ព័ត៌មានទាន់ហេតុការណ៍៖

តោះ​! មកស្វែងយល់ពីការប្រើប្រាស់គន្លងស្វ័យប្រវត្តិ ETC ដើម្បីចេញចូលផ្លូវល្បឿនលឿន បានលឿនរហ័ស ចៀសវាងការកកស្ទះ

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ នៅព្រឹក​ថ្ងៃ​សៅរ៍​ទី​២៣​ ខែមីនា​ ឆ្នាំ​២០២៤នេះ​ បានបង្ហាញពី​ការប្រើប្រាស់គន្លងស្វ័យប្រវត្តិ ETC  ដើម្បីចេញចូលផ្លូវល្បឿនលឿន បានលឿនរហ័ស ចៀសវាងការកកស្ទះ។ 

ក្រសួង​សាធារណការ​ បានឱ្យដឹងទៀតថា​ កំណើនចរាចរណ៍ និងការមិនទាន់បានយល់ច្បាស់ពី របៀបប្រើប្រាស់គន្លងចូលចេញ ជាកត្តានាំឱ្យមានការកកស្ទះ នៅតាមបញ្ជរផ្លូវល្បឿនលឿន។ ក្រសួងសាធារណការ និងដឹកជញ្ជូន សូមណែនាំបងប្អូនប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់ផ្លូវល្បឿនលឿន ឬគ្រោងនឹងធ្វើដំណើរលើផ្លូវល្បឿនលឿន មេត្តាយកចិត្តទុកដាក់ខ្ពស់ លើការប្រើប្រាស់គន្លងធម្មតា ឬគន្លងស្វ័យប្រវត្តិ  ETC  សម្រាប់ចេញចូលផ្លូវល្បឿនលឿន ដូចខាងក្រោម៖

– គន្លងធម្មតា ⬇️ តម្រូវឱ្យយកកាតនៅច្រកចូល និងបង់សាច់ប្រាក់នៅច្រកចេញ។ ក្នុងករណីមានចរាចរណ៍មមាញឹក លោកអ្នកអាចប្រឈមនឹងការរង់ចាំយូរនៅពេលទូទាត់ និងអាប់សាច់ប្រាក់នៅច្រកចេញ។

– គន្លងស្វ័យប្រវត្តិ ETC ជាគន្លងអាទិភាព នៅខាងឆ្វេងបង្អស់ អនុញ្ញាតឱ្យបងប្អូនចេញចូលបានលឿនរហ័ស ដោយមិនបាច់រង់ចាំយូរ។ ដើម្បីប្រើប្រាស់គន្លង ETC នេះម្ចាស់យានយន្តត្រូវបំពាក់ឧបករណ៍ ETC នៅអគាររដ្ឋបាល គ្រប់ច្រកចូលផ្លូវល្បឿនលឿន ឬ នៅមណ្ឌលផ្តល់សេវាសាធារណៈ ទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន និងមណ្ឌលផ្តល់សេវាសាធារណៈនៅផ្សារទំនើប AEON Mall មានជ័យ។ សូមចូលទៅកាន់គេហទំព័រ https://ew.mpwt.gov.kh ដើម្បីដឹងពីវិធីបញ្ចូលសមតុល្យ និងពិនិត្យសមតុល្យទឹកប្រាក់ដែលបានបញ្ចូល។

សូមបញ្ជាក់ថា៖ យានយន្តដែលមិនមានបំពាក់ឧបករណ៍ ETC គឺពិតមិនអាចឆ្លងរបារស្វ័យប្រវត្តិ នៃគន្លង ETC បានឡើយ។ ក្រសួងជឿជាក់ថា ការដែលបងប្អូនបានស្វែងយល់បន្ថែមពីគន្លងចូលចេញ រួមនឹងការគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ការគោរពលក្ខខណ្ឌនៃការប្រើប្រាស់ផ្លូវល្បឿនលឿន និងការចេះយោគយល់អធ្យាស្រ័យគ្នា គឺពិតជាអាចចូលរួមទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងបង្ការការកកស្ទះបាន៕

ដោយ​៖ តារា​


ចែករំលែក៖