ខេត្តបន្ទាយមានជ័យ៖ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សូមជម្រាបជូនដល់សាធារណជន អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម បានជ្រាបថា ៖ នៅថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ១៩:៣០នាទី មាន ហ្វេសប៊ុកឈ្មោះ ផែង វណ្ណៈ (Pheng Vannak) បានសរសេរបង្ហោះថា “ជំរាបសួរ លោក វរសេនីយ៍ទោ សន ធឿន អធិការរងក្រុងប៉ោយប៉ែត តើលោកសុខសប្បាយជាទេ? ប្រជាពលរដ្ឋរងគ្រោះផ្តល់ព័ត៌មានមកថា លោកវរសេនីយ៍ទោ យកលុយគាត់ ១៨០០០ដុល្លា ដោយសន្យាថារត់ការយកកូនគាត់ចូលបម្រើក្របខ័ណ្ឌនគរបាលជាតិ។ ឥលូវរត់ការមិនបាន មិនអោយលុយគាត់វិញ ហើយដេញគាត់អោយទៅប្តឹងដល់ណាប្តឹងទៅ? ខ្ញុំបាទទទួលព័ត៌មាននេះ និងបានបញ្ជូនបន្តទៅលោកស្នងការខេត្តបន្ទាយមានជ័យ សំណូមពរអោយជួយពិនិត្យមើលករណីនេះ ហើយបើលោកអធិការរងក្រុងប៉ោយប៉ែតយកលុយជនរងគ្រោះមែន សូមប្រគល់ជូនគាត់វិញ”។
ឆ្លើយតបក្នុងករណីនេះ អ្នកនាំពាក្យ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សូមធ្វើការបំភ្លឺនិងជម្រាបជូនដល់សាធារណជនជ្រាបថា៖ លោក វរសេនីយ៍ទោ សន ធឿន ពិតជាមានតួនាទីជាអធិការរងនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតពិតប្រាកដមែន។ ស្នងការបានទទួលរបាយការណ៍ស្តីអំពីភាពអសកម្មការងារ ដោយមិនដឹងមូលហេតុរបស់លោកវរសេនីយ៍ទោ សន ធឿន និងបានធ្វើលិខិតអញ្ជើញលោកអោយមកបំភ្លឺចំនួន ០២លើក ប៉ុន្តែសាមីខ្លួនមិនបានមកបំភ្លឺតាមការអញ្ជើញរបស់ស្នងការនគរបាលខេត្តឡើយ។
អនុវត្តតាមបទវិន័យនគរបាលជាតិកម្ពុជា ស្នងការនគរបាលខេត្តបន្ទាយមានជ័យកន្លងមកបានធ្វើការរៀបចំប្រជុំក្រុមប្រឹក្សាវិន័យរួចហើយ ពីភាពអសកម្មក្នុងការបំពេញការងាររបស់ លោកវរសេនីយ៍ទោ សន ធឿន ។ ចំពោះខ្លឹមសារហ្វេសប៊ុករបស់ លោក ផែង វណ្ណៈ (Pheng Vannak) ដែលបានចុះផ្សាយ ស្នងការនគរបាលខេត្តនឹងស្រាវជ្រាវអោយបានគ្រប់ជ្រុងជ្រោយដើម្បីចាត់ការ តាមនីតិវិធី។
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យសូមថ្លែងអំណរគុណ ចំពោះសាធារណជន អ្នកសារព័ត៌មាន និងបណ្តាញទំនាក់ទំនងសង្គម ដែលបានចូលរួមចំណែកក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ។
អាស្រ័យហេតុនេះសូមសាធារណជន អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមទទួលជ្រាបជាព័ត៌មាន៕
ដោយ៖ វណ្ណា