ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជា​ទទួល​បាន​កូន​ផ្សោត​ថ្មី​២​ក្បាល​ក្នុង​ថ្ងៃ​តែ​មួយ តែ​១ក្បាល​​ក្នុង​ចំណោម​នោះងាប់​ទៅ​វិញ​

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ សូម​ជម្រាប​ជូន​សាធារណជន​ជ្រាប​ថា ក្រុម​ការងារ​ស្រាវ​ជ្រាវ​នៃ​រដ្ឋបាលជលផល និង​អង្គការ WWF បាន​ប្រទះ​ឃើញ​កូនផ្សោតទើបនឹងកើតថ្មីមួយក្បាល នាវេលាម៉ោង១៣:៤៥នាទី នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ នៅអន្លង់កាំងកូនសត្វ ភូមិកោះព្រះ ឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ កូនផ្សោតនេះស្ថិតនៅក្នុងហ្វូងសត្វផ្សោតចំនួន៦ក្បាលផ្សេងទៀត។ 

ក្នុង​ថ្ងៃ​តែ​មួយ​នេះ នៅ​ខេត្ត​ក្រចេះ ក្រុម​ការងារ​បាន​ទទួល​ដំណឹង​ដ៏​សោកសៅ ដោយបានប្រទះ​ឃើញ​​សព​កូនផ្សោតមួយក្បាល ដែល​បានស្លាប់នៅចំណុចព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ក្រោមអន្លង់កាំពីប្រមាណ១០គីឡូម៉ែត្រ នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤។ កូនផ្សោតដែល​ងាប់នេះ មានប្រវែង១,០៦ម៉ែត្រ និងទម្ងន់១១គីឡូក្រាម ដែល​ទំនង​ជា​ទើប​នឹង​កើត​បាន​អំឡុង​ពេល​ពី​១​ទៅ​២​ថ្ងៃ​ប៉ុណ្ណោះ​។ 

តាម​ការ​សន្និដ្ឋាន​បឋម ការ​ងាប់​របស់​កូន​ផ្សោត​នៅ​អន្លង់​កាំពី ខេត្ត​ក្រចេះ​នេះ អាចបណ្តាលមកការបំពានរបស់ពពួកផ្សោតធំៗ ប៉ុន្តែក្រុមការងារស្រាវជ្រាវនឹងធ្វើការវិភាគជាបន្ត ដើម្បីរកមូលហេតុឱ្យបានច្បាស់លាស់។ 

សូម​បញ្ជាក់​ថា គិត​ត្រឹម​ថ្ងៃ​ទី​២៣ ខែ​មីនា ឆ្នាំ​២០២៤​នេះ កម្ពុជា​បាន​ទទួល​កូន​ផ្សោតកើត​​ថ្មី​ចំនួន​៥​ក្បាល និង​មាន​ផ្សោត​ងាប់​ចំនួន​២​ក្បាល​។

រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមថែរក្សានិងការពារធនធានជលផលដ៏មានតម្លៃ និងស្នើជៀសវាងប្រើឧបករណ៍ឆក់និងឧបករណ៍មងក្រឡាធំនៅតាមអន្លង់ផ្សោតរស់នៅ។

ទន្ទឹមគ្នា​នេះ ប្រសិនបើបងប្អូនប្រជានេសាទបានប្រទះឃើញវត្តមានសត្វផ្សោត សូមផ្តល់ព័ត៌មានមកសមត្ថកិច្ចជលផល ដែលមានលេខទូរស័ព្ទ ០១២៨៩៧៩៤៣, ០១១៣៥៥៨៨៣, ០៩៩៧៩១៩១៩, ០៩២៩១៨១៤៤ និង ០១៧៨១៨៣៨២៕

ដោយ ៖ សិលា


ចែករំលែក៖