ភ្នំពេញ ៖ នៅក្នុងពិធីពិសាអាហារស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជាលើកទី៨ ឆ្នាំ២០២៤ ដែលប្រារព្ធឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញនៅល្ងាចថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ ល្ងាចម្សិលមុិញ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកទឹកចិត្តដល់សហគមន៍ឥស្លាមកម្ពុជាឱ្យបន្តយកចិត្តទុកដាក់បណ្តុះបណ្តាលនូវមុខជំនាញ វិជ្ជាជីវៈ និងបចេ្ចកវិជ្ជាផ្សេងៗ ដើម្បីបងប្អូនខ្មែរឥស្លាម ទទួលបាននូវការងារសមស្រប ធ្វើឱ្យជីវភាពគ្រួសារ និងសង្គមជាតិ កាន់តែប្រសើរឡើងថែមទៀត។
នៅក្នុងឱកាសនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានរំឭកនូវអត្ថន័យនៃការប្រារព្ធពិធីពិសាអាហារស្រាយបួសនេះ ជាការផ្តួចផ្តើមគំនិតដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានក្រុមឧត្តម ប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលបានរៀបចំ តាំងពីឆ្នាំ ២០១៤ កន្លងមក។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា ៖ ពិធីនេះរៀបចំឡើង ដើម្បីបង្ហាញឱ្យឃើញនូវសាមគ្គីភាព ការយោគយល់គ្នា និងការរស់នៅជាមួយគ្នាប្រកបដោយក្តីមេត្តា ករុណា រវាងសហគមន៍ឥស្លាមនៅកម្ពុជា ក្រោមម្លប់សន្តិភាព ហើយក៏ជាការផ្តល់ឱកាស សម្រាប់អង្គពិធីបានជួបប្រាស្រ័យទាក់ទងគ្នា កាន់តែជិតស្និទ្ធ ផ្លាស់ប្តូរគំនិតយោបល់ ចែករំលែកបទពិសោធន៍ល្អៗ និងពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីរួមចំណែកដល់ការលើកស្ទួយសុខដុមនីយកម្មវិស័យឥស្លាមសាសនានៅកម្ពុជា សំដៅរក្សានូវសុខសន្តិភាព ស្ថិរភាព និងសុវត្ថិភាព ទាំងផ្លូវកាយ ផ្លូវចិត្ត និងស្មារតី ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។
សម្តេចធិបតី នាយករដ្ឋមន្រ្ដីមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានបើកទូលាយចំពោះសិទ្ធសេរីភាពនៃការគោរពសាសនាឥស្លាម ត្រូវបានរាជរដ្ឋាភិបាលបើកទូលាយ ដល់បងប្អូនឥស្លាម ដូចជា សិស្ស-និស្សិតឥស្លាម អាចស្លៀកសម្លៀកបំពាក់ ប្រពៃណីឥស្លាម នៅតាមគ្រឹះស្ថានសិក្សាគ្រប់កម្រិត បងប្អូនជាស្ត្រីអាចទទូរក្បាល និងបុរសអាចពាក់កាតឹបថតរូប សម្រាប់ ប្រើប្រាស់លើឯកសាររដ្ឋបាល ដូចជា លិខិតឆ្លងដែន អត្តសញ្ញាណបណ្ណជាដើម។ សម្ដេចបន្ថែមថា ៖ ក្រៅពីនេះកន្លែងថ្វាយបង្គំមាននៅព្រលានយន្តហោះ នៅតាមមន្ទីរពេទ្យរដ្ឋ, នៅតាមរោងចក្រ សណ្ឋាគារ ផ្សារធំៗមួយចំនួន, ជាពិសេស នៅវិមានសន្តិភាព នៃទីស្តីការគណៈរដ្ឋមន្ត្រី ក៏បានរៀបចំបន្ទប់ថ្វាយបង្គំផងដែរ។
ក្នុងឱកាសនោះសម្ដេចធិបតីបានបញ្ជាក់បន្ថែមថា ទោះបីជាមានការយកចិត្តទុកដាក់ពីរាជរដ្ឋភិបាលយ៉ាងណាក៏ដោយ ប៉ុន្ដែដើម្បីឱ្យបងប្អូងខ្មែរអ៊ិស្លាមអាចរស់នៅមានជីវភាពល្អនៅក្នុងសង្គម សម្ដេចបានអំពាវនាវឱ្យបងប្អូនខ្មែរអ៊ិស្លាមបន្តយកចិត្តទុកដាក់បណ្តុះបណ្តាលនូវមុខជំនាញ វិជ្ជាជីវៈ និងបច្ចេកវិជ្ជាផ្សេងៗ ដើម្បីទទួលបានការងារសមស្រប ធ្វើឱ្យជីវភាពគ្រួសារ និងសង្គមជាតិកាន់តែប្រសើរ ៕
ដោយ ៖ សិលា