ភ្នំពេញ ៖ ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងជាសមាជិករាជរដ្ឋាភិបាល ១រូប ខ្ញុំសូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងប្រកបដោយការលះបង់របស់កម្លាំងចម្រុះ ក្នុងសកម្មភាពពន្លត់អគ្គិភ័យឆាបឆេះរោងចក្រ អ ជី ហ្វ៊តវែរ ស្ថិតក្នុងភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីម៉ោង ៤:៣០រសៀល ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤។ នេះជាប្រសាសន៍ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤។
លោកអភិសន្តិបណ្ឌិត លើកឡើងថា ៖ បើទោះបីសកម្មភាពពន្លត់អគ្គិភ័យនេះ មិនបានទប់ស្កាត់ការឆាបឆេះអគាររោងចក្របានទាំងស្រុងក្តី ក៏ប៉ុន្តែកម្លាំងចម្រុះ ពិតជាបានខិតខំប្រឹងប្រែងអស់កម្លាំងកាយចិត្ត និងតាមជំនាញរៀងៗខ្លួន ក្នុងការទប់ស្កាត់មិនឱ្យបន្តឆាបឆេះទៅដល់ផ្ទះបងប្អូនប្រជាពលរដ្ឋដែលនៅជាប់រោងចក្រ ពិសេសគ្រោះអគ្គិភ័យនេះ មិនបណ្តាលឱ្យមានអ្នករងរបួស ឬក៏បាត់បង់អាយុជីវិតឡើយ។
ជាមួយគ្នានេះ ក្នុងសកម្មភាពពន្លត់អគ្គិភ័យដ៏សន្ធោសន្ធៅនេះ កម្លាំងចម្រុះបានប្រើរយៈពេលអស់ជាច្រើនម៉ោង និងប្រើរថយន្តពន្លត់អគ្គិភ័យ រហូតទៅដល់ ៥២គ្រឿង ដោយប្រើទឹកអស់ជិត ៥០០ឡាន រហូតដល់ម៉ោង ១:៣៥នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ទើបអាចគ្រប់គ្រងស្ថានភាពបាន ១០០%។
លោកអភិសន្តិបណ្ឌិត មានប្រសាសន៍ថា ៖ ជាមួយគ្នានេះដែរ ខ្ញុំក៏សូមសម្តែងនូវការចូលរួមរំលែកទុក្ខលំបាកប្រកបដោយក្តីសោកស្តាយជាពន់ពេកជាមួយម្ចាស់រោងចក្រ និងថ្នាក់ដឹកនាំ ព្រមទាំងបងប្អូនកម្មករ កម្មការិនីទាំងអស់ ដែលរងគ្រោះដោយឧប្បទ្ទវហេតុគ្រោះអគ្គិភ័យនេះ ដែលបណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិជាច្រើនសន្ធឹកសន្ធាប់ និងបាត់បង់ការងារជាដើម។
លោកអភិសន្តិបណ្ឌិត ថ្លែងថា ៖ ឆ្លៀតក្នុងឱកាសនេះដែរ ខ្ញុំសូមអំពាវនាវដល់ពុកម៉ែ បងប្អូនជនរួមជាតិទូទាំងប្រទេស សូមបង្កើននូវស្មារតីប្រុងប្រយត្នខ្ពស់ចំពោះគ្រោះអគ្គិភ័យគ្រប់ទីកន្លែង ទាំងនៅក្នុងផ្ទះ ផ្សារ សាលារៀន រោងចក្រ សហគ្រាសអាជីវកម្ម ទីតាំងសាធារណៈផ្សេងៗ ស្រែ ចំការ និងព្រៃឈើជាដើម ជាពិសេសក្នុងស្ថានភាពដែលប្រទេសយើង កំពុងតែស្ថិតក្នុងរដូវក្ដៅ។ ជាមួយគ្នានេះ សូមឱ្យកម្លាំងពន្លត់អគ្គិភ័យទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បន្តត្រៀមលក្ខណៈប្រតិបត្តិការផ្ដល់សេវាជួយសង្គ្រោះជូនប្រជាពលរដ្ឋ ឱ្យបានទាន់ពេលា ដើម្បីរួមគ្នាសម្រេចគោលដៅរួម គឺ«ធ្វើអ្វីៗដើម្បីផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ»៕
ដោយ ៖ សិលា