ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលបានផ្តល់តួនាទីដល់ថ្នាក់ដឹកនាំសហគមន៍ខ្មែរឥស្លាម និងសេរីភាពនៃការគោរពសាសនាឥស្លាម

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ រាជរដ្ឋាភិបាលបានផ្តល់តួនាទីដល់ថ្នាក់ដឹកនាំសហគមន៍ខ្មែរឥស្លាមជាច្រើនរូបនៅក្នុងស្ថាប័នកំពូលរបស់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីបង្កលក្ខណៈងាយស្រួលដល់សហគមន៍ខ្មែរឥស្លាម។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ៖ ជាមួយគ្នានេះដែរ សេរីភាពនៃការគោរពសាសនាឥស្លាមត្រូវបានរាជរដ្ឋាភិបាលបើកទូលាយដល់បងប្អូនខ្មែរឥស្លាម ដូចជាសិស្សនិស្សិតឥស្លាមអាចស្លៀកសំលៀកបំពាក់ប្រពៃណីឥស្លាមនៅតាមគ្រឹះស្ថានសិក្សាគ្រប់កម្រិត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីពិធី «ពិសារអាហារស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជាលើកទី៨ ឆ្នាំ២០២៤» នៅ រាជធានីភ្នំពេញ នារសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤។ 

លោក អ្នកឧកញ៉ាដាតុបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និង ជាតំណាងសហគមន៍អ៊ិស្លាមកម្ពុជាថ្លែងថា ៖  សហគមន៍អន្តរជាតិបានមើលឃើញថា ចាប់តាំងពីសម្ដេចមហា បវរធិបតី ហ៊ុន ម៉ាណែត ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីមក កម្ពុជាមានការរីកចម្រើនកាន់តែលឿន។ រដ្ឋាភិបាលអាណត្តិទី៧ ជារដ្ឋាភិបាលដែលប្រើពេលតិច តែធ្វើបានច្រើន។ សហគមន៍អន្តរជាតិ ក៏បានមើលឃើញផងដែរថា សម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីវ័យក្មេង តែបទពិសោធន៍ការ ងារដឹកនាំចាស់ទុំ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបន្តថា ៖  កម្ពុជាមានមោទកភាពចំពោះប្រជាពលរដ្ឋខ្លួន ដែលគោរពជឿលើសាសនាផ្សេងៗពីគ្នា តែមានសាមគ្គីល្អជាមួយគ្នា និងរស់នៅដោយសុខដុមជាមួយ គ្នា។ សុខដុមរមនានៃគ្រប់សាសនានៅកម្ពុជា ក៏ជាគំរូល្អ និងទទួលបានការកោតសរសើរពីសហគមន៍ អន្តរជាតិផងដែរ៕

ដោយ ៖ សិលា


ចែករំលែក៖