ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញេីសារលិខិតថ្លែងអំណរគុណ សូមគោរពជូន សម្តេច ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ សមាជិក សមាជិកានៃរដ្ឋសភា ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា​ សូមគោរពថ្លែងអំណរគុណ និងដឹងគុណដ៏ជ្រាលជ្រៅជាទីបំផុត​ ជូនចំពោះ សម្តេច ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា ជាថ្នាក់ដឹកនាំ សមាជិក សមាជិកា រដ្ឋសភា និងថ្នាក់ដឹកនាំ មន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានទាំងអស់ ដែលបានចំណាយ ពេលវេលាដ៏មានតម្លៃក្នុងការចូលរួម ក៏ដូចជាបានជួយជ្រោមជ្រែងក្នុងការរៀបចំពិធីបុណ្យសព ឯកឧត្តម ឃួន ផល្លារិទ្ធ ត្រូវជាប្អូនបង្កើតរបស់ខ្ញុំ ដែលបានប្រារព្ធធ្វើឡើងទៅតាមគន្លងប្រពៃណីសាសនា និងទំនៀមទម្លាប់របស់ជាតិយើង ប្រកបដោយភាពអធិកអធមយ៉ាងក្រៃលែង​ ចាប់តាំងពីថ្ងៃចាប់ផ្តើម រហូតពិធីបុណ្យបាន បញ្ចប់សព្វគ្រប់។

វត្តមាន​ និងការចូលរួមជួយជ្រោមជ្រែងរបស់ សម្តេច ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ លោក លោក ស្រី នាងកញ្ញាទាំងអស់ ប្រកបដោយមនោសញ្ចេតនាស្រលាញ់រាប់អានដ៏ជ្រាលជ្រៅ ព្រមជាមួយនឹងការយកចិត្តទុកដាក់ និងទំនួលខុសត្រូវខ្ពស់ចំពោះក្រុមគ្រួសាររបស់ខ្ញុំ បានផ្តល់នូវកិត្តិយស និងមានតម្លៃយ៉ាងធំធេង ដែលយើងខ្ញុំទាំងអស់គ្នាមិនអាចបំភ្លេចបានឡើយ។ ការរួមវិភាគទានដ៏មានតម្លៃទាំងកម្លាំងកាយ កម្លាំងចិត្តពីសំណាក់ សម្តេច ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា ទាំងអស់ បានផ្តល់នូវភាពកក់ក្តៅ ជាទីបំផុតដល់ក្រុមគ្រួសារយើងខ្ញុំ ក្នុងវេលាប្រកបដោយភាពសោកសង្រេងចំពោះការបាត់បង់នូវប្អូនប្រុស ឪពុក ឪពុកក្មេក និងជាជីតា ជាទីគោរពស្រឡាញ់បំផុត នៅក្នុងគ្រួសារ។

ជាទីបញ្ចប់ ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាថែរក្សាទឹកដី ព្រះរាជាណាចក្រកម្ពុជា សូមតាមជួយថែរក្សាការពារ និងប្រោះព្រំនូវសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុល សុខ បវរមហាប្រសើរ ជូនចំពោះ សម្តេច ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា ព្រម ទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ ៖ សិលា


ចែករំលែក៖