ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទសន្និបាតក្រសួងអភិវឌ្ឍន៍ជនបទ​ នារសៀលថ្ងៃទី២០​ មីនានេះ​!

ចែករំលែក៖

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃពុធ ទី២០ ខែមីនា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី បិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។

សូមជម្រាបជូនថា​ ក្រសួងក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៦។ ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបានរាជ​រដ្ឋាភិបាលកម្ពុជាប្រគល់បេសកកម្មឱ្យដឹកនាំ និងគ្រប់គ្រងវិស័យអភិវឌ្ឍន៍ជនបទ ដែលមានមុខងារ និងភារកិច្ច​សំខាន់ៗដូចជា៖ កំណត់នយោបាយនិងយុទ្ធសាស្រ្តនៃការអភិវឌ្ឍន៍ជនបទ ស្របតាម​កម្មវិធី​នយោបាយ​របស់រាជរដ្ឋាភិបាល, លើកទិសដៅផែនការយៈ​ពេលខ្លី មធ្យម និងវែង លើការងារ​អភិវឌ្ឍន៍​ជនបទដើម្បីកែលម្អស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រជារាស្រ្តជនបទទូទៅ​ដោយរួម​បញ្ចូល​ទាំងជនជាតិភាគតិចឱ្យកាន់តែល្អប្រសើរឡើង កាត់បន្ថយជាបណ្តើរៗនូវភាពក្រីក្រ និងភាព​ខុស​គ្នា​រវាងអ្នកជនបទនិងអ្នកទីក្រុង, ចូលរួមក្នុងការ​កសាង និងអភិវឌ្ឍន៍ប្រទេសជាតិក្នុងវិស័យ​អភិវឌ្ឍន៍​ជនបទ ដោយកម្រិតសកម្មភាពការងារត្រឹមថ្នាក់គ្រួសារ ភូមិ និងឃុំ។

ក្រសួងអភិវឌ្ឍន៍ជនបទ ក៏មានតួនាទីភារកិច្ចសិក្សាស្រាវជ្រាវ ប្រមូលផ្តុំ និងគ្រប់គ្រងទិន្នន័យ ព័ត៌មាន ស្ថិតិ អំពីស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ នៅតំបន់ជនបទនៃព្រះរាជាណាចក្រកម្ពុជា ដោយ​គិត​ទាំងតំបន់ភ្នំ តំបន់ខ្ពង់រាប និងតំបន់វាលរាប, អភិវឌ្ឍន៍ធនធានមនុស្សតាម​រយៈការ​បណ្តុះបណ្តាលបច្ចេក​ទេសជំនាញ និងចំណេះដឹងដល់មន្រ្តី បុគ្គលិករាជការរបស់ក្រសួង, រៀបចំបើកមជ្ឈមណ្ឌលបណ្តុះ​បណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈថ្នាក់ភូមិភាគដល់ប្រជារាស្រ្តជនបទតាមការចាំបាច់ និងតាមលទ្ធភាព​ជាក់​ស្តែង, អប់រំ ផ្សព្វផ្សាយ ដើម្បីលើកកម្ពស់ផលិតភាព និងប្រាក់ចំណូលប្រចាំគ្រួសារ​របស់​ប្រជាពល​រដ្ឋ ដោយផ្អែកលើការស្រាវជ្រាវបច្ចេកទេសជំនាញអភិវឌ្ឍន៍ជនបទ,​ ធ្វើទំនាក់ទំនង សម្របសម្រួល និង​សហប្រតិបត្តិការជាមួយបរទេស អង្គការអន្តរជាតិ អង្គការមិនមែនរដ្ឋាភិបាល ស្ថាប័នរដ្ឋ​ អាជ្ញាធរគ្រប់​ជាន់​​ថ្នាក់ និងផ្នែកឯកជនដែលមានការពាក់ព័ន្ធ ព្រមទាំងប្រជារាស្រ្តមូលដ្ឋាន ដើម្បីធ្វើការអភិវឌ្ឍន៍​ជន​បទ​ប្រកបដោយចីរភាព។

