ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចធិបតី ហ៊ុន ម៉ាណែត ឯកភាពបង្កើតមូលនិធិកីឡាជនពិការតេជោសែន ដើម្បីជួយទ្រទ្រង់សកម្មភាពកីឡារបស់បងប្អូនជនមានពិការភាព

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងពិធីសម្ពោធសមិទ្ធផល មជ្ឈមណ្ឌលជាតិ នៃជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានឯកភាពបង្កើតមូលនិធិកីឡាជនពិការតេជោសែន  ដើម្បីជួយទ្រទ្រង់សកម្មភាពកីឡារបស់បងប្អូនជនមានពិការភាព ដោយក្នុងនោះសម្តេចធិបតី បានប្រកាសផ្ដល់ថវិកា២០០លានរៀល ក្នុងរយៈពេល៤ឆ្នាំ ដើម្បីចូលរួមគាំទ្រមូលនិធិជនមានពិការភាពផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នឹងបន្តអនុវត្តនូវគោលនយោបាយគាំទ្រដល់បងប្អូនជនមានពិការភាព ធ្វើយ៉ាងណាផ្តល់នូវអត្ថប្រយោជន៍តាមលទ្ធភាពដែលអាចធ្វើបានដើម្បីជួយដល់បងប្អូនជនមានពិការភាព។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវដល់គ្រប់តួអង្គពាក់ព័ន្ធទាំងអស់ សប្បុរសជននានា រួមទាំងដៃគូអភិវឌ្ឍ ចូលរួមជួយដល់ជនមានពិការភាពនៅកម្ពុជាផងដែរ។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់ជនពិការបន្តប្រកាន់ស្មារតី «ពិការកាយ មិនពិការចិត្ត» ដើម្បីលើកកម្ពស់សមត្ថភាពរបស់ខ្លួន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ៖ ការលើកកម្ពស់សិទ្ធិរស់រានមានជីវិតរបស់ជនមានពិការភាព គឺជាការចាំបាច់ ដើម្បីធ្វើឱ្យជនមានពិការភាពទាំងអស់ ទទួលបានសិទ្ធិដូចប្រជាជនដែលគ្មានពិការភាពផងដែរ រួមមាន៖ សិទ្ធិទទួលបានការអប់រំ, ការថែទាំសុខភាព, សេវាយុត្តិធម៌ និងការចូលរួមនៅក្នុងសកម្មភាព – សង្គម សាសនា, កីឡា, សិល្បៈ, នយោបាយ ដោយពេញលេញ និងស្មើភាព។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសបញ្ជាក់ថា រាជរដ្ឋាភិបាល «មិនទុកជនមានពិការភាពណាម្នាក់ឱ្យនៅឯកោដោយគ្មានការ ជួយជ្រោមជ្រែងនោះឡើយ»។ 

សម្តេចអំពាវនាវដល់សហគមន៍ជាតិ និងអន្តរជាតិ សូមបន្តរួមគ្នាអនុវត្ត គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពស្តីពីជនមានពិការភាព, អនុសញ្ញាស្តីពីសិទ្ធិជនមានពិការភាពរបស់អង្គការសហប្រជាជាតិ និង យុទ្ធសាស្ត្រទីក្រុងអ៊ីនឈុន ដើម្បីផ្ដល់សិទ្ធិពិតប្រាកដដល់ ជនមានពិការភាព ក៏ដូចជាបង្កើតសហគមន៍មួយដែលមានបរិយាប័ន្ន និង ភាពសុខដុមសម្រាប់ ជនមានពិការភាព ស្របតាមគោលការណ៍ «គ្មានជនណាម្នាក់ត្រូវបានបោះបង់ចោល»៕

ដោយ ៖ សិលា


ចែករំលែក៖