ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ធ្ងរបាក់ឆ្អឹងដងកាំបិតនិងបាក់ដៃស្ដាំត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ខណៈជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ឆ្លងផ្លូវ ស្រាប់តែមានម៉ូតូម៉ាកYamaha Exciter ១គ្រឿងទៀតបើកបរក្នុងល្បឿនលឿនទៅដល់បុកពេញទំហឹង បណ្ដាលឱ្យដួលបោកផ្ទប់នឹងថ្នល់ទាំងអស់គ្នា ប៉ុន្តែក្រោយពេលកើតហេតុ ភាគីអ្នកជិះម៉ូតូ Exciter រងរបួសស្រាលជាង និងបានក្រោកឡើងលើកម៉ូតូជិះគេចខ្លួនបាត់ស្រមោល។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៨និង៤០នាទីព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៤ ត្រង់ចំណុចមុខសាលាសង្កាត់ចោមចៅទី៣ ស្ថិតក្នុងភូមិថ្នល់បំបែក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហឹតុគេបានឃើញបុរសម្នាក់ជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1HV-0853 ធ្វើដំណើរតាមផ្លូវជាតិលេខ៤ក្នុងទិសដៅពីកើតទៅលិច ហើយពេលទៅដល់ត្រង់ចំណុចកើតហេតុបានបត់ឆ្វេងឆ្លងផ្លូវស្រាប់តែមានម៉ូតូម៉ាកYamaha Exciter ១គ្រឿង បើកបរដោយយុវជនម្នាក់ធ្វើដំណើរតាមផ្លូវជាតិលេខ៤ដូចគ្នា ក្នុងល្បឿនលឿនពីកើតទៅលិចទៅដល់បានបុកគ្នាពេញទំហឹង បណ្ដាលឱ្យដួលទាំងអស់គ្នាតែម្ដង។
ប្រភពដដែលបានឱ្យដឹងទៀតថា ខណៈនោះបុរសដែលជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥បានរងររបួសបាក់ដៃនិងបាក់ឆ្អឹងដងកាំបិតខាងស្ដាំធ្ងន់ធ្ងរ ក្រោកអត់រួចដេកនៅលើផ្លូវ ត្រូវបានក្រុមគ្រួសារដឹកយកទៅសង្រ្គោះបន្ទាន់។ ចំណែកភាគីអ្នកជិះម៉ូតូម៉ាកYamaha Exciter រងរបួសស្រាល ហើយស្រវាក្រោកលើកម៉ូតូជិះគេចខ្លួនបាត់ស្រមោល៕
ដោយ៖សុខាសែនជ័យ