ខេត្តបាត់ដំបង៖ លោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ បានឱ្យដឹងនៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នេះថា៖ មុខសញ្ញាលួចម៉ូតូប្រជាពលរដ្ឋម្នាក់ត្រូវបានកម្លាំងនគរបាលជំនាញស្រុកធ្វើការឃាត់ខ្លួន ក្រោយធ្វើសកម្មភាពលួចម៉ូតូមិនបានសម្រេច ហើយព្យាយាមរត់គេចខ្លួនអស់រយៈពេលមួយម៉ោង។
លោកអធិការស្រុកបានឱ្យដឹងទៀតថា មានករណីលួច (ម៉ូតូ) ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ ពោធិ៍សាត់ 1J-4799 នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោងប្រហែលម៉ោង១៦និង៤០នាទី នៅចំណុចក្រុមទី០២ ភូមិព្រៃស្វាយ ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង ដោយជនសង្ស័យបានអូសចេញមកក្រៅផ្ទះ រួចបញ្ចេះម៉ូតូ ប៉ុន្តែក៏ត្រូវម្ចាស់ម៉ូតូតាមទាន់ ហើយជនសង្ស័យចុះពីលើម៉ូតូរត់គេចខ្លួនបាត់ដែលប្រព្រឹត្តដោយជនសង្ស័យម្នាក់ ឈ្មោះ លាក់ គា ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិព្រៃស្វាយ ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង។
ជនរងគ្រោះឈ្មោះ កែវ កឿន ភេទប្រុស អាយុ៧៥ឆ្នាំ មានទីលំនៅក្រុមទី០២ ភូមិព្រៃស្វាយ ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង។
ក្រោយពីទទួលបណ្តឹងជនរងគ្រោះ និងអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ កម្លាំងផ្នែកជំនាញនគរបាលយុត្តិធម៌រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរាំងកេសី នៃអធិការដ្ឋាននគរបាលស្រុកសង្កែ ដឹកនាំដោយលោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែបានចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវរហូតដល់វេលាម៉ោង១៧ៈ៥០នាទី ថ្ងៃដដែល ទើបកំណត់អត្តសញ្ញាណឈានដល់ការនាំខ្លួនជនសង្ស័យម្នាក់ ឈ្មោះ លាក់ គា ភេទប្រុស អាយុ៣០ឆ្នាំ នៅចំណុចផ្ទះរបស់ជនសង្ស័យ និងបានដកហូតឧបករណ៍ប្រើប្រាស់ថ្នាំញៀន និងម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិចចំនួន ០១កញ្ចាប់ ។
ករណីនេះ ជនសង័្សយខាងលើត្រូវបានកម្លាំងនគរបាលស្រុកសង្កែកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕
ដោយ៖ អរុណរះ