រដ្ឋាភិបាលរុស្ស៊ីកំពុងពន្លឿនគម្រោងបំពង់បង្ហូរឧស្ម័នថ្មីមួយដើម្បីបំពេញការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការផ្គត់ផ្គង់ឧស្ម័នរាប់សិបពាន់លានម៉ែត្រគូបជារៀងរាល់ឆ្នាំដល់ប្រទេសចិន។
សាជីវកម្មប្រេងនិងឧស្ម័នរុស្ស៊ី Gazprom បានចាប់ផ្តើមសាងសង់បំពង់បង្ហូរឧស្ម័នតម្លៃរាប់ពាន់លានដុល្លារដើម្បីពង្រីកការផ្គត់ផ្គង់ឧស្ម័នបំពេញតាមការសន្យានាំចេញទៅកាន់ប្រទេសចិន។
ប្រទេសចិនរួមជាមួយនឹងអតីតសាធារណរដ្ឋសូវៀតនៅអាស៊ីកណ្តាល និងបណ្តាប្រទេសអាស៊ីផ្សេងទៀត គឺជាបេះដូងនៃកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងមូស្គូក្នុងការពង្រីកការនាំចេញឧស្ម័នទៅកាន់ទីផ្សារផ្សេងទៀត បន្ទាប់ពីសហភាពអឺរ៉ុប (EU) រឹតបន្តឹងការនាំចូលឥន្ធនៈរបស់រុស្ស៊ីដោយសារយុទ្ធនាការយោធានៅអ៊ុយក្រែនក្នុងឆ្នាំ 2022។
ប្រធានក្រុមហ៊ុន Gazprom Group បាននិយាយថា បំពង់បង្ហូរប្រេងថ្មីនេះនឹងតភ្ជាប់បណ្តាញដែលមានស្រាប់ចំនួនពីរគឺ បំពង់ Power of Siberia 1 នៅភាគខាងកើតស៊ីបេរី និងបំពង់ Sakhalin – Khabarovsk – Vladivostok នៅចុងបូព៌ារបស់រុស្ស៊ី។
បំពង់បង្ហូរប្រេងថ្មីប្រវែង 828 គីឡូម៉ែត្រនឹងរត់ពី Khabarovsk ទៅកាន់ទីក្រុង Belogorsk ក្នុងតំបន់ Amur ជាកន្លែងដែលវានឹងតភ្ជាប់ទៅបំពង់ Power of Siberia 1។
ក្រុមហ៊ុន Gazprom មិនបានបង្ហាញពីភាពជាក់លាក់អំពីគម្រោងបំពង់បង្ហូរឧស្ម័ន Khabarovsk – Belogorsk ជាពិសេសការវិនិយោគដែលបានប៉ាន់ប្រមាណនោះទេ ដោយសារតែរដ្ឋាភិបាលបានអនុញ្ញាតឱ្យក្រុមរក្សាព័ត៌មានសម្ងាត់ដែលខ្លួនចាត់ទុកថាជារឿងរសើប បន្ទាប់ពីរុស្ស៊ី និង Gazprom ត្រូវបានគេចោទប្រកាន់ដាក់ទណ្ឌកម្មទាក់ទងនឹងអរិភាពក្នុងប្រទេសអ៊ុយក្រែន៕ ដោយ៖ ធីរីណា
រូបថត៖ Getty