នាថ្ងៃទី២០ ខែមីនា កូរ៉េខាងជើងបានប្រកាសពីការសាកល្បងប្រកបដោយជោគជ័យនៃម៉ាស៊ីនឥន្ធនៈរឹងនៃកាំជ្រួចមីស៊ីលលឿនជាងសំឡេងជំនាន់ថ្មី ដែលជាផ្នែកនៃកម្មវិធីដើម្បីបង្កើនសមត្ថភាពការពារជាតិ។
សេចក្តីថ្លែងការណ៍នេះត្រូវបានធ្វើឡើងតែប៉ុន្មានថ្ងៃបន្ទាប់ពីសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងបានបញ្ចប់សមយុទ្ធនិទាឃរដូវប្រចាំឆ្នាំ “Freedom Shield” ដែលភាគីកូរ៉េខាងជើងបានជំទាស់យ៉ាងខ្លាំង។
កូរ៉េខាងជើងបានបញ្ជាក់ថា ការសាកល្បងនេះត្រូវបានធ្វើឡើងនៅទីតាំងបាញ់បង្ហោះផ្កាយរណប Sohae ដែលមានទីតាំងនៅឆ្នេរសមុទ្រភាគខាងលិចនៃប្រទេសកូរ៉េខាងជើងកាលពីព្រឹកនិងរសៀលម្សិលមិញ (ថ្ងៃទី ១៩ ខែមីនា) យោងតាមផែនទីបង្ហាញផ្លូវក្នុងការអភិវឌ្ឍប្រព័ន្ធអាវុធជំនាន់ថ្មី។
លោក Ri Chun Hee បានប្រកាសថា “មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un បានដឹកនាំការសាកល្បងម៉ាស៊ីនមីសុីលដោយប្រើឥន្ធនៈរឹងនៅលើដី។ តារាងពេលវេលាសម្រាប់ការបញ្ចប់ការអភិវឌ្ឍប្រព័ន្ធអាវុធមីស៊ីលល្បឿនលឿនជាងសំឡេងមធ្យមជំនាន់ថ្មីត្រូវបានកំណត់តាមរយៈភាពជោគជ័យនៃការសាកល្បងដ៏សំខាន់នេះ”។
មេដឹកនាំគីម ជុងអ៊ុន បាននិយាយថា តម្លៃយុទ្ធសាស្ត្រយោធានៃប្រព័ន្ធសព្វាវុធនេះត្រូវបានគេវាយតម្លៃខ្ពស់បើធៀបនឹងកាំជ្រួចផ្លោងអន្តរទ្វីប (ICBM)។ កន្លងមក លោក គីម ជុងអ៊ុន ក៏បានបញ្ជាក់ជាច្រើនដងដែរថា ប្រទេសនេះត្រូវការជំនាញប្រយុទ្ធថ្មី ដើម្បីពង្រឹងសមត្ថភាពការពារជាតិ៕ ដោយ៖ ធីរីណា
រូបថត៖ KCNA