ក្រសួងក៏មានតួនាទី គ្រប់គ្រង ដឹកនាំ និងទទួលខុសត្រូវក្នុងការអនុវត្តកម្មវិធីអភិវឌ្ឍន៍ជនបទចម្រុះ​ថ្នាក់​គ្រួសារភូមិ ឃុំ ដែលរួមមានផ្លូវលំជនបទ ផ្គត់ផ្គង់ទឹកជនបទ ថែទាំសុខភាពបឋម អភិវឌ្ឍន៍សហគមន៍ និងអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ ដោយសហការជាមួយស្ថាប័នពាក់ព័ន្ធ និងជំរុញការរៀបចំ និងពង្រឹងរចនា​សម្ព័ន្ធ​អភិវឌ្ឍន៍ជនបទគ្រប់ជាន់ថ្នាក់ ជាពិសេសគណៈកម្មាធិការអភិវឌ្ឍន៍ជនបទនៅថ្នាក់មូលដ្ឋាន។

ដើម្បីសម្រេចមហិច្ឆតារបស់រាជរដ្ឋាភិបាលលើការងារអភិវឌ្ឍន៍ទីជនបទ និងលើកកម្ពស់ជីវភាពរបស់ប្រជា​ពល​រដ្ឋឱ្យបានល្អប្រសើរ ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងអភិវឌ្ឍន៍ដែលជាសេនាធិការ បានប្រឹងប្រែងយក​ចិត្ត​ទុកដាក់ខ្ពស់លើតួនាទីភារកិច្ចរបស់ខ្លួន ហើយបានសម្រេចនូវលទ្ធផលជាប្រយោជន៍សម្រាប់ជាតិ និងប្រជាជនជាបន្តបន្ទាប់ពីមួយអាណត្តិទៅមួយ និងពីមួយឆ្នាំទៅមួយឆ្នាំ។

យោងតាមរបាយការណ៍ដែលបង្ហាញក្នុងសន្និបាតបូកសរុបការងារ បានឱ្យដឹងថា ក្នុងឆ្នាំ២០២៣កន្លង​ទៅនេះ ក្រសួងអភិវឌ្ឍន៍ជនបទសម្រេចបានការងារជាច្រើនលើការងារអភិវឌ្ឍន៍ជនបទ ដែលមានដូចខាងក្រោម៖

ទី១៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍៖ គិតត្រឹមឆ្នាំ ២០២៣, បរិមាណផ្លូវជនបទបាន​កើនដល់ចំនួន ៥០,២៦២គីឡូម៉ែត្រ ស្មើនឹង ៧៤ភាគរយ នៃផ្លូវទូទាំងប្រទេស និងសំណង់សិល្បការ្យ​ជន​បទកើនដល់ចំនួន ៤៨,៨២២កន្លែង។ ដោយឡែកក្នុងឆ្នាំ២០២៣ ក្រសួងអភិវឌ្ឍន៍ជនបទ​បាន​ស្ថាប​នា​ពង្រីកវិសាលភាព និងកែលម្អលើកកម្រិតផ្លូវជនបទបានចំនួន ៩៥ខ្សែ ប្រវែងសរុប ៤៤៧គីឡូម៉ែត្រ បានថែទាំផ្លូវជនបទចំនួន ៤៨៣ខ្សែ ប្រវែងសរុប ៤,៣៧២គីឡូម៉ែត្រ និងសាងសង់សំណង់​សិល្បការ្យ​គ្រប់​ប្រភេទបានចំនួន ១,៣៧១កន្លែង និងបំពាក់ស្លាកសញ្ញាចរាចរណ៍បានចំនួន ២,៧៨៣ស្លាក។

