ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងចម្រុះសហការចុះពិនិត្យការប្រមូលទិញលៀស ឈានដល់បិទទីតាំងស្ងោរកែច្នៃ២កន្លែង

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ នៅថ្ងៃព្រហស្បតិ៍ ១២កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ កើតត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ កម្លាំងចម្រុះរួមមាន មន្ត្រីស្ថាប័នជំនាញ កងកម្លាំងប្រដាប់អាវុធពាក់ព័ន្ធជាច្រើននាក់ មានទាំងថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិ បានសហការគ្នាជួបប្រជុំជាមួយ ក្រុមធ្វើអាជីវករប្រមូលទិញលៀស ក្នុងនោះក៏ឈានដល់បិទទីតាំងស្ងោរកែច្នៃលៀស២កន្លែងជាបណ្ដោះអាសន្នផងដែរ ។

 មន្ត្រីរដ្ឋបាលជលផលបានឲ្យដឹងថា ទីតាំងស្ងោរកែច្នៃយកសាច់លៀសចំនួន០២កន្លែង នៅចំណុចគុជនប់ ស្ថិតនៅភូមិក្រឡាញ់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ត្រូវបានបិទជាបណ្ដោះអាសន្ន ដើម្បីតម្រូវឲ្យពួកគាត់ទៅធ្វើច្បាប់ពីមន្ទីរក្រសួងជំនាញ ។ ទីតាំងស្ងោរកែច្នៃលៀសត្រូវបានបិទជាបណ្ដោះអាសន្នខាងលើ ម្ចាស់អាជីវកម្មទី-១ ឈ្មោះ ហ៊ិន សៀម ភេទប្រុស និងទី-២ ឈ្មោះ ប៉ិច សៀកលីន ភេទប្រុស ។ ដោយឡែកៈ ទីតាំងផ្សេងៗទៀតពុំធ្វើសកម្មភាពនោះទេ ខណៈបានធ្វើកិច្ចសន្យាមិនឲ្យប្រមូលទិញ និងស្ងោរកែច្នៃយកសាច់លៀស ។

 មន្ត្រីរដ្ឋបាលជលផលឲ្យដឹងបន្ថែមទៀតថា កន្លងទៅ នៅដើមឆ្នាំ២០២៤ កម្លាំងបានសហការ ចុះប្រជុំ និងធ្វើកិច្ចសន្យា ជាមួយក្រុមអាវជីករ ក្នុងការប្រមូលទិញលៀស ដោយតម្រូវឲ្យអនុវត្តតាមការសម្របសម្រួល តាមការណែនាំពីមន្ត្រីជំនាញរដ្ឋបាលជលផល ជាពិសេស ហាមឃាត់ដាច់ខាត ការប្រមូលទិញលៀសពីបឹងទន្លេសាប ដែលធ្វើនេសាទដោយប្រើប្រាស់ឧបករណ៍ ខុសច្បាប់ស្ដីពីជលផល ហើយដឹកជញ្ជូនទៅក្រៅប្រទេស ៕

ដោយ៖ ប៉ឹម ពិន


ចែករំលែក៖