អ៊ុយក្រែននឹងប្រកួតជាមួយអ៊ីស្លង់នៅទីក្រុង Wroclaw ខណៈដែលហ្សកហ្ស៊ីនឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុមក្រិក ហើយប៉ូឡូញនឹងទៅជួបវែលក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Play-off Euro 2024 នៅថ្ងៃអង្គារ។
Albert Gudmundsson បានស៊ុតបញ្ចូលទីបាន៣គ្រាប់ ខណៈដែលអ៊ីស្លង់បានវាយបកយកឈ្នះអុីស្រាអែលវិញក្នុងលទ្ធផល ៤–១ ក្នុងទីក្រុង Budapest ប្រទេសហុងគ្រី។ រីឯអ៊ុយក្រែនបានស៊ុតបញ្ចូលទី២គ្រាប់ចុងក្រោយដើម្បីបំបាក់បូស្នៀ ២–១ ក្នុងទីក្រុង Zenica។
ហ្សកហ្ស៊ី ដែលមិនធ្លាប់បានចូលរួមក្នុងការប្រកួតនោះ បានយកឈ្នះលុចសំបួ ២-០ ខណៈក្រិកបានទទួលជ័យជម្នះ ៥-០ យ៉ាងស្រួលលើកាហ្សាក់ស្ថានក្នុងទីក្រុង Athens។ វែលបានយកឈ្នះហ្វាំងឡង់ ៤–១ ក្នុងទីក្រុង Cardiff ខណៈដែលប៉ូឡូញបានយកឈ្នះអេស្តូនី ៥–១។
ការប្រកួតជម្រុះ Play-off Euro 2024 ពាក់ព័ន្ធនឹងក្រុមអ្នកឈ្នះនៃក្រុមកំពូលទាំង៣នៅក្នុង Uefa Nations League ចុងក្រោយ ឬក្រុមដែលមានចំណាត់ថ្នាក់ខ្ពស់បំផុតដែលមិនមានលក្ខណៈគ្រប់គ្រាន់សម្រាប់ការប្រកួតដោយផ្ទាល់។ ការប្រកួតក្នុងផ្ទះរបស់អុីស្រាអែលទល់នឹងអ៊ីស្លង់ត្រូវលេងនៅទីក្រុង Budapest ដោយសារតែសង្គ្រាមនៅហ្គាហ្សា។
ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Play-off នឹងធ្វើឡើងនៅទីក្រុង Wroclaw របស់ប៉ូឡូញ ដោយអ៊ុយក្រែនមិនអាចធ្វើជាម្ចាស់ផ្ទះបាន ដោយសារតែការឈ្លានពានបន្តដោយរុស្ស៊ី។
ជ័យជម្នះរបស់ហ្សកហ្ស៊ីបានបញ្ចប់ក្តីសុបិនរបស់លុចសំបួ ដែលបានព្យាយាមជម្រុះសម្រាប់ការប្រកួតដ៏សំខាន់មួយចាប់តាំងពីឆ្នាំ១៩៣៤ ដោយសារការស៊ុតបញ្ចូលទីពីរគ្រាប់របស់ Budu Zivzivadze ។ ចំណែកក្រុមជម្រើសជាតិក្រិកបានឈ្នះការប្រកួតក្នុងលទ្ធផល ៥–០ លើប្រទេសកាហ្សាក់ស្ថាន ដោយសារអ្នកស៊ុតបញ្ចូលទីបានចំនួន៤គ្រាប់ផ្សេងគ្នាក្នុង៤០នាទីដំបូង និងការស៊ុតបញ្ចូលទីចុងម៉ោង១គ្រាប់។
ក្រុមដែលឈ្នះនឹងប្រកួតវគ្គផ្តាច់ព្រ័ត្រ Play-off Euro 2024 នៅថ្ងៃអង្គារចំណែកក្រុមចាញ់នៃការប្រកួតទាំងនេះនឹងប្រកួតគ្នាក្នុងការប្រកួតមិត្តភាពនៅថ្ងៃអង្គារដែរ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)