ព័ត៌មានទាន់ហេតុការណ៍៖

បេសកជនពិសេសចិនជួបមេដឹកនាំនយោបាយហាម៉ាស់ជាលើកដំបូង

ចែករំលែក៖

បេសកជនពិសេសក្រសួងការបរទេសចិន លោក Wang Kejian បានជួបជាមួយប្រធានការិយាល័យនយោបាយរបស់ក្រុមហាម៉ាស លោក Ismail Haniyeh ។យោងតាម SCMP ប្រភពចិនបាននិយាយនៅថ្ងៃទី 19 ខែមីនាថា នេះគឺជាជំនួបលើកដំបូងរវាងមន្ត្រីចិន និងតំណាងក្រុមហាម៉ាស់ ចាប់តាំងពីជម្លោះនៅតំបន់ហ្គាហ្សាផ្ទុះឡើងក្នុងឆ្នាំ 2023។
សេចក្តីថ្លែងការណ៍ខ្លីបាននិយាយថា លោក Wang Kejian បានជួបលោក Ismail Haniyeh ក្នុងប្រទេសកាតា កាលពីថ្ងៃទី 17 ខែមីនា ហើយបានផ្លាស់ប្តូរទស្សនៈស្តីពីជម្លោះនៅហ្គាហ្សា ក៏ដូចជាបញ្ហាផ្សេងៗទៀត។
កាសែត Jerusalem Post បានដកស្រង់ប្រភពពីក្រុមហាម៉ាសដែលនិយាយថា លោក Haniyeh បានសង្កត់ធ្ងន់ទៅកាន់បេសកជនចិនថា សង្គ្រាមនៅតំបន់ហ្គាហ្សាត្រូវបញ្ចប់យ៉ាងឆាប់រហ័ស។ លោកក៏បាននិយាយថា អ៊ីស្រាអែលត្រូវដកកងកម្លាំងរបស់ខ្លួនចេញពីតំបន់ហ្កាហ្សា ហើយបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យ។
ចំណែក លោក Wang Kejian បានបញ្ជាក់ថា ប្រទេសចិនចាប់អារម្មណ៍លើទំនាក់ទំនងរបស់ខ្លួនជាមួយក្រុមហាម៉ាស ដែលជាអង្គការមួយដែលគាត់បានហៅថាជាផ្នែកមួយនៃរចនាសម្ព័ន្ធជាតិរបស់ប៉ាឡេស្ទីន។
លោក Wang Kejian គឺជាអ្នកការទូតដំបូងគេដែលចិនបានបញ្ជូនទៅកាន់ប៉ាឡេស្ទីន និងអ៊ីស្រាអែល ចាប់តាំងពីសង្គ្រាមនៅតំបន់ហ្គាហ្សាផ្ទុះឡើង។ កាលពីសប្តាហ៍មុន លោកបានធ្វើទស្សនកិច្ចនៅតំបន់ West Bank និងបានជួបជាមួយរដ្ឋមន្ត្រីការបរទេសប៉ាឡេស្ទីន Riyad al-Maliki។ នៅទីនេះ លោកបាននិយាយថា ប្រទេសចិនកំពុងរំលឹកឡើងវិញនូវការអំពាវនាវរបស់ខ្លួនឱ្យមានបទឈប់បាញ់ជាបន្ទាន់ និងអំពាវនាវឱ្យអនុវត្តដំណោះស្រាយ “រដ្ឋពីរ”។
លោក Wang Kejian ក៏បានជួបពិភាក្សាជាមួយលោក Hagai Shagrir ប្រធានផ្នែកអាស៊ី និងប៉ាស៊ីហ្វិកនៃក្រសួងការបរទេសអ៊ីស្រាអែល និងលោកស្រី Rachel Feinmesser ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវគោលនយោបាយនៃក្រសួងការបរទេសអ៊ីស្រាអែល៕

ដោយ៖ ធីរីណា(រូបថត៖ X)


ចែករំលែក៖