ទី២៖ ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ៖ ក្រសួងបានយកចិត្តទុកដាក់លើ​ការ​ងារ​ផ្គត់​ផ្គង់ទឹកស្អាត និងអនាម័យជនបទ។ គិតដល់ត្រឹមឆ្នាំ២០២៣ ការងារផ្គត់ផ្គង់ទឹកស្អាត បានទទួលនូវ​បរិមាណ​អណ្តូងស្នប់មានចំនួន ៦៣៧,២៣៧អណ្តូង, ស្រះទឹកសហគមន៍មានចំនួន ១០,៥៤៦ស្រះ, អាង​ត្រងទឹកភ្លៀងមានចំនួន ៥៨,៥៥៩អាង, ស្ថានីយ៍ផលិតទឹកផឹកសហគមន៍ចំនួន ១៤០កន្លែង, ស្ថា​នីយ៍ស្រូបទឹកពីបរិយាកាសចម្រោះទឹកផឹក (Air to Water) ចំនួន ៥កន្លែង, ប្រព័ន្ធចែកចាយទឹកតាម​បណ្តាញ​បំពង់ខ្នាតតូចសហគមន៍ចំនួន ៤០៧ប្រព័ន្ធ និងពាងយក្សចំនួន ២៦៩,៣៨៤ពាង។ រីឯការងារ​អនាម័យជនបទ ក្រសួងបានសាងសង់បង្គន់គ្រួសារចំនួន ២,៥៨៣,២៥៨បង្គន់ និងបង្គន់អនាម័យ​សាធារណៈ​បានចំនួន ១០,៣២២ខ្នង ។

ដោយឡែកនៅឆ្នាំ២០២៣ កន្លងនេះ ក្រសួងបានសាងសង់អណ្តូងទឹកចំនួន ២,០១៦អណ្តូង, ស្រះ​សហ​គមន៍ចំនួន ៣១៦ស្រះ, អាងត្រងទឹកភ្លៀងចំនួន ១០៥អាង, ស្ថានីយ៍ផលិតទឹកផឹកសហគមន៍ចំនួន ២ស្ថានីយ៍, ប្រព័ន្ធចែកចាយទឹកតាមបណ្តាញបំពង់ខ្នាតតូចសហគមន៍ចំនួន ១២៧កន្លែង, បាន​សាង​សង់​បង្គន់គ្រួសារចំនួន ២៨,៦៤១បង្គន់ និងបង្គន់អនាម័យសាធារណៈចំនួន ៧៨ខ្នង និងកន្លែងលាង​សម្អាត​ដៃសាធារណៈ ចំនួន ២,៣៩៩កន្លែង ព្រមទាំងបានអប់រំប្រជាជនពីអនាម័យបានចំនួន ៣១៣​លើកមានអ្នកចូលរួម ១៥,៩៧៨នាក់ ។

សមិទ្ធផលទាំងអស់នេះ បានធ្វើឱ្យអត្រាគ្របដណ្តប់ទាំងទឹកស្អាត និងអនាម័យជនបទ បានកើនឡើង​ដល់ប្រមាណ ៨៥ភាគរយ ហើយភូមិចំនួន ៧,៣៩៧, ឃុំចំនួន ៦៥៤ ស្រុកចំនួន ៥៩ និងរាជ​ធានី/ខេត្ត ចំនួន៧ (ខេត្តស្វាយរៀង ព្រៃវែង កណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង ខេត្តកែប និងរាជធានីភ្នំពេញ) បានសម្រេចការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ។

ទី៣៖ ពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ៖ ក្រសួងបាននិងកំពុងយក​ចិត្តទុកដាក់លើការធ្វើពិពិធកម្ម​សកម្មភាពសេដ្ឋកិច្ចជនបទ ដោយ៖ ១. បានផ្តល់ឥណទានសាច់ប្រាក់សរុបចំនួន ២,៣០១,៧៩១, ១៤៥រៀល (ពីរពាន់បីរយមួយលាន ប្រាំពីររយកៅសិបមួយពាន់ មួយរយសែសិបប្រាំរៀល) ដល់ប្រជាជន​នៅតំបន់ជនបទ ចំនួន ៨១៧គ្រួសារ ក្នុងភូមិគោលដៅចំនួន ៨១ភូមិ ៤១ឃុំ ២៣ស្រុក ក្នុងខេត្ត​ចំនួន​៩ , បង្កើតសហគមន៍សន្សំប្រាក់ចំនួន ១២,៤៧៥ក្រុម ត្រូវជា ២២២,៥៤៣គ្រួសារ។ ២. បានបណ្តុះ​បណ្តាល​ជំនាញបំណិនជីវិត សហគ្រិនភាព និងជំនាញមូលដ្ឋានដើម្បីបង្កើតមុខរបរ និងបង្កើនចំណូល​គ្រួសារជូនប្រជាជននៅតំបន់ជនបទចំនួន ២,៧៨៦វគ្គ មានអ្នកចូលរួម ៥៣,៦២០នាក់។ ៣. បានអភិ​វឌ្ឍន៍ភូមិគំរូចំនួន ៣០ភូមិ និង ភូមិចម្រុះចំនួន ៩៣ភូមិ ព្រមទាំងបានបណ្តុះបណ្តាលគណៈកម្មាធិការ​អភិវឌ្ឍន៍ភូមិ (គ.អ.ភ) បានចំនួន ១៣,៧៣០ភូមិ, និង ៤.បានចុះបញ្ជីជនជាតិដើមភាគតិចបាន ចំនួន ១៧៧សហគមន៍ ស្មើប្រមាណ ៤០ភាគរយ នៃសហគមន៍សរុប៤៥៥។

