ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់កើនឡើងជិត១០០នាក់ក្នុងការវាយប្រហារភេរវកម្មនៅរុស្ស៊ី

ចែករំលែក៖

អ្នកស្លាប់ដោយការវាយប្រហារភេរវកម្មក្នុងប្រទេសរុស្ស៊ី បានកើនឡើងដល់៩៣នាក់ហើយ ដោយសារតែមានអ្នករងរបួសធ្ងន់ច្រើន។
សារព័ត៌មាន AFP នាថ្ងៃសៅរ៍ ទី២៣ ខែមីនា ឆ្នាំ២០២៤ បានដកស្រង់ប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ីដែលបានផ្សាយថា មនុស្សសរុបចំនួន១១នាក់ ក្នុងនោះរួមមានខ្មាន់កាំភ្លើងទាំង៤នាក់ផងដែរត្រូវបានចាប់ខ្លួន ពាក់ព័ន្ធទៅនឹងករណីវាយប្រហារភេរវកម្មដ៏អាក្រក់បំផុត នៅជាយរដ្ឋធានីមូស្គូនៃប្រទេសរុស្ស៉ី កាលពីយប់ថ្ងៃសុក្រសប្តាហ៍នេះ។
ដោយផ្អែកលើសេចក្តីថ្លែងការណ៍របស់វិមានក្រឹមឡាំង បណ្តាប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៉ី បានរាយការណ៍ថា ប្រធានទីភ្នាក់ងារសន្តិសុខរុស្ស៉ី FBS បានជូនដំណឹងទៅកាន់ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន អំពីការឃាត់ខ្លួនបានមនុស្សសរុប១១នាក់ ក្នុងនោះរួមមានទាំងពួកភេរវករទាំង៤នាក់ដែលបានធ្វើសកម្មភាពបាញ់ប្រហារផ្ទាល់ផងដែរ។ ទន្ទឹមនេះ គណៈកម្មាធិការស៉ើបអង្កេតរុស្ស៉ី ដែលទទួលបន្ទុកស៉ើបអង្កេតលើករណីឧក្រិដ្ឋកម្មធំៗ បានឱ្យដឹងថា ចំនួនអ្នកស្លាប់ក្នុងហេតុការណ៍ភេរវកម្មនោះ បានកើនដល់៩៣នាក់ ហើយបានព្រមានថា តួលេខអាចនឹងបន្តកើនថែមទៀត។
កាលពីយប់ថ្ងៃសុក្រសប្តាហ៍នេះ ជនប្រដាប់ដោយអាវុធមួយក្រុម ដែលពួកភេរវករ ISIS អះអាងថា ជាសមាជិករបស់ខ្លួន បានធ្វើសកម្មភាពបាញ់ប្រហារលើជនស៉ីវិលនៅឯអគារមជ្ឈមណ្ឌលប្រគំតន្រ្តី Crocus City Hall មានចម្ងាយប្រហែល២០គីឡូម៉ែត្រពីវិមានក្រឹមឡាំង។ ក្រៅពីបណ្តាលឱ្យមនុស្សស្លាប់រាប់សិបនាក់ និងរងរបួសលើសពី១០០នាក់ផ្សេងទៀត ពួកភេរវករក៏បានបង្កឱ្យមានអគ្គិភ័យយ៉ាងសន្ធោសន្ធៅនៅទីនោះផងដែរ៕ ដោយ៖ ធីរីណា

រូបថត៖ AP


ចែករំលែក៖