ព័ត៌មានទាន់ហេតុការណ៍៖

ឧបនាយករដ្ឋមន្ត្រី,រដ្ឋមន្ត្រីក្រសួងអប់រំ ពិនិត្យវឌ្ឍនភាពការរៀននិងបង្រៀន នៅអនុវិទ្យាល័យអនុវត្ត និងសាលា បឋមសិក្សាអនុវត្ត ក្នុងខេត្តបាត់ដំបង

ចែករំលែក៖

 ខេត្តបាត់ដំបង៖ នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំក្រុម ការងារ ចុះទស្សនកិច្ច ពិនិត្យវឌ្ឍនភាពការរៀន និងបង្រៀន នៅអនុវិទ្យាល័យអនុវត្ត និងសាលាបឋមសិក្សាអនុវត្ត ក្នុងខេត្តបាត់ដំបង។

បច្ចុប្បន្ន អនុវិទ្យាល័យអនុវត្ត និងសាលាបឋមសិក្សា បាន និងកំពុងអនុវត្តវិធានគន្លឹះជំរុញកំណែទម្រង់វិស័យអប់រំ ដែលដាក់ចេញដោយ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ក្នុងគោលពង្រឹងគុណភាពអប់រំ ដោយបានបង្កើតឱ្យមានកម្មវិធី ដូចជា៖ការអប់រំចរិយាធម៌ និង សីលធម៌ កម្មវិធីសមាធិ ក្នុង ១សប្តាហ៍ ១ម៉ោងរៀងរាល់ ថ្ងៃព្រហស្បតិ៍ការបញ្ជា្របការអប់រំកុមារ លើកកម្ពស់សុខ ភាពផ្លូវចិត្ត ,ការអប់រំសិល្បៈដែលរួមមានការរាំរបាំតាមកម្រិតថ្នាក់ ការបង្កើតគណៈកម្មការថ្នាក់រៀន និងគណៈ កម្មការសាលារៀន ដែលជាការចូលរួមពីមាតា បិតា អ្នកអាណាព្យាបាលសិស្ស និងសហគមន៍ ការលើកម្ពស់សុខភាព និងអាហារូបត្ថម្ភ វាស់កម្ពស់ ថ្លឹងគីឡូ ដើម្បី តាមដានការលូតលាស់របស់សិស្ស, និង ទិវាបរិស្ថាន ដែលបានណែនាំសិស្សពីការប្រើប្រាស់ថង់ប្លាស្ទិក។

 មានប្រសាសន៍ក្នុងឱកាសនេះ បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ  និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង លះបង់អស់កម្លាំងកាយចិត្ត បំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ របស់គណៈគ្រប់គ្រងសាលា  លោកគ្រូ អ្នកគ្រូ និងភាគីពាក់ព័ន្ធទាំងអស់ និងគាំទ្រចំពោះការប្ដេជ្ញាចិត្តប្រែក្លាយ អនុវិទ្យាល័យអនុវត្ត និងសាលាបឋមសិក្សាអនុវត្ត ទៅជាសាលារៀនគំរូនាពេលអនាគត ក៏ដូចជាចូលរួមប្រកួតប្រជែងពារង្វាន់គ្រូល្អ និង នាយកល្អ។

ដើម្បីក្លាយជាសាលារៀនគំរូបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍គន្លឹះ៤  ដល់គណៈគ្រប់គ្រង លោកគ្រូអ្នកគ្រូ និងភាគីពាក់ព័ន្ធទាំងអស់ ដូចជា ៖ 

(ទី១). ត្រូវមានការប្តេជ្ញាចិត្ត និងបន្តកែលម្អជាប្រចាំ ដោយនាយកដ្ឋាន និងវិទ្យាស្ថានគរុកោសល្យត្រូវបន្តចុះជួយគាំទ្រ 

(ទី២). សាលាបឋមសិក្សាអនុវត្ត ត្រូវបន្តពង្រឹង អំណានដំបូង គណិតដំបូង ជំរុញអំណាននៅក្នុងបណ្ណាល័យ ដោយត្រូវរៀបចំបណ្តាល័យឱ្យមានស្តង់ដាដើម្បីទាក់ទាញសិស្សឱ្យចង់ចូលអាន  

(ទី៣). អនុវត្តវិធីសាស្ត្របង្រៀនថ្មី ជំរុញលើកទឹកចិត្តឱ្យសិស្សស្រាវជ្រាវរៀនសូត្រដោយខ្លួនឯង បណ្ដុះជំនាញវិភាគត្រិះរិះស៊ីជម្រៅ និងអាចយកទ្រឹស្ដីមេរៀនមកប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ផ្សារភ្ជាប់និងភាពជាក់ស្តែង និង 

(ទី៤). ត្រូវប្រមូលផ្តុំឯកសារដែលផ្តល់ដោយក្រសួង និងគ្រប់គម្រោងទាំងអស់ទុកដាក់ឱ្យមានរបៀប រៀបចំជាបញ្ជីឯកសារ ដើម្បីងាយស្រួលក្នុងការយកមកប្រើប្រាស់ជាជំនួយដល់ការរៀន និងបង្រៀន ក៏អភិវឌ្ឍវិធីសាស្ត្របង្រៀនថ្មីៗ។ 

ជាមួយនេះដែរ ដើម្បីទទួលបានការវាយតម្លៃខ្ពស់ប្រែ ក្លាយជាសាលារៀនគំរូ គណៈគ្រប់គ្រងសាលា លោកគ្រូអ្នកគ្រូ និងភាគីពាក់ព័ន្ធទាំងអស់ត្រូវបន្តស្វែងយល់ឱ្យច្បាស់ពីសូចនាករស្តង់ដាសាលារៀនគំរូ ដើម្បីអភិវឌ្ឍខ្លួនឱ្យឆ្លើយតបនឹងស្តង់ដាសាលារៀនគំរូ និងត្រូវបន្តរក្សាស្មារតីសហការគ្នាជាថ្លុងមួយ ចូលរួមអនុវត្តកំណែ ទម្រង់វិស័យអប់រំនៅកម្ពុជា ឱ្យកាន់តែរីកចម្រើនទៅមុខទៀត៕

ដោយ៖ សូរិយា


ចែករំលែក៖