ព័ត៌មានទាន់ហេតុការណ៍៖

បន្ថែមលើសង្ក្រាន្តខ្នាតធំនៅទីរួមខេត្ត លោកអភិសន្តិបណ្ឌិត ស សុខា ស្នើក្រុមការងាររៀបចំសង្ក្រាន្តនិងព្រឹត្តិការណ៍កំសាន្តបន្ថែមទៀតតាមបណ្ដាស្រុកក្នុងខេត្តព្រៃវែង!

ចែករំលែក៖

ខេត្ត​ព្រៃវែង​៖​ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានលើកទឹកចិត្តក្រុមការងារចុះមូលដ្ឋាន រដ្ឋបាលស្រុក និងសហភាពសហព័ន្ធយុវជនកម្ពុជា ប្រចាំស្រុកនីមួយៗ សហការរៀបចំសង្ក្រាន្ត និងកម្មវីធីកំសាន្តផ្សេងៗទៀតឱ្យបានអធិកអធម។ ការថ្លែងបែបនេះ​របស់​លោកឧបនាយករដ្ឋមន្ត្រី​ នាឱកាស​អញ្ជើញ​ជាអធិបតីភាព​ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី នៅសាលាបឋមសិក្សាត្នោត ស្ថិតក្នុងភូមិត្នោត ឃុំត្នោត ស្រុកកញ្ច្រៀច ខេត្តព្រៃវែង  កាលពីរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ម្សិលមិញនេះ​ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចក្រឡាហោម ស ខេង និងលោកស្រី។ 

បើតាមលោកអភិសន្តិបណ្ឌិត ស សុខា ការៀបចំកម្មវិធីសង្ក្រាន្ត និងព្រឹត្តិការណ៍កំសាន្តសប្បាយតាមបណ្ដាស្រុកនានា គឺដើម្បីផ្ដល់បរិយាកាសសប្បាយរីករាយជូនប្រជាពលរដ្ឋ រួមទាំងយុវជន និងយុវត្តី ជាពិសេសសម្រាប់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដាភូមិ ឃុំ និងស្រុកមានភូមិសាស្រ្តឆ្ងាយពីទីរួមខេត្តព្រៃវែង ដែលអាចនឹងជួបការលំបាកក្នុងការធ្វើដំណើរទៅកំសាន្តនៅទីរួមខេត្ត និងម្យ៉ាងទៀតក៏ដើម្បីរួមចំណែកកាត់បន្ថយការធ្វើចរាចរណ៍តាមដងផ្លូវ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលអាចមានការប្រឈមនឹងគ្រោះថ្នាក់ចរាចរណ៍។

ថ្លែងអំពីការរៀបចំសង្ក្រាន្តឆ្នាំថ្មីនេះដែរ លោកអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បានរម្លឹកជូនអង្គពិធីអំពីប្រវត្តិដែលកាលពីនៅកាន់តួនាទីជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង លោកឧបនាយករដ្ឋមន្ត្រី​ ក៏ធ្លាប់បានដឹកនាំក្រុមការងារ សហការជាមួយរដ្ឋបាលស្រុក និងភាគីពាក់ព័ន្ធ រៀបចំកម្មវិធីសង្ក្រាន្តឆ្នាំថ្មីជាលើកដំបូង នៅក្នុងស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ដោយកាលណោះ មានការចូលរួមកំសាន្តសប្បាយយ៉ាងច្រើនកុះករពីសំណាក់បងប្អូនប្រជាពលរដ្ឋ ក្មេង ចាស់ ប្រុសស្រី ទាំងអ្នកក្នុងមូលដ្ឋានស្រុក និងអ្នកអញ្ជើញមកពីបណ្ដាស្រុកជុំវិញ។

 ព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែង នឹងត្រូវរៀបចំឡើងចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ដោយមានពិធីសាសនា និងកម្មវិធីកំសាន្តសប្បាយយ៉ាងច្រើនសម្បូរបែប។ កាលពីព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤​ លោកស្រី​ ញ៉ែម សាខន សខេង លោកអភិសន្តិបណ្ឌិត ស សុខា និងលោកស្រី កែ សួនសុភី សសុខា បានចូលរួមជាអធិបតីក្នុងពិធីក្រុងពាលីដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍ សង្ក្រាន្តព្រៃវែង ២០២៤ នៅសួនច្បារសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ក្រុងព្រៃវែង៕

ដោយ​៖ តារា​


ចែករំលែក៖