ទី៤៖ ការងារពង្រឹងស្ថាប័ន៖ ក្រសួងបានយកចិត្តទុកដាក់ និងគាំទ្រដល់ការអនុវត្តកម្មវិធីកំណែទម្រង់​ស៊ី​ជម្រៅនានារបស់រាជរដ្ឋាភិបាល និងពង្រឹងសមត្ថភាពមន្រ្តីរាជការទាំងថ្នាក់ជាតិ និងក្រោមជាតិ ដើម្បីបម្រើ​ប្រជាពលរដ្ឋនៅតំបន់ជនបទឱ្យកាន់តែមានប្រសិទ្ធភាព សុចរិតភាព និងការទទួលខុសត្រូវខ្ពស់។

ក្រសួងបានបញ្ចប់ការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជនបទឆ្នាំ ២០២៤-២០២៨, សេចក្តីព្រាង​គោល​នយោបាយអភិវឌ្ឍន៍ជនបទ ២០២៥-២០៣៥, បានបង្កើតក្រុមការងារព័ត៌មានវិទ្យា និងឌីជីថល ដើម្បីចូលរួមអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា២០២២-២០៣៥ និងគាំទ្រយុទ្ធសាស្រ្ត​បញ្ចកោណរបស់រាជរដ្ឋាភិបាល ក្នុងគោលដៅបម្រើការងារអភិវឌ្ឍន៍ជនបទ ស្របតាមគោលនយោ​បាយឌីជីថល។

រីឯការចូលរួមអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ក្រសួងបានផ្ទេរមុខងារក្នុងវិស័យ​អភិវឌ្ឍន៍​ជនបទចំនួន ៣មុខងារ ទៅឱ្យរដ្ឋបាលក្រុង-ស្រុក-ខណ្ឌ គឺ៖ មុខងារផ្តល់សេវាអនាម័យ​ជនបទ​ចំនួន ១៥ស្រុក នៅក្នុងខេត្តចំនួន ៣ (កំពង់ឆ្នាំង កំពង់ស្ពឺ និងខេត្តត្បូងឃ្មុំ), មុខងារថែទាំ និងជួសជុល​សំណង់​ផ្គត់ផ្គង់ទឹកស្អាតជនបទគ្រប់ប្រភេទចំនួន ១១ស្រុក នៅក្នុងខេត្តចំនួន ៤ (កំពង់ឆ្នាំង កំពង់ស្ពឺ ត្បូងឃ្មុំ និងខេត្តកំពត), មុខងារថែទាំផ្លូវលក្ខណៈប្រចាំចំនួន ៧ស្រុក នៅក្នុងខេត្តចំនួន ៣ (កំពង់ឆ្នាំង កំពង់ស្ពឺ និងខេត្តត្បូងឃ្មុំ)។

ទន្ទឹមនេះក្រសួងក៏កំពុងសកម្មក្នុងការធ្វើវិភាគមុខងាររបស់ក្រសួង និងអង្គភាពស្ថាប័នចំណុះក្រសួង ដើម្បី​ចូលរួមអនុវត្តកំណែទម្រង់រដ្ឋបាលសាធារណៈ និងកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈផងដែរ៕

ដោយ​៖ តារា​


ចែករំលែក៖