ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងមហាផ្ទៃ៖​ សេចក្តីជូនដំណឹងស្តីពីការរឹតបន្តឹងការគ្រប់គ្រងសិប្បកម្ម អាជីវកម្មផលិតកាំជ្រួច ឬអាជីវកម្មដែលប្រើប្រាស់រំសេវផ្ទុះ នៅតាមបណ្តាលរាជធានី ខេត្ត!

ចែករំលែក៖

ភ្នំពេញ​៖​ លោកអភិសន្ដិបណ្ឌិត​ ស​សុខា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ បានចេញសេចក្តីជូនដំណឹងស្តីពីការរឹតបន្តឹងការគ្រប់គ្រងសិប្បកម្ម អាជីវកម្មផលិតកាំជ្រួច ឬអាជីវកម្មដែលប្រើប្រាស់រំសេវផ្ទុះ នៅតាមបណ្តាលរាជធានី ខេត្ត។ 

តបតាមកម្មវត្ថុខាងលើ លោកអភិសន្ដិបណ្ឌិត​ ស​សុខា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ សូមជម្រាបជូន លោក លោកស្រី​ អភិបាល ជ្រាបថា ដើម្បីធានា បាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្រសួងមហាផ្ទៃ ស្នើ លោក លោកស្រី​ អភិបាល ចាត់វិធានការរឹតបន្តឹង សិប្បកម្ម អាជីវកម្មផលិតកាំជ្រួច ឬអាជីវកម្មដែលប្រើប្រាស់រំសេវជាតិផ្ទុះ នៅតាមបណ្តារាជធានី ខេត្ត ដូចខាងក្រោម៖

១. ត្រូវពិនិត្យរៀបចំធ្វើបច្ចុប្បន្នភាព សិប្បកម្ម អាជីវកម្មផលិតកាំជ្រួច ឬអាជីវកម្មប្រើប្រាស់ រំសេវជាតិផ្ទុះ ដែលមិនមានអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតត្រឹមត្រូវ ដោយតម្រូវឱ្យបិទសកម្មភាពសិប្បកម្ម អាជីវកម្មនោះជាបន្ទាន់។

២. ចំពោះ សិប្បកម្ម អាជីវកម្ម ដែលមានអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតត្រឹមត្រូវ ត្រូវណែនាំពង្រឹង បន្ថែមលើការគ្រប់គ្រងស្របតាមបទដ្ឋានបច្ចេកទេស សំដៅបង្ការ និងទប់ស្កាត់ហានិភ័យនានាដែលអាច បង្កឡើងជាយថាហេតុប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោក​ លោកស្រី​ អភិបាល នៃគណៈអភិបាល រាជធានី ខេត្ត ជ្រាប និងចាត់ចែងអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់៕

ដោយ​៖ តារា​


ចែករំលែក៖