ព័ត៌មានទាន់ហេតុការណ៍៖

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ៖ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា ! ចាំតាមដានទាំងអស់គ្នា

ចែករំលែក៖

ភ្នំពេញ ៖ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានសរសេរនៅលើទំព័រហ្វេសប៊ុកផ្លូវការ នៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ ម្សិលមុិញនេះ ថា ៖ ប្រសិនបើសមត្ថកិច្ចមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc ដែលរកស៊ីបោកប្រាស់ប្រជាពលរដ្ឋទេ នោះពលរដ្ឋកម្ពុជានឹងលែងជឿលើប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។

សូមបញ្ជាក់ជូនថា ៖ លោក គួច ម៉េងលី បញ្ចេញមតិបែបនេះ គឺបន្ទាប់ពី ប្រជាជនកម្ពុជាស្លូតត្រង់ជាច្រើនកំពុងរងទុក្ខវេទនា ខូចចិត្ត និងទទួលរងនូវផលអវិជ្ជមានដោយសារតែគម្រោងកេងបន្លំស្រដៀងគ្នានឹង Ponzi ដែលកំពុងតែកើតឡើងនៅគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា។ ចំណែកឯឧក្រិដ្ឋជនមេខ្លោងរបស់ក្រុមហ៊ុន CIC Plc នៅតែមានសេរីភាពនៅឡើយ ហើយពួកគេកំពុងរស់នៅក្នុងជីវិតដ៏ឡូយឆាយ និងពោរពេញដោយសេរីភាព។

“ប្រសិនបើគ្មានចំណាត់ការណាមួយ ហើយឧក្រិដ្ឋជននូវតែបន្តរស់នៅដោយសេរីបែបនេះ នោះទំនុកចិត្តនឹងត្រូវបាត់បង់ទាំងក្នុងឆាកជាតិ ឆាកអន្តរជាតិ ហើយការវិនិយោគផ្ទាល់ពីបរទេសចូលមកក្នុងប្រទេសរបស់យើងនឹងរិតតែរងផលប៉ះពាល់កាន់តែខ្លាំង”។ នេះជាសំណេររបស់លោក គួច ម៉េងលី លើទំព័រហ្វេសប៊ុក។

តាមអ្នកឧកញ៉ា ប្រសិនបើរឿងរ៉ាវរកស៊ីវិនិយោគបោកប្រាស់ពលរដ្ឋនេះ នៅតែបន្តកើតមាន ហើយឧក្រិដ្ឋជនមិនត្រូវបាននាំមកកាត់ទោសតាមផ្លូវច្បាប់ទេ នោះវានឹងបង្កឱ្យកាន់តែមានភាពច្របូកច្របល់នៅក្នុងសង្គមកម្ពុជា។ លើសពីភាពច្របូកច្របល់ បញ្ហារកស៊ីបោកប្រាស់នេះនឹងនាំឱ្យឈានទៅរកការបំផ្លិចបំផ្លាញនូវសក្ដានុពលផ្នែកមីក្រូ និងប្រព័ន្ធម៉ាក្រូសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាទាំងមូល។

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានសរសេរយ៉ាងដូច្នេះថា ៖ «ជូនចំពោះអ្នកពាក់ព័ន្ធទាំងអស់ (អ្នករងផលប៉ះពាល់ដោយសារក្រុមហ៊ុន CIC Plc)» 

មូលនិធិត្រូវតែប្រមូលសងមកវិញ។  ករណីនេះត្រូវតែមានការស៊ើបអង្កេត! ប្រាក់រាប់សិបលានដុល្លារត្រូវបានបាត់បង់ ហើយគ្រួសារ និងជីវិតមនុស្សជាច្រើននាក់បានរងនូវផលប៉ះពាល់ និងការឈឺចាប់ដោយសារតែការក្លែងបន្លំទាំងនេះ។

ករណីនេះមិនគួរមើលរំលងជាដាច់ខាត ហើយយើងត្រូវតែធ្វើអ្វីមួយ។ សំណុំរឿងព្រហ្មទណ្ឌ គួរតែត្រូវចាប់ផ្ដើម ស៊ើបអង្កេត និងដោយបើកចំហរ។ ប្រាក់ពិបាករកខ្លាំងណាស់ ហើយជនល្មើសត្រូវតែទទួលខុសត្រូវយកមក កាត់ទោសតាមផ្លូវច្បាប់  និងទទួលទោសព្រហ្មទណ្ឌ!

លោកបន្តថា៖ យើងគ្រប់គ្នាត្រូវបន្តតស៊ូឱ្យអស់ពីលទ្ធភាព ដើម្បីតម្លាភាពនិងយុត្តិធម៌។ លទ្ធផលត្រូវតែមាន ដំណោះស្រាយត្រូវតែមាន!  ព្រោះថាឧក្រិដ្ឋជននៅតែមានសេរីភាពនៅឡើយ ហើយពួកគេកំពុងរស់នៅក្នុងជីវិតដ៏ឡូយឆាយ និងពោរពេញដោយសេរីភាព។ ប្រជាជនស្លូតត្រង់ជាច្រើនកំពុងរងទុក្ខវេទនា ខូចចិត្ត និងទទួលរងនូវផលអវិជ្ជមានដោយសារតែគម្រោងកេងបន្លំស្រដៀងគ្នានឹង Ponzi ដែលកំពុងតែកើតឡើងនៅគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា។

លោកថា ៖ ប្រទេសកម្ពុជាមិនត្រូវបណ្តោយឱ្យមានរឿងបែបនេះកើតឡើងឡើយ ហើយ ប្រជាជនកម្ពុជាយើងក៏មិនត្រូវបាត់បង់ជំនឿជាដាច់ខាត។  ប្រទេសកម្ពុជាមិនអាចបន្តរស់នៅក្រោមការបំពុលបរិយាកាសសង្គម និងភាពមិនប្រក្រតីនានានៃបរិស្ថានសង្គមបែបនេះទៀតឡើយ។ ប្រសិនបើនៅតែបន្តបែបនេះ នោះប្រជាជនយើងនឹងបន្តរងនូវភាពអយុត្តិធម៌ ហើយក៏គ្មានសន្តិភាពក្នុងចិត្តផងដែរ។

ប្រសិនបើរឿងនេះនៅតែបន្តកើតមាន ហើយឧក្រិដ្ឋជនមិនត្រូវបាននាំមកកាត់ទោសតាមផ្លូវច្បាប់ទេ នោះវានឹងបង្កឱ្យកាន់តែមានភាពច្របូកច្របល់នៅក្នុងសង្គមរបស់យើង ដែលនាំឱ្យឈានទៅរកការបំផ្លិចបំផ្លាញនូវសក្ដានុពលផ្នែកមីក្រូ និងប្រព័ន្ធម៉ាក្រូសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាទាំងមូល។

ប្រសិនបើយើងទុកឱ្យជនបោកប្រាសមានឱកាសបន្តបំផ្លាញប្រជាជន និង សេដ្ឋកិច្ច នោះប្រទេសកម្ពុជានឹងការខូចខាតយ៉ាងធំនាពេលខាងមុន។ ប្រជាជនក៏នឹងបាត់បង់ជំនឿលើប្រព័ន្ធយុត្តិធម៌ និងទំនុកចិត្តលើសមត្ថភាពដឹកនាំរបស់រដ្ឋាភិបាលក្នុងការដោះស្រាយជាមួយនិងភាពអយុត្តិធម៌ដែលបង្កដោយសេរីពីសំណាក់ជនបោកប្រាស់មួយក្រុមតូចនៅក្នុងសង្គមរបស់យើង។

ប្រសិនបើគ្មានចំណាត់ការណាមួយ ហើយឧក្រិដ្ឋជននូវតែបន្តរស់នៅដោយសេរីបែបនេះ នោះទំនុកចិត្តនឹងត្រូវបាត់បង់ទាំងក្នុងឆាកជាតិ ឆាកអន្តរជាតិ ហើយការវិនិយោគផ្ទាល់ពីបរទេសចូលមកក្នុងប្រទេសរបស់យើងនឹងរិតតែរងផលប៉ះពាល់កាន់តែខ្លាំង។ តោះ! ចូលរួមទាំងអស់គ្នា! សូមចាត់វិធានការនិងបើកការស៊ើបអង្កេតលើរឿងទាំងអស់នេះ។  មិនថា អ្នកមានខ្សែ ឬ អ្នកខ្លាំងប៉ុណ្ណានោះទេ សូមចូលរួមរកយុត្តិធម៌ជូនប្រជាជន រាប់សែននាក់ មុនពេលដែលបទល្មើសនេះរីករាលដាលកក្រើកពេញផ្ទៃប្រទេសរបស់យើង។

ចុងបញ្ចប់លោកថា ៖ ដោយសេចក្ដីស្រឡាញ់ និងការរាប់អាន

 អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី

ថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២៤ ។

ក្នុងនោះអ្នកឧកញ៉ា គួច ម៉េងលី បានប្រាប់ទៅកាន់អ្នកសារព័ត៌មានថា ៖ លោកខាតបង់ទឹកប្រាក់ប្រមាណជិត៣០មុឺនដុល្លារ។ លោកបន្តថា ៖  «តាមខ្ញុំដឹងមានពីរក្រុម! ក្រុមមួយអ្នកវិនិយោគ! ក្រុមមួយទៀត ក្រុមឱ្យកម្ចីលុយ។ អ៊ីចឹង ទាំងពីរក្រុមហ្នឹង ជិត ៥០០ នាក់ដែរ តាមខ្ញុំដឹង។ ក្រុមកម្ចីលុយខ្ញុំមិនដឹងពិតប្រាកដប៉ុន្មានទេ ប៉ុន្តែក្រុមវិនិយោគប្រហែលជិត ៥០០ នាក់ ព្រោះប្រជុំម្ដងៗ ប្រកាសចំនួន គឺយើងដឹងប្រហែលជិត ៥០០ នាក់។ ក្រុមមួយហ្នឹង ប្រហែលជាជិត ៧០ លានដុល្លារ ហើយក្រុមកម្ចីលុយ គឺយើងលឺថា ប្រហែលជា ៩០ លានដុល្លារទៀត ខ្ញុំអត់ច្បាស់។ អាហ្នឹង ទាល់តែផ្ទៀងទិន្នន័យរបស់គាត់ អ៊ីចឹង បើយើងគិតជាលុយ គឺច្រើន! ច្រើនមែនទែន»។

អ្នកឧកញ៉ា អះអាងថា ឧក្រិដ្ឋជននៅតែមានសេរីភាពនៅឡើយ ហើយពួកគេកំពុងរស់នៅក្នុងជីវិតដ៏ឡូយឆាយ និងពោរពេញដោយសេរីភាព។

អ្នកឧកញ៉ាថា ករណីនេះ មិនគួរមើលរំលងដាច់ខាត ហើយត្រូវតែធ្វើអ្វីមួយ ព្រោះសំណុំរឿងនេះ ជារឿងព្រហ្មទណ្ឌ ដែលគួរតែត្រូវចាប់ផ្ដើមស៊ើបអង្កេត និងដោយបើកចំហរ ហើយជនល្មើសត្រូវតែទទួលខុសត្រូវយកមកកាត់ទោសតាមផ្លូវច្បាប់ និងទទួលទោសព្រហ្មទណ្ឌ។

សូមរម្លឹកថា ៖ អ្វីដែលអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានលើកឡើងថា , ប្រសិនបើសមត្ថកិច្ចមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc ដែលរកស៊ីបោកប្រាស់ប្រជាពលរដ្ឋទេ នោះពលរដ្ឋកម្ពុជានឹងលែងជឿលើប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ។ នេះជាចំណុចចាប់ផ្តើមលេចចេញ អំពើរកសុីបោកប្រាស់ ដែលគេហៅថា ៖ «ការប្រណាំងប្រជែងពាណិជ្ជដោយគ្មានភាពស្មោះត្រង់» ដូច្នេះកម្ពុជា ជាប្រទេសគ្រប់គ្រងដោយច្បាប់ ពិតជាមានវិធានក្នុងរឿងនេះ ដោយយុត្តិធម៌បំផុត ជូនគូភាគី ។

ដោយឡែកអង្គភាព មជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» នឹងរងចាំការបកស្រាយណាមួយ ពីខាងក្រុមហ៊ុន CIC Plc ចំពោះការលើកឡើងពីអ្នកឧកញ៉ា គួច ម៉េងលី ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