិការ/អធិការរងនគរបាលស្រុកអង្គស្នួល ,លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកអង្គស្នួល ដោយប្រេីប្រាស់រថយន្តពន្លត់អគ្គិភ័យសរុប៥២គ្រឿង  និងប្រេីប្រាស់ទឹកអស់៣០០រថយន្ត ដោយមានការបញ្ជូនរថយន្តពីអង្គភាពដូចខាងក្រោម:

ស្នងការដ្ឋានខេត្ត០៣គ្រឿង ,ក្រុងស្រុក ០៣គ្រឿង (កណ្តាលស្ទឹង ពញាឮ និង អង្គស្នួល) ,ស្នងការដ្ឋានខេត្តកំពង់ស្ពឺ ០២គ្រឿង ,ខណ្ឌកំបូល០២គ្រឿង ,ខណ្ឌជ្រោយចង្វា០២គ្រឿង ,រថយន្តកោះពេជ្រ០៣គ្រឿង ,បុរីពិភពថ្មី០២គ្រឿង ,តម្រួតបទបញ្ជាអគ្គស្នងការដ្ឋាន០២គ្រឿង ,ក្រសួងមហាផ្ទៃ០៥គ្រឿង ,បញ្ជាការដ្ឋានអង្គរក្ស០១គ្រឿង ,អង្គភាព១១៧ ០១គ្រឿង , អង្គភាពk86 ០២គ្រឿង ,អង្គភាព911 ០៤គ្រឿង ,អង្គភាពង៧០ចំនួន៧គ្រឿង ,ស្នងការដ្ឋានរាជធានីភ្នំពេញ០៤គ្រឿង, ក្រុមហ៊ុនខ្មែរបេវើរ៉េសដីស០១គ្រឿង គិតត្រឹមវេលាម៉ោង០៤និង៥០នាទី ឈានចូលថ្ងៃទី១៩ ខែឆ្នាំដដែល កម្លាំសមត្ថកិច្ចគ្រប់គ្រងបាន១០០%។ 

មូលហេតុនៃការឆេះ តាមព័ត៌មានបឋម គឺបណ្តាលមកពី (ឆ្លងចរន្តអគ្គិសនី)៕

ដោយ៖ ស្អាងជ័យ


ចែករំលែក៖