ភ្នំពេញ ៖ រូបសំណាក់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា។
សូមជម្រាបថា៖ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស ព្រះអង្គបានយាងចូលទិវង្គត កាលពីវេលាម៉ោង ៥ និង៤០នាទីល្ងាច ថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងព្រះជន្ម ៩៣ព្រះវស្សា ដោយព្រះជរាពាធ។
សូមជម្រាបជូនថា ៖ នៅព្រឹកថ្ងៃទី ២៩ ខែកុម្ភៈ ឆ្នាំ ២០២៤កន្លងទៅ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធព្រះសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ដែលបានយាងចូលទិវង្គត វេលាម៉ោង១៧:៤០នាទីល្ងាច កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងព្រះជន្មាយុ៩៣ព្រះវស្សា ដោយព្រះជរាពាធ។
ក្នុងនាមរាជរដ្ឋាភិបាល និងសម្តេចធិបតីក៏ដូចជាប្រជាពលរដ្ឋ ព្រះសង្ឃ និងពុទ្ធសាសនិកទាំងអស់ ពិតជាមានសេចក្តីក្រៀមក្រំក្ដុលក្តួល ជាអនេកចំពោះការយាងចូលទិវង្គតរបស់សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គបានបូជាព្រះកាយក្នុងមួយព្រះជន្មរបស់ព្រះអង្គឧទ្ទិសដើម្បីព្រះពុទ្ធសាសនាបានគង់វង្ស និងចម្រើនរុងរឿងពុទ្ធបរិស័ទចូលរួមគោរពប្រតិបត្តិតាមគន្លងឱវាទ ហើយព្រះអង្គបានបន្សល់ទុកនូវស្នាព្រហស្ថជាច្រើន ទាំងពុទ្ធចក្រ និងអាណាចក្រ។
សូមឧទ្ទិសថ្វាយព្រះរាជកុសលដល់ដួងវិញ្ញាណក្ខន្ធរបស់សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស បានយាងទៅកាន់ឋានព្រះបរមសុខជានិច្ចនិរន្តរ៍កុំបីឃ្លៀង ឃ្លាតឡើយ ៕
ដោយ ៖ សិលា