ប្រធានាធិបតីចិនលោក Xi Jinping នៅថ្ងៃនេះ (២៣ មីនា) បានផ្ញើសាររំលែកទុក្ខដល់ប្រធានាធិបតីរុស្ស៊ីលោក ពូទីន ដោយបញ្ជាក់ពីការគាំទ្រយ៉ាងខ្លាំងរបស់លោកចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលរុស្ស៊ីក្នុងការរក្សាសន្តិសុខ និងស្ថិរភាពជាតិ។
នៅក្នុងតេឡេក្រាម ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានសម្តែងនូវ “ការភ្ញាក់ផ្អើល” ចំពោះការវាយប្រហារដ៏ធ្ងន់ធ្ងរនេះ ដែលបណ្តាលឲ្យមានអ្នកស្លាប់និងរបួសជាច្រើននាក់។ ក្នុងនាមរដ្ឋាភិបាល និងប្រជាជនចិន លោកបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំដល់ជនរងគ្រោះ ក៏ដូចជាការចូលរួមរំលែកទុក្ខដល់ជនរងគ្រោះនិងក្រុមគ្រួសារនៃជនរងគ្រោះដោយសារការវាយប្រហារ។
លោកបានបញ្ជាក់ថា ប្រទេសចិនប្រឆាំងភេរវកម្មគ្រប់ទម្រង់ ថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារភេរវកម្ម និងគាំទ្រយ៉ាងមុតមាំចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលរុស្ស៊ីក្នុងការរក្សាសន្តិសុខ និងស្ថិរភាពជាតិ។
នៅថ្ងៃដដែលនោះ អ្នកនិយមលេងអុីនធឺណេតជាច្រើននៅក្នុងប្រទេសនេះបានចូលទៅកាន់ទំព័រ Weibo ផ្លូវការរបស់ស្ថានទូតរុស្ស៊ីប្រចាំទីក្រុងប៉េកាំង ដើម្បីទស្សនា លើកទឹកចិត្ត និងចូលរួមរំលែកទុក្ខចំពោះការវាយប្រហារដ៏បង្ហូរឈាមដែលទើបតែបានកើតឡើងនៅក្នុងប្រទេសនេះ។ ភ្លាមៗនោះ ស្ថានទូតរុស្ស៊ីបានថ្លែងអំណរគុណប្រជាជនចិនសម្រាប់ការគាំទ្រនិងចែករំលែក។
កាលពីយប់មិញ (២២ មីនា) ការវាយប្រហារភេរវកម្មបានកើតឡើងនៅមជ្ឈមណ្ឌលលក់ទំនិញ Crocus ក្បែរទីក្រុងមូស្គូ ដោយបានសម្លាប់មនុស្សជាង ១១៥នាក់ និងរបួសជាង១៤៥នាក់ ។ នេះជាឧបទ្ទវហេតុភេរវកម្មដ៏សាហាវបំផុតនៅរុស្ស៊ីក្នុងរយៈពេលជាងពីរទសវត្សរ៍៕
ដោយ៖ ធីរីណា(រូបថត៖ Reuters)