ព័ត៌មានទាន់ហេតុការណ៍៖

លោកបណ្ឌិត ជិន ម៉ាលីន៖​ ចាត់ទុកថា អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ គឺជាដៃគូដ៏ល្អមួយរបស់ អ.ដ.ក. ក្នុងការជួយពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពនៃយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ​៖​ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) ដោយសហការជាមួយអង្គការអុកស្វាមប្រចំានៅកម្ពុជា នៅថ្ងៃទី​២២​ ខែមីនា​ ឆ្នាំ​២០២៤នេះ​ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងសេចក្តីសម្រេចស្តីពី ក្រមសីលធម៌ និងក្រមប្រតិបត្តិសម្រាប់មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជាមួយអង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ជាតិ-អន្តរជាតិ។ 

សិក្ខាសាលានេះត្រូវបានធ្វើឡើង ក្រោមអធិបតីភាពលោកបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃ អ.ដ.ក. តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក. និងដោយមានការចូលរួមពីសំណាក់ លោក ប៉ូច សោភ័ណ សមាជិកនៃ អ.ដ.ក., លោក មាស សុកែវ សមាជិកនៃ អ.ដ.ក. និងលោក យ៉ម ផារ៉ូត អគ្គលេខាធិការនៃ អ.ដ.ក.  ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក., តំណាងអង្គការអុកស្វាមប្រចាំកម្ពុជា, តំណាងអង្គការ JICA ប្រចាំកម្ពុជា, តំណាងសហភាពអឺរ៉ុបប្រចាំកម្ពុជា (EU), តំណាងមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម, តំណាងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា (UN-OHCHR) ព្រមទាំងតំណាងអង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ សរុបប្រមាណជា ៥០ រូប ។

សិក្ខាសាលានេះត្រូវបានរៀបចំទ្បើងក្នុងគោលបំណងសំខាន់ចំនួន ២ គឺទី១- ទទួលមតិយោបល់ពីតំណាងអង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ ដែលបាននិង កំពុងធ្វើការងារពាក់ព័ន្ធនឹងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ លើសេចក្តីព្រាងសេចក្តីសម្រេចស្តីពីក្រមសីលធម៌ និងក្រមប្រតិបតិ្តរបស់មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទ  សំដៅធ្វើឱ្យវិធានដ៏មានសារៈសំខាន់នេះកាន់តែមានភាពគ្រប់ជ្រុងជ្រោយ និងអាចយកទៅអនុវត្តបានប្រកបដោយប្រសិទ្ធភាព និងទី២-បង្កើតឱកាសក្នុងការជួបសន្ទនាបើកទូលាយជាមួយតំណាងអង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ ដើម្បីស្វែងយល់កាន់តែច្បាស់ និងអាចចូលរួមចំណែកកាន់តែសកម្មជាមួយ​ អ.ដ.ក.ក្នុងបេសកកម្មចុះជួយដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។

ថ្លែងនៅក្នុងឱកាសនេះ លោកបណ្ឌិត ជិន ម៉ាលីន អនុប្រធានប្រចាំការនៃ អ.ដ.ក. បានគូសបញ្ជាក់ថា នេះជាលើកទី៣ ហើយ ដែលអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានរៀបចំនូវវេទិកាពិគ្រោះយោបល់ជាមួយគ្រប់តួអង្គពាក់ព័ន្ធ ពិសេសជាមួយតំណាងអង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ បើគិតចាប់តាំងពីមុនការបង្កើតនូវអាជ្ញាធរជាតិនេះទ្បើង ហើយ​ លោក​បណ្ឌិត​ បានចាត់ទុកថា អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ គឺជាដៃគូដ៏ល្អមួយរបស់  អ.ដ.ក. ក្នុងការជួយពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពនៃយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា។

នៅក្នុងកម្មវិធីនេះ បន្ទាប់ពីការធ្វើបទបង្ហាញដោយឯកឧត្តម ប៉ូច សោភ័ណ សមាជិកនៃ អ.ដ.ក. លើសេចក្តីព្រាងសេចក្តីសម្រេច ស្តីពីក្រមសីលធម៌ និងក្រមប្រតិបត្តិសម្រាប់មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. លោកបណ្ឌិត ជិន ម៉ាលីន ក៏បានដឹកនាំនូវកិច្ចពិភាក្សា ដោយមានការចូលរួមជាមតិយោបល់ និងសំណួរយ៉ាងផុសផុលពីសំណាក់អង្គសិក្ខាសាលាទាំងមូល។ ជាលទ្ធផល អង្គសិក្ខាសាលាបានសម្តែងនូវការគំាទ្រលើការរៀបចំសេចក្តីព្រាងសេចក្តីសម្រេចនេះទ្បើង ហើយចាត់ទុកថា វិធាននេះមានភាពចាំបាច់ដើម្បីធានាឱ្យកិច្ចដំណើរការសម្រុះសម្រួលផ្សះផ្សាវិវាទដែលធ្វើទ្បើងដោយមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទ នឹងអាចប្រព្រឹត្ត​ទៅប្រកបដោយប្រសិទ្ធភាព តម្លាភាព និងមានជំនឿទុកចិត្តពីភាគី៕

ដោយ​៖ តារា​


ចែករំលែក